ការប្រកួតប្រជែងតម្លៃ និងបន្លំប្រភពដើម ជាបញ្ហាប្រឈមក្នុងអាជីវកម្មគ្រឿងសង្ហារឹម

ភ្នំពេញ៖ ស្របពេលដែលកំណើននៃវិស័យសំណង់ និងតម្រូវការនៅក្នុងអគារការិយាល័យមានការកើនឡើង គ្រឿងសង្ហារឹម បានក្លាយទៅជាផ្នែក១សំខាន់ ដើម្បីបំរើដល់ផ្នែកនេះ ទាំងការបំពេញនូវតម្រូវការ និងសោភ័ណ្ឌភាព។ លោក ដូង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ (S.A. Solutions Co., Ltd) បានប្រាប់ KHB Media ឲ្យដឹងថា ជាក់ស្ដែងការផ្គត់ផ្គង់គ្រឿងសង្ហារឹម នៅក្នុងវិស័យនេះ បានក្លាយជាទីផ្សារថ្មីមួយទៀត សម្រាប់វិនិយោគក្នុង និងក្រៅស្រុក ខណៈទីផ្សារផ្គត់ផ្គង់គ្រឿងសង្ហារឹមនៅកម្ពុជា មួយរយៈចុងក្រោយនេះ មានតម្រូវការខ្ពស់ ដោយសារកំណើននៃសំណង់អគារខ្ពស់ៗ ការរីកចម្រើននៃស្ថាប័នធនាគារ និងវិស័យឯកជនជាដើម ។ លោកបន្ថែមថា ទន្ទឹមនឹងការកើនឡើងនៃតម្រូវការ និងការផ្គត់ផ្គង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញមាននៅបញ្ហាប្រឈមជាច្រើនក៏បានកើនឡើងផងដែរ ជាក់ស្ដែងដូចជា ការប្រកួតប្រជែងតម្លៃ និងការបន្លំប្រភពដើមផលិតផល ដែលឈានទៅធ្វើអោយតម្លៃនៅលើទីផ្សារមានការប្រែប្រួលខ្លាំង និងពិបាកក្នុងការគ្រប់គ្រងតម្លៃថេររួមមួយ។ លោកបញ្ជាក់ថា ជាបទពិសោធន៍របស់ក្រុមហ៊ុនលោក គឺតែងតែបញ្ជាទិញទំនិញ ដែលមានប្រភពដើមពិតប្រាកដ ដូចជាមកពីថៃ និងចិនជាដើម ហើយដាក់លក់ក្នុងតម្លៃជាក់ស្ដែង តាមប្រភពដើមនៃទំនិញ ប៉ុន្តែក្រុមហ៊ុនប្រកួតប្រជែងខ្លះ គេបញ្ជាទិញផលិតផលពីប្រទេសផ្សេង ហើយប្រាប់អតិថិជនថា ផលិតផលថៃ ដើម្បីលក់បានតម្លៃទាបជាងទីផ្សារ ដែលធ្វើអោយក្រុមហ៊ុន នាំចូលពិតប្រាកដពិបាកក្នុងការប្រកួតប្រជែងតម្លៃ។ លោកសង្កត់ធ្ងន់ថា កន្លងមកក្រុមហ៊ុន ទទួលបាន ការបញ្ជាទិញពីអតិថិជនកើនឡើង ជាមួយនឹងការបញ្ចេញនូវតារាងតម្លៃជាច្រើនទៅដល់អតិថិជនផងដែរ ប៉ុន្តែការបញ្ជាទិញពិតប្រាកដ មិនទទួលបានច្រើន ដូចតារាងតម្លៃដែលបានចេញអោយទៅភ្ញៀវនោះទេ ដោយសារតែមានក្រុមហ៊ុនខ្លះ បានរកស៊ីប្រកួតប្រជែងមិនស្មោះត្រង់ ពោលគឺដាក់តម្លៃប្រភពដើមទំនិញមិនត្រឹមត្រូវ ។ (ផលិតផលចិន ថារបស់ថៃ)។
លោក ដូង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ (S.A. Solutions Co., Ltd) ចំណែក លោកអ៊ិត ដារ៉ា អ្នកគ្រប់គ្រង ក្រុមហ៊ុន Phal Sovan Décor , Co., Ltd បានឲ្យដឹងថា ការចូលមកកាន់ទីផ្សារប្រទេសកម្ពុជានៃគ្រឿងសង្ហារឹម Shangpin គឺជាឱកាសមួយ ជួយដល់បណ្ដាម្ចាស់សំណង់អគារនានា នៅក្នុងប្រទេសកម្ពុជា សម្រាប់តែងលំអរ ធ្វើឱ្យអគារ ខុនដូ អាផាត់មែន សណ្ឋាគារ ការិយាល័យ និងលំនៅឋាន កាន់តែមានភាពទាក់ទាញ និង មានគុណភាព ។ លោកថា ៖« ការមកដល់ទីផ្សារប្រទេសកម្ពុជា នៃគ្រឿងសង្ហារឹមនេះ វាមិនយឺតពេល ហើយក៏មិនឆាប់ពេកដែរ គឺវាទាន់សភាពការណ៍ល្អ ព្រោះពេលនេះ ដូចយើងឃើញស្រាប់ថា សំណង់អគារ និង តម្រូវការផ្ទះ នៅក្នុងប្រទេសកម្ពុជា មានច្រើន ដូចនេះនៅពេលដែលសាងសង់ សំណង់អគារទាំងនោះមានតម្រូវការខ្ពស់ ចាំបាច់ណាស់គឺត្រូវការគ្រឿងសង្ហារឹម សម្រាប់បំពាក់នៅខាងក្នុង » ។ គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជា បាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ ពាន់លានដុល្លារអាមេរិក៕