តិចនិច ៧ចំណុច ក្នុងការជ្រើសរើសគ្រឿងសង្ហារឹមសម្រាប់ភោជនីយដ្ឋាន

ការបើកភោជនីយដ្ឋានថ្មី ទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើចំណុចជាច្រើនរួមមាន ការជ្រើសរើសទីតាំង ការរចនារូបរាងនៃអគារ ការរចនាផ្នែកខាងក្នុង និងការជ្រើសរើសគ្រឿងសង្ហារឹម។ ការជ្រើសរើសគ្រឿងសង្ហាររឹម ជារឿងមួយសំខាន់បំផុត ដែលមានឥទ្ធិពលទៅលើ សម្រស់នៃភោជនីយដ្ឋាន និងការបំពេញការងាររបស់បុគ្គលិក។ ថ្ងៃនេះ KHB Media សូមបង្ហាញនូវតិចនិចចំនួន៧ ដើម្បីសម្រួលដល់ការជ្រើសរើសគ្រឿងសង្ហារឹមសម្រាប់ភោជនីយដ្ឋានមួយ ដោយដកស្រង់ពីគេហទំព័រ Mobite។ ១. ជ្រើសរើសគ្រឿងសង្ហារឹម ដែលស័ក្តិសមនឹងមីនុយរបស់ភោជនីយដ្ឋាន សូមចាំថា ការរចនាជាផ្នែកមួយសំខាន់ ដែលបង្ហាញពីលក្ខណៈនៃភោជនីយដ្ឋានរបស់អ្នកទៅកាន់អតិថិជន។ អ្នកត្រូវរៀបចំភោជនីដ្ឋានអ្នកឲ្យស័ក្តិសមទៅតាម បញ្ជីមុខម្ហូបដែលមាននៅក្នុងហាងរបស់អ្នក។ ដូច្នេះអ្នកត្រូវ សួរថា គូរប្រើគ្រឿងសង្ហារឹមប្រភេទណា ឲ្យសមនឹងឈ្មោះភោជនីយដ្ឋាន និងអាហារដែលមានក្នុងភោជនីយដ្ឋាន? គួរប្រើគ្រឿងសង្ហារឹម ជ័រ ឬ ឈើ? ការរចនាបែបបុរាណ ឬសម័យ? ២. ផ្ដោតលើមុខងារ និងភាពងាយស្រួល
ទោះបីជារូបរាង ជារឿងសំខាន់ តែអ្នកក៏ត្រូវគិតដែរថា តើគ្រឿងសង្ហារឹមទាំងនោះពិតជាបម្រើតម្រូវការក្នុងគេហដ្ឋានទេ? តើវាផ្ដល់ភាពងាយស្រួលដល់បុគ្គលិក និងអតិថិជនទេ? ចំណុចទាំងនោះរួមមាន ទំហំ និង កម្ពស់របស់គ្រឿងសង្ហារឹមជាដើម។ ៣. គិតពីភាពងាយស្រួលរបស់អ្នក និង បុគ្គលិក មនុស្សទាំងអស់មានចំណង់ចំណូលចិត្ត និងការគិតមិនដូចគ្នាទេ អ៊ីចឹងហើយបានជា អតិថិជនខ្លះចង់បាន តុ និងកៅអី ទាប រីឯអ្នកខ្លះទៀតចង់បានខ្ពស់។ ដូច្នេះអ្នកត្រូវ សួរខ្លួនឯងវិញថា គ្រឿងសង្ហារឹម ឬ តុកៅអីប្រភេទណា ដែលបុគ្គលិកងាយលើម្ហូបដាក់ និងងាយបម្រើសេវាកម្មជូនអតិថិជន។ ៤. ជ្រើសរើសគ្រឿងសង្ហារឹមដែមានរូបរាងខុសៗគ្នា
បើភោជនីយដ្ឋានរបស់អ្នកមានទំហំទូលាយ អ្នកអាចជ្រើសរើសគ្រឿងសង្ហារឹមដែលមានប្រភេទនិង រូបរាងខុសពីគ្នា។ ព្រោះអ្នកនឹងអាចរៀបចំកន្លែងមួយ ដែលមានការរចនាមានលក្ខណៈសំបូរបែប អាចឲ្យអតិថិជនជ្រើសរើសកន្លែងពិសារអាហារតាមចំណង់ចំណូចចិត្តរបស់ខ្លួន។ ៥. គិតពីភាពធន់នៃគ្រឿងសង្ហារឹម គ្រឿងសង្ហារឹមខ្លះ ស្អាតគួរឲ្យចង់មើល តែប្រើប្រាស់មិនបានប៉ុន្មានក៏បាក់បែកអស់ទៅវិញ ដូច្នេះអ្នកត្រូវគិតគូរជាចាំបាច់នូវ គុណភាពរបស់វា។ សូមចាំថា ភោជនីយដ្ឋានមិនមែនជាផ្ទះឯកជន ដែលមានអ្នកប្រើតែពីរឬបីនាក់នោះទេ តែកន្លែងនេះមានមនុស្សជាច្រើនប្រើប្រាស់វា។ កាលណាបើអ្នកជ្រើសរើសគ្រឿងសង្ហារឹមមិនរឹងមាំ វាអាចជាការខ្ជះខ្ជាយថវិកា ហើយជួនកាលបង្កជាបញ្ហាទៀតផង។ ៦. គិតពីទំហំភោជនីយដ្ឋាន
មិនត្រូវដាក់គ្រឿងសង្ហារឹមច្រើនហួសហេតុ រហូតដល់ចង្អៀតគ្មានផ្លូវដើរទេ! ត្រូវកំណត់ចំនួននិង ទំហំឲ្យសមស្រប ទៅនឹងទំហំនៃភោជនីយដ្ឋានរបស់អ្នក ដើម្បីឲ្យមានលំហ ទូលាយល្មមសម្រាប់ភ្ញៀវ និងបុគ្គលិក។ ៧. គិតពីព័ត៌មានលម្អិតនៃគ្រឿងសង្ហារឹម
នៅពេលទិញគ្រឿងសង្ហារឹម អ្នកត្រូវពិនិត្យតួលេខ នៃទំហំ និង កម្ពស់របស់វាឲ្យបានច្បាស់លាស់ ព្រោះថាកម្រិតលម្អៀងតែ ១ទៅ២សង់ទីម៉ែត្រ ក៏អាចធ្វើឲ្យការរៀបចំ និង រចនាភោជនីយដ្ឋានមានបញ្ហាដែរ។ សាកគិតទៅមើល! បើកៅអីមួយមានទំហំធំជាង ការគិតរបស់អ្នក ២សង់ទីម៉ែត្រ ហើយភោជនីយដ្ឋានរបស់អ្នកត្រូវប្រើកៅអីចំនួន ១០០ នោះអ្នកនឹងខាតលំហ ២ម៉ែត្រ ទៅហើយ៕ ប្រភព៖ mobitec.be