តើគួរលាងសម្អាតម៉ាស៊ីនត្រជាក់ប៉ុន្មានខែម្តងដើម្បីប្រើប្រាស់បានយូរ?
ភ្នំពេញ៖ អ្នកជំនាញរលឹកថាការប្រើប្រាស់ ការថែទាំ និងការលាងសម្អាតម៉ាស៊ីនត្រជាក់ទៀងទាត់ នឹងជួយឲ្យអ្នកប្រើប្រាស់ចំណេញច្រើន ទាំងការសន្សំសំចៃថាមពល ផ្តល់នូវ ផាសុកភាពល្អ និងអាយុកាលយូរអង្វែងនៃការប្រើប្រាស់។
លោក ឈួន ភារម្យ ស្ថាបនិកក្រុមហ៊ុន APG Service បានប្រាប់ KHB Media ថា នៅពេលម៉ាស៊ីនត្រជាក់ចាប់ផ្តើមដំណើរ វាបានស្រូបយកកំទេចធូលីតូចៗ ដែលយើងមើលមិនឃើញ ហើយពី ៣ ទៅ ៤ខែក្រោយ វាអាចបង្កើតឱ្យមានជាភាពកខ្វក់ ដែលបង្ករដោយធូលីជាប់នឹងកញ្រ្ចែងម៉ាស៊ីនត្រជាក់។
លោកថា ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ពី ៤ទៅ ៥ខែ ដោយមិនបានលាងសម្អាត ធូលី ដែលជាប់នឹងកញ្រ្ចែងនោះ នឹងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការបញ្ចេញខ្យល់ត្រជាក់មកក្រៅ។
លោកភារម្យថា៖«ជាមួយគ្នានោះ នៅពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់យូរខែពេក វាបណ្តាលឱ្យមានធូលីកាន់តែច្រើននៅផ្នែកខាងមុខ និងខាងក្រោយនៃម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យម៉ាស៊ីនប្រឹង ពោលគឺប្រើកម្លាំងខ្លាំងនៅពេលបញ្ចេញបញ្ជូលខ្យល់។ ករណីនេះ នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ ស៊ីថាមពលអគ្គិសនីកាន់តែខ្លាំង ដែលអាចចំណាយខ្ពស់ដល់អ្នកប្រើប្រាស់»។
លោកភារម្យថា កាលណា អ្នកប្រើប្រាស់មិនបានលាងសម្អាតទៀងទាត់ ហើយនៅតែបន្តប្រើប្រាស់ វាអាចប្រឈមនឹងការខូច ឬក៏អាចមានអាយុកាលខ្លី ព្រោះធូលីដី នឹងធ្វើឱ្យកញ្រ្ចែងម៉ាស៊ីនត្រជាក់ពុកឆាប់ខូច។
ជាទូទៅអ្នកជំនាញទាមទារឱ្យអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ គួរតែលាងសម្អាតរយៈពេល ៣ខែម្តង សម្រាប់ក្រុមហ៊ុនសហគ្រាស ដែលប្រើប្រាស់ក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ ចំណែកសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ អាចពី ៤ខែ ឬ ៦ខែម្តងយ៉ាងយូរ។
ការលាងសម្អាតម៉ាស៊ីនត្រជាក់បានទៀងទាត់ នឹងធ្វើឱ្យខ្យល់ម៉ាស៊ីនមានភាពត្រជាក់ស្រស់ថ្លាដល់មនុស្ស ដោយការពារពីជំងឺផ្តាសាយ សួត ជួយកាត់បន្ថយពីការកើនឡើងកម្តៅផែនដី និងកាត់បន្ថយការខ្ជះខ្ជាយថាមពលអគ្គិសនី ដែលអាចកាត់បន្ថយការចំណាយថវិកាច្រើនជារៀងរាល់ខែ ព្រមទាំងរក្សាអាយុកាលប្រើប្រាស់រហូតដល់ ១០ឆ្នាំ៕
Facebook: Air.Con Professional Group
Website: www.apgservice.info