ចិនចាប់ផ្ដើមសាងសង់កីឡដ្ឋានបាល់ទាត់ធំជាងគេលើលោក

ចិនចាប់ផ្ដើមសាងសង់កីឡដ្ឋានបាល់ទាត់ធំជាងគេលើលោក

ចិន៖ ប្រទេសចិនបានចាប់ផ្ដើមសាងកីឡដ្ឋានធំជាងគេលើលោក មានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធរបស់ក្លឹបបាល់ទាត់ Guangzhou Evergrande នៃលីគកំពូលចិន។ កីឡដ្ឋាននេះ មានរូបរាងដូចជាផ្កាឈូក និងអាចទទួលអ្នកទស្សនាបាន ១០០.០០០នាក់ ហើយត្រូវគេរំពឹងថានឹងសាង់សង់រួចរាល់នៅត្រឹមឆ្នាំ ២០២២។

ពិធីបើកការដ្ឋានសាងសង់ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុន ហើយក្លឹបបាល់ទាត់ Guangzhou Evergrande ក៏បានបង្ហាញវីដេអូ អំពីរូបរាងនៃកីឡដ្ឋានបន្ទាប់ពីសាង់សង់រួចរាល់ផងដែរ។

ការរចនាត្រូវបានជ្រើសរើសក្នុងចំណោមសំណើដែលបានដាក់ដោយក្រុមហ៊ុនស្ថាបត្យកម្មចំនួន៨ មកពីប្រទេសអូស្ត្រាលី ចិន អង់គ្លេស និងអាមេរិក មុនពេលដែលក្លឹបសម្រេចជ្រើសយកការរចនាក្លោងទ្វារ របស់ស្ថាបត្យករអាមេរិក រស់នៅទីក្រុងសៀងហៃ លោក Hasan Syed។ ការរចនារបស់លោកយកលំនាំតាមរូបរាងផ្កាឈូក ដែលក្លឹបបាល់ទាត់ Guangzhou ប្រសិទ្ធនាមថា «ទីក្រុងផ្កាឈូក»។

លោក Xia Haijun នាយកក្រុមហ៊ុនអចលនទ្រព្យ Evergrande មានប្រសាសន៍ថា “កីឡដ្ឋាន Evergrande នឹងក្លាយជាទីតាំងនិមិត្តរូបមួយរបស់ពិភពលោក ដែលអាចប្រៀបធៀបនឹង Opera House របស់ទីក្រុងស៊ីដនី និងអគារ Burj Khalifa របស់ទីក្រុងឌូបៃបាន ហើយវាក៏ជានិមិត្តរូបដ៏សំខាន់នៃវិស័យបាល់ទាត់ចិនទៅកាន់ពិភពលោកផងដែរ”។

Guangzhou Evergrande មិនស្ថិតក្នុងចំណោមក្លឹបបាល់ទាត់ធំជាងគេនៅអាស៊ីទេ។ បន្ទាប់ពីត្រូវបានក្រុមហ៊ុនអចនទ្រព្យ Evergrande ទិញយកកាលពីឆ្នាំ ២០១០ ក្លឹបនេះបានឈ្នះលីគកំពូលចិនចំនួន ៨ដង និងជើងឯកអាស៊ី (Asian Champions Leagues) ចំនួន២លើក។ បច្ចុប្បន្នក្លឹបកំពុងវឹកហាត់នៅកីឡដ្ឋាន Tianhe ដែលអាចទទួលអ្នកទស្សនា ៥៨,៥០០នាក់។

 ក្រៅពីកីឡដ្ឋាននេះ ក្រុមហ៊ុន Evergrande បានប្រកាសសាងសង់កីឡដ្ឋានយ៉ាងតិចពីរទៀត នៅក្នុងប្រទេសចិន ដែលមានកៅអីអង្គុយយ៉ាងតិច ៨០.០០០។ សូមរំលឹកថា កីឡដ្ឋានបាល់ទាត់ដែលធំជាងគេនៅក្នុងពិភពលោកបច្ចុប្បន្នគឺ កីឡដ្ឋាន Camp Nou នៅក្នុងទីក្រុងបាសេឡូណា ដែលអាចទទួលអ្នកទស្សនាចំនួន ៩៩.៣៥៤នាក់៕

អត្ថបទដោយ: Vasna