វៀតណាមនឹងត្រូវការកម្មករជិត ១៤.០០០នាក់ ដើម្បីសាងសង់ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិថ្មី ក្រុងហូជីមិញ

វៀតណាមនឹងត្រូវការកម្មករជិត ១៤.០០០នាក់ ដើម្បីសាងសង់ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិថ្មី ក្រុងហូជីមិញ

វៀតណាម៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានប៉ាន់ប្រមាណថា ក្នុងដំណាក់កាលដំបូងនៃការសាងសង់ និងដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ (Long Thanh) របស់ទីក្រុងហូជីមិញ នឹងត្រូវការកម្មករប្រមាណ ១៣.៨០០នាក់ ដើម្បីបំពេញការងារ។

ក្នុងចំណោមនោះ ៤៧០នាក់ នឹងត្រូវបំពេញការងារក្នុងកម្រិតជាអ្នកគ្រប់គ្រង និងក្រៅពីនេះ អ្នកដែលមានកម្រិតជំនាញ និងសមត្ថភាពភាពខុសៗគ្នា នឹងត្រូវបំពេញការងារក្នុងវិស័យផ្សេងៗ​ ដូចជា សំណង់ ដឹកជញ្ជួន និងអាកាសចរណ៍។

លោក Huynh Van Tinh ប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច ខេត្ត ដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម ដែលជាទីតាំងសាងសង់អាកាសយាន្តដ្ឋានថ្មី បានលើកឡើងថា ប្រជាជនក្នុងតំបន់នឹងត្រូវផ្ដល់អាទិភាពមុនគេ សម្រាប់រាល់ការងារដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋាន។

លោកបន្ថែមថាពេលនេះ នាយកដ្ឋានរបស់លោកកំពុងរៀបចំ ផ្ដល់ប្រឹក្សាដល់សិស្ស និស្សិត ដែលរស់នៅក្បែរអាកាសយានដ្ឋាន ក្នុងការចាប់យកអាជីពដែលពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ និងគ្រោងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ការងារក្នុងអាកាសយានដ្ឋានផងដែរ។

គេប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ១៣.៥០០ នឹងត្រូវរងផលប៉ះពាល់ពីការសាងសង់អាកាសយានដ្ឋានថ្មីនេះ។ ការស្ទង់មតិរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ចទៅលើប្រជាជន ៦៥០នាក់ក្នុងចំណោមនេះ បង្ហាញថាប្រជាជនទាំងនោះ ទំនងជាបាត់បង់ចំណូលពី ២៥ទៅ៧០ភាគរយ បន្ទាប់ពីដីរបស់ពួកគេត្រូវបានលក់ សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ។

អាជ្ញាធរខេត្ត ដុងណៃបានអនុម័តអត្រាសំណងសម្រាប់ដីសាងសង់ព្រលានយន្តហោះក្នុងតម្លៃ ១,១៦ ទៅ ៦,៥ លានដុង (៧ ទៅ ២៧៧ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។ ហើយពលរដ្ឋរំពឹងថានឹងទទួលបានប្រាក់សំណងនៅខែឧសភានេះ។

គម្រោងសាងសង់អាកាសយានដ្ឋាន Long Thanh មាន៣ដំណាក់កាល ហើយដំណាក់កាលទី១ នឹងចាប់ផ្ដើមនៅ ខែឧសភាឆ្នាំ ២០២១ខាងមុខ និងរំពឹងថាបញ្ចប់នៅឆ្នាំ ២០២៥។ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ អាកាសយានដ្ឋាននឹងមានផ្លូវយន្តហោះមួយខ្សែ និងចំណតអ្នកដំណើរចំនួនមួយ ដែលអាចទទួលអ្នកដំណើរ ២៥លាននាក់ និងដឹកទំនិញ ១,២លានតោន ក្នុងមួយឆ្នាំ។

ការវិនិយោគសរុប ទាំងបីដំណាក់កាល ត្រូវគេប៉ាន់ប្រមាណថាមានទំហំទឹកប្រាក់ ៣៣៦,៦៣ ទ្រីលានដុង (១៦ពាន់លានដុល្លារ) ដោយដំណាក់កាលដំបូង នឹងចំណាយទឹកប្រាក់អស់ ១១១,៦៩ ទ្រីលានដុង (៤,៨ពាន់លានដុល្លារ) ។ ការសាងសង់ទាំងមូល រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៥០ ហើយអាកាសយានដ្ឋាននេះ នឹងអាចទទួលអ្នកដំណើរ ១០០លាននាក់ក្នុងមួយឆ្នាំ៕

អត្ថបទដោយ: Vasna