យុវជនកម្ពុជាចាប់ផ្តើមងាកមករកជំនាញបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះយុវជនខ្មែរបានងាកមកចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឬហៅថាជំនាញធីវ៉េត(TVET)ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខណៈជំនាញទាំងអស់នេះកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ថ្លែងនៅក្រោយចប់ពិធីប្រគល់មេដាយ និងប្រាក់រង្វាន់ជ័យលាភី សម្រាប់ការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ កាលពីពេលចុងខែធ្នូកន្លងទៅនេះ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សនិស្សិត មានការកើនឡើងនៅតាមបណ្តាសាលាបណ្ដុះបណ្ដាលទាំងវិស័យរដ្ឋនិងឯកជន។
លោកបន្តថា ក្រៅពីការកើនឡើងនៃចំនួនខាងលើក្នុងនោះ សិស្សដែលរៀនជំនាញវិជ្ជាជីវៈក៏មានសមត្ថភាពចូលរួមប្រកួតប្រជែងការងារផ្នែកជំនាញវិជ្ជាជីវៈនៅក្រៅប្រទេសផងដែរ។
រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖« កម្ពុជាត្រូវការនូវកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនបន្ថែមទៀត។ លោកចង់ឲ្យយុវជនសម្លឹងមើលពីឱកាសនេះឱ្យកាន់តែច្បាស់ ហើយត្រូវដឹងថាតើតម្រូវការក្នុងទីផ្សារការងារត្រូវការអ្វីខ្លះ»។
ជុំវិញការលើកឡើងពី សារៈសំខាន់ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឬហៅថា ជំនាញធីវ៉េត (TVET)នេះដែរ លោក ប៉ុង ដែល្លា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AGB Consulting ដែលជាក្រុមហ៊ុនផ្តល់សេវាភ្នាក់ងាររើសបុគ្គលិកដ៏ល្បីនៅកម្ពុជា បានលើកឡើងថា ការជំរុញឲ្យ យុវជនចាប់យកជំនាញបច្ចេកទេសជារឿងត្រឹមត្រូវ ពីព្រោះសព្វថ្ងៃ កម្ពុជាត្រូវការជំនាញប្រភេទនេះច្រើនណាស់ ជាពិសេសទាក់ទងនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញរយៈពេលខ្លី។
លោកបន្តថាជំនាញទាំងអស់នោះមានជាអាទិ៍ ការតបណ្ដាញអគ្គិសនីតាមអគារ ការដំឡើងម៉ាស៊ីនត្រជាក់ ផ្នែកសរសេរកម្មវិធីកុំព្យូទ័រជាដើម គឺជាជំនាញមួយដែលកំពុងត្រូវការយ៉ាងខ្លាំងក្នុងទីផ្សារ។ លោកដែល្លាបានបន្តថា ចំពោះយុវជនដែលមិនមានការងារធ្វើ យុវជនដែលបោះបង់ការសិក្សា ពួកគេអាចក្រឡេកមើលការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ។
លោកដែល្លាថ្លែងថា៖« នៅពេលដែលយុវជនសិក្សាវគ្គជំនាញនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់ងាយស្រួលរកការងារធ្វើនិងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ»។
យ៉ាងណាមិញ លោក ពេជ សោភ័ន ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទចំនួន១០២ ក្នុងនោះគ្រឹះស្ថានសាធារណៈមានចំនួន៣៩ និងមានក្រសួងស្ថាប័នរដ្ឋចំនួន១២ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួនទៀត ដែលបាននឹងកំពុងផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩នេះ មានយុវជនខ្មែរម្នាក់ទទួលបានមេដាយមាស ក្នុងជំនាញរចនាក្រាហ្វិក និងយុវជន០៥រូបផ្សេងទៀត ទទួលបានមេដាយប្រាក់ លើជំនាញ តបណ្តាញអគ្គិសនី រៀបឥដ្ឋ រៀបការ៉ូ រចនាក្រាហ្វិក និងជំនាញផ្សារ។ ដោយឡែក អ្នកទទួលបានមេដាយសំរឹទ្ធ មានចំនួនសរុប១២នាក់៕