ទីតាំងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីអាចជាតំបន់រងគ្រោះពីរលកស៊ូណាមិ
អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស និងប្រទេសឥណ្ឌូនេស៊ី បានរកឃើញអំពីហានិភ័យនៃរលកស៊ូណាមិ ដែលអាចកើតមានឡើងនៅតំបន់ប្រជុំកោះបរណេអូ ដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងសាងសង់រដ្ឋធានីថ្មី។
អ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Heriot-Watt នៃទីក្រុង Edinburgh បានរកឃើញនូវភស្ដុតាងមួយចំនួន បង្ហាញពីការបាក់ស្រុតដីក្រោមបាតសមុទ្រជាច្រើនដង នៅចន្លោះកោះ Borneo និង កោះSulawesi ដែលនឹងនាំឱ្យមានរលកធំ ៗ កើតមានឡើងនៅតំបន់នោះ។
លោក Uisdean Nicholson អ្នកជំនាញភូគព្ភសាស្រ្តសមុទ្រ នៃសាកលវិទ្យាល័យ Heriot-Wattបានលើកឡើងថា «យើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីវាយតម្លៃស្ថានការណ៍នេះឲ្យកាន់តែត្រឹមត្រូវ។ ហើយ នេះប្រហែលជាអ្វី ដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីគួរតែមាននៅក្នុងបញ្ជីរហានិភ័យរបស់ខ្លួន»។
ក្រុមស្រាវរបស់លោក ដែលមកពីអង់គ្លេស និងឥណ្ដូណេស៊ី មានប្រើប្រាស់ទិន្នន័យនៃកម្រិតរញ្ជួយដីដើម្បី វាយតម្លៃទៅលើស្ថានភាពនៃសមុទ្រ Makassar។ ការរកឃើញ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ចេញផ្សាយដោយសង្គមធរណីសាស្រ្តទីក្រុងឡុងដ៍។
របាយការណ៍បានពន្យល់ថា មានភស្ដុតាងច្បាស់លាស់បញ្ជាក់ពីការហូរច្រោះនៃមហាសមុទ្រនាពេលបច្ចុប្បន្ននៅភាគខាងត្បូងនៃតំបន់ដីសណ្ត ដែលជាកន្លែងមានអត្រាល្បាប់ខ្ពស់ និងមានជម្រាល ដែលបណ្តាលការបាក់ដី ឬពំនើងផ្នត់កើតឡើង។ក្រៅពីពន្យល់ពីមូលហេតុដែលនាំឲ្យមានរលកស៊ូណាមិក្នុងតំបន់នេះ របាយការណ៍ក៏បានពន្យល់ផងដែរអំពីហានិភ័យ ដែលអាចកើតចំពោះការសាងសង់រដ្ឋធាថ្មី។
រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគម្រោងរើសរដ្ឋធានី ចេញពីទីក្រុងហ្សាការតា ទៅកាន់តំបន់ប្រជុំកោះបរណេអូ ព្រោះបញ្ហាកកស្ទះចរាចរណ៍ និងទឹកជំនន់។ បច្ចុប្បន្នគម្រោងនេះ កំពុងស្ថិតនៅក្រោមការសិក្សាស្រាវជ្រាវ និងបង្កើតប្លង់មេ ដែលមានការចូលទាំងពីវិស័យសាធារណៈ និងឯកជន៕