អ្នកជំនាញ៖ គម្រោងខុនដូដែលមានតម្លៃសមរម្យនៅតែទាញការវិនិយោគ

អ្នកជំនាញ៖ គម្រោងខុនដូដែលមានតម្លៃសមរម្យនៅតែទាញការវិនិយោគ
ទីក្រុងរណប កាំកូស៊ីធី ស្ថិតនៅតំបន់អភិវឌ្ឍន៍ បឹងពោងពាយ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ
អ្នកជំនាញ៖ គម្រោងខុនដូដែលមានតម្លៃសមរម្យនៅតែទាញការវិនិយោគ

ភ្នំពេញ៖ អំឡុងពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការ​អភិវឌ្ឍ​ និង​សាងសង់​ខុន​ដូ​នៅ​កម្ពុជា​ ហាក់មាន​សន្ទុះរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ស្រប​ពេល​ដែល​​អចលនទ្រព្យប្រភេទ​ផ្សេងទៀត​ ក៏​មានការ​រីកចម្រើន​ខ្លាំងមិនចាញ់គ្នាឡើយ​។ បន្ថែមលើគម្រោងដែលមានរួចហើយនោះ រយៈចុងក្រោយនេះ ក្រុម​ហ៊ុនវិនិយោគ​ទាំងក្នុង​ និង​ក្រៅ​ស្រុក​ បានផ្តើម​ងាក​មក​វិនិយោគ​ លើ​គម្រោង​ខុន​ដូតម្លៃ​សមរម្យ​ សម្របតាមស្ថានភាពនៃតម្រូវការ​ទីផ្សារ​កម្រិតមធ្យម​វិញ​ម្ដង​។

(រូបតំណាង)

អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ បាន​ថ្លែងរម្លឹក​ថា​ នាអំឡុង​ឆ្នាំ​២០១៩​ ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជាបាន​កើនឡើង​យ៉ាង​ច្រើន​ ហើយសុទ្ធ​ជា​គម្រោង​យក្ស​ ដែលមាន​ខុន​ដូរចនាប្រកបដោយផាសុខភាព ហើយ​មានតម្លៃ​ខ្ពស់​ តែបច្ចុប្បន្នទីផ្សារខុនដូរនៅកម្ពុជា មានភាពប្រែប្រួលហើយ ព្រោះទាំងអ្នកវិនិយោគ និងអ្នកទិញបានផ្លាស់ទំនោរ ងាកមកផ្តោតការចាប់អារម្មណ៍លើគម្រោងខុនដូរមានតម្លៃ​សមរម្យ​វិញ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បានថ្លែងបញ្ជាក់កាលពីពេលថ្មីៗនេះថា​ ​កំណើន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ​ជំរុញឱ្យតម្រូវការ​អគារ​ស្នាក់នៅ​រួម​ប្រភេទ​ខុន​ដូ​​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយក្លាយជាទីផ្សារ​ដែល​​មានកំណើន​នាំ​មុខ​គេ ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​​។ សព្វថ្ងៃអតិថិជនក្នុង​ស្រុក​ប្រមាណ​ជាង​ ៥០​% និយមទិញខុន​ដូ​ដែល​មាន​តម្លៃ​សមរម្យ ពិសេស​ខុន​ដូ​ដែល​មានតម្លៃ​ចន្លោះ​ពី​ ៥០,០០០ ទៅ​ ៨០,០០០ដុល្លារ​ ក្នុង​១យូនី​ត។

(​អ្នកនាង​ អាន​ សុធី​តា នាយិកា​ប្រចាំ​ប្រទេស ​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​)

នាយិរូបនេះបានអះអាងថា​ ការងាកមក​វិនិយោគផ្តោតលើប្រភេទខុន​ដូ​មានតម្លៃ​មធ្យម​ បានជួយឱ្យម្ចាស់គម្រោងទទួល​បាន​ជោគជ័យច្រើន។​ ដោយសារតម្លៃទាប លទ្ធភាពទិញខនដូររស់នៅរបស់ពលរដ្ឋ​ក្នុង​ស្រុក ក៏មានការកើនឡើង។ ​និន្នាការនេះ បានដើរស្របគ្នានឹងទំនោររបស់ពលរដ្ឋ​វ័យក្មេងរបស់កម្ពុជា ដែល​ភាគច្រើនពួកគេនិយមបែបផែន​រស់នៅឯករាជ្យ មានលក្ខណៈផ្ទាល់ខ្លួនច្រើន។ ឯឧបសគ្គត្រូវធ្វើដំណើរឆ្ងាយទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ​ និងស្ថានភាពកកស្ទះ​ចរាចរណ៍កាន់តែអាក្រក់​នៅក្នុង​ទីក្រុង ក៏​ជា​មូលហេតុសំខាន់ជម្រុញឱ្យតម្រូវការទិញខុនដូរស់នៅមានការកើនឡើងដូចគ្នា។

(​លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេ​ត)

សម្រាប់​អគ្គនាយក​ក្រុមហ៊ុនខ្មែរ​រៀល​អ៊ីស្ទេ​ត លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង លោកយល់ថា ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​ជាគ្រួសារ​ដែល​មាន​ចំណូល​មធ្យម​ ដូច្នេះអ្នក​អភិវឌ្ឍន៍គួរ​ផ្ដោត​លើ​គម្រោង​ខុន​ដូ​ ឬគម្រោង​លំនៅឋានដែលមាន​តម្លៃ​សមរម្យ ទើបសមស្របនឹងស្ថានភាពជីវភាពរបស់ពលរដ្ឋ​។

លោកបានបញ្ជាក់ថា បើ​ធៀប​នឹង​ឆ្នាំ២០១៨ អំឡុងឆ្នាំ២០១៩ តម្រូវការលំនៅឋាន ជាផ្ទះល្វែង ឬផ្ទះចម្រុះប្រភេទក្នុងបុរីនានា មានការកើនឡើងខ្លាំង​ ហើយគម្រោង​ខុន​ដូ​ និង​លំនៅឋាន​ ដែល​មានតម្លៃ​ក្រោម​ ១០ម៉ឺន​ដុល្លារ​ ទទួលបានប្រជាប្រិយភាព​ ទាក់ទាញអតិថិជនក្នុងស្រុកមកទិញបានច្រើនជាងគេ។

(លោក​ Chen​ Tai​ An​ ប្រធាន​ក្រុមហ៊ុន​ Yunnan​ ShengMao​ Investment)

ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​នេះ​ដែរ​ លោក​ Chen​ Tai​ An​ ប្រធាន​ក្រុមហ៊ុន​ Yunnan​ ShengMao​ Investment​ ដែល​វិយោគ​លើ​គម្រោង​ខុន​ដូ​ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម (TCC​ Market) បានថ្លែងបញ្ជាក់​ថា​ គម្រោង​ខុន​ដូរបស់ស្ថាប័នលោក បានប្រកាសបើក​ដំណើរការលក់​ជា​ផ្លូវការ តាំងថ្ងៃទី១៨ មករា​ ឆ្នាំ២០២០ នេះមកម្លេះ។

គម្រោងខុនដូថ្មីនេះ ក៏ផ្តោត​លើ​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ និង​មធ្យមដែរ​ ដោយផ្តើមតម្លៃ​ចាប់ពី​ ៩៥០ដុល្លារ ​ក្នុង​ ១ម៉ែត្រការ៉េ​ ​ជា​តម្លៃ​ទាប​ជាង​ទីផ្សារ​សម្រាប់​រាជធានីភ្នំពេញតែម្តង​។ លោក​ Chen​ Tai​ An បានអះអាងថា​ គម្រោង​វិនិយោគ​នេះ​ នឹងរួមចំណែកផ្តល់លទ្ធភាពឱ្យ​ពលរដ្ឋខ្មែរកាន់តែច្រើន​ ​មាន​លំនៅឋានរស់នៅ​សមរម្យ​។ តាមរយៈគម្រោងខនដូរបស់TCC​ Market ពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​ នឹង​មានលទ្ធភាព​ទិញ​ ឬបង់​រំលស់​បាន​។

(លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់)

​បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក្នុងសន្និបាត​បូក​សរុបលទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ប្រទេសកម្ពុជានៅត្រូវការលំនៅឋានជាង ១លានខ្នង បន្ថែមទៀតក្នុងអំឡុងឆ្នាំ២០៣០។ នាឪកាសនោះ លោករដ្ឋមន្រ្តី ក៏បានបង្ហាញការប្តេជ្ញាគាំទ្រ និង​ជំរុញរាល់ការវិយោគលើគម្រោងបង្កើតខុនដូ និងលំនៅឋាន ដែលមានតម្លៃសមរម្យបន្ថែមទៀត ដើម្បីបង្គ្រប់តម្រូវការផ្ទះស្នាក់នៅសមរម្យ ស្របតាមកំណើនប្រជាជននៅប្រទេសកម្ពុជានាថ្ងៃអនាគត៕

(រូបតំណាង)

(រូបតំណាង)

(គម្រោងខុនដូតម្លៃសមរម្យរបស់ TCC Market)

អត្ថបទដោយ: Pisey