រដ្ឋាភិបាល ចង់ឲ្យវិស្វករនិងស្ថាបត្យករកម្ពុជា បញ្ចូលរចនាបថខ្មែរ ក្នុងការសាងសង់អគារ
វឌ្ឍនភាពនៃវិស័យសំណង់របស់កម្ពុជា កាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានអគារលំនៅឋាន អគារការិយាល័យ និងអគារពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងទេពកោសល្យខ្ពស់គួរឲ្យចាប់អារម្មណ៍ ស្របទៅតាមសម័យកាលទំនើបនាពេលបច្ចុប្បន្ន និងអនាគត។
ដោយមើលឃើញពីភាពរីកចំរើនឥតឈប់ឈរ នៃវស័យសំណង់ និងអចលនទ្រព្យកម្ពុជា មានសន្ទុះខ្លាំង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងគណៈវិស្វករកម្ពុជា បានលើកទឹកចិត្តដល់វិស្វករ និងស្ថាបត្យករខ្មែរទំាងអស់ ឲ្យរាល់ការស្ថាបនាសំណង់អគារខ្ពស់ៗត្រូវបញ្ចូលគំនិតស្ថាបត្យកម្ម និងរចនាបថខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាពេលថ្មីៗនេះ លោករដ្ឋមន្រ្តីបានសុំការគាំទ្រពី អស់ លោក លោកស្រី ដែលជា វិស្វករ ស្ថាបត្យករ ជួយគាំទ្រឲ្យមានភាពរឹងមាំ និងជំនឿជឿជាក់លើវិស័យសំណង់ស្ថាបត្យករជួយធ្វើការរៀបចំសិក្សាគម្រោងប្លង់ ឱ្យបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើងនៅក្នុងវិស័យសំណង់ថែមទៀត ។
បន្ថែមពីនេះ ក្នុងឪកាសក្រុងពាលី បើកការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៨ ខែមករា លោក ជា សុផារ៉ា ក៏បានឲ្យដឹងទៀតថា អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីអះអាងថា សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់ថែមទៀត។
ជាមួយគ្នានោះដែរ អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានឲ្យដឹងថា ទោះបីកម្ពុជាបានបើកសិទ្ធសេរីភាពទូលាយក្នុងការសាងសង់សំណង់ អគារក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវតែទាមទារឲ្យសំណង់អគារទំាងអស់ត្រូវមានក្បាច់ចម្លាក់ រូបសណ្ឋានបញ្ជាក់អំពីវប្បធម៌ខ្មែរ។ បើពុំដូច្នោះទេ អ្វីដែលជារបស់ដូនតាខ្មែរបង្កើតពីមុនមកនឹងត្រូវបាត់បង់ជាមិនខាន។
លោកបន្តថា «សំណង់ប្រាសាទ នៃសម័យរាជធានីអង្គរត្រូវបានសាងសង់យ៉ាងល្អឥតខ្ចោះ ប្រកបដោយទេពកោសល្យខ្ពស់ ហើយភាពល្អឯកនៃវិស្វករ ព្រមទាំងសា្ថបត្យកម្មនេះ មិនត្រឹមតែនាំមកនូវមោទនភាពប៉ុណ្ណោះទេ ថែមទំាងបានផ្តល់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រកបដោយភាពទាក់ទាញផ្នែកទេសចរណ៍វប្បធម៌ដ៏សំខាន់»។
ហេតុនេះ អគ្គលេខាធិការគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវសូមឲ្យស្ថាបត្យករ វិស្វករ និងនគរូបនីយករខ្មែរទាំងអស់ ថែរក្សានូវអ្វីដែលជាអត្តសញ្ញាណជាតិ ។
ជាការឆ្លើយតប ទៅនឹងការលើកឡើងនេះ លោកស្រី សុខ មួយហ្គេច ស្ថាបត្យករនារីខ្មែរមួយរូប និងបច្ចុប្បន្នលោកស្រីជាស្ថាបនិកក្រុមហ៊ុន ស្ថាបត្យកម្ម BMK បានបង្ហាញការគាំទ្រចំពោះគំនិតនេះ។លោកស្រី បានចាត់ទុកថា ស្ថាបត្យកម្មមានសារសំខាន់ណាស់ ដោយបានឆ្លុះបញ្ចាំងពីអ្វីៗទាំងអស់នៃប្រទេសជាតិមួយ ។
លោកស្រីបន្ដថា ៖« មួយរយៈចុងក្រោយនេះ ស្ថាបត្យកម្មយើងដូរច្រើន ដោយសារអ្នកជំនាន់ក្រោយបាននាំមកនូវអ្វីដែលថ្មី រួមមានទាំងរចនាគូរប្លង់ថ្មី ជាដើម ហើយបើក្រឡេកមើលសិស្សនិស្សិតក្នុងវិស័យស្ថាបត្យកម្មវិញ យើងឃើញថា ខុសគ្នាឆ្ងាយពីជំនាន់មុនៗ ពួកគេមានទំនោរនៃការបង្កើតការច្នៃប្រឌិតយ៉ាងខ្លាំង ដោយបានដាក់បញ្ចូលសព្វបែបយ៉ាងនៅក្នុងប្លង់របស់ពួកគេ ដែលជាផ្នែកមួយលើកកម្ពស់វិស័យស្ថាបត្យកម្មនៅក្នុងប្រទេសរបស់យើង » ។
ស្របជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញការគាំទ្រដែលរដ្ឋភិបាលបានគិតគូរ ជំរុញទៅកាន់ស្ថាបត្យករ និងវិស្វករដាក់បញ្ចូល បញ្ចូលជាលក្ខណៈរចនាបទខ្មែរ ព្រោះវាចំណេញដល់វប្បធម៌ និងសេដ្ឋកិច្ចជាតិថែមទៀត
យោងតាមរបាយការណ៍នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង ជាមួយនឹងគម្រោងសាងសង់មានចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណ ៩,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៧៨ ភាគរយ។
ជាមួយគ្នានោះ ក្រសួងបានលើកឡើថា ទោះជាយ៉ាងនេះក្តីសំណង់អគារដែលរីកលូតលាស់ទំាងនោះភាគច្រើនពុំសូវមានបញ្ចូលរចនាបថជារបស់ខ្មែរឡើយ ប៉ុន្តែសំណង់អគារ ដែលបានសាងសង់ឡើងទៅតាមរចនាបថ ខ្មែរភាគច្រើន ជារបស់ក្រសួងស្ថាប័នរដ្ឋតែប៉ុណ្ណោះ។
យ៉ាងណា ក្រសួងគ្រោងចេញគោលការណ៍លើកទឹកចិត្តដល់ស្ថាបត្យករខ្មែរ ឲ្យចូលរួមលើកកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរនាសម័យមុន តាមរយៈការរចនាប្លង់សំណង់ទំាងខាងក្នុងអគារ និងក្រៅអគារឲ្យមានលក្ខណៈជាស្ថាបត្យកម្មខ្មែរ ពិសេសជំរុញក្នុងការសាងសង់អគារស៊េរីទំនើបៗ ដែលមិនចម្លងពីគេធានាឲ្យសំណង់អគាររបស់ខ្មែរប្រកបដោយភាពទាក់ទាញ ខណៈវិស័យសំណង់នៅកម្ពុជា កំពុងមានការរីកចម្រើន ឥតឈប់ឈរ ៕