ប្រធានគម្រោងទីក្រុងអូឡាំព្យាប្រាប់ពីគន្លឹះក្លាយជាអ្នកគ្រប់គ្រងគម្រោងសាងសង់ដ៏ជោគជ័យ

ប្រធានគម្រោងទីក្រុងអូឡាំព្យាប្រាប់ពីគន្លឹះក្លាយជាអ្នកគ្រប់គ្រងគម្រោងសាងសង់ដ៏ជោគជ័យ
វិស័យសំណង់នៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ កម្ពុជាមានគម្រោងសាងសង់ប្រមាណ ២.៨៦៧ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ របាយការណ៍ដដែលបានបង្ហាញថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៨ មានចំនួន ២.៤២០គម្រោង ហើយអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ មានចំនួន ១១០អគារ។ នៅពីក្រោយសំណង់តូចធំទាំងនេះមានកិច្ចការដ៏លំបាក និងស្មុកស្មាញជាច្រើនជំពូក ត្រូវបានរៀបចំ និង អនុវត្តឡើង ដើម្បីធានាថាគម្រោងនិមួយៗត្រូវបានស្ថាបនាឡើងស្របទៅតាមបំណងប្រាថ្នារបស់ម្ចាស់គម្រោង ប្រកបដោយគុណភាព ប្រសិទិ្ធភាព និងសមស្របទៅតាមពេលវេលា និងថវិកាដែលបានកំនត់។ លក្ខខណ្ឌទាំងនេះនឹងមិនអាចសម្រេចទៅបានទេ ប្រសិនមិនមានការដឹកនាំពីប្រធានគ្រប់គ្រងគម្រោងសាងសង់ដ៏មានប្រសិទិ្ធភាព។ ដោយសង្កេតឃើញថា ប្រធានគ្រប់គ្រងគម្រោងមានឥទិ្ធពលខ្លាំងលើភាពជោគជ័យ ឫបរាជ័យរបស់គម្រោង KHB Media បានធ្វើបទសម្ភាសន៍ជាមួយ លោកវិស្វករ ម៉េង ចំរើន​ ដែលជាប្រធានគម្រោងអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា និងគម្រោងជាច្រើនទៀត របស់ក្រុមហ៊ុន OCIC ដើម្បីចែករំលែកពីគន្លឹះក្លាយជាអ្នកគ្រប់គ្រងគម្រោងដ៏ជោគជ័យ ការគ្រប់គ្រងការដ្ឋានសំណង់ និង បញ្ហាប្រឈមនានានៅក្នុងគម្រោងសាងសង់នីមួយៗ។ KHB Media៖ ជាមួយនិងបទពិសោធន៍ជាង១០ឆ្នាំរបស់លោកក្នុងការគ្រប់គ្រងគម្រោងសាងសង់ធំៗនានានៅកម្ពុជា តើប្រធានគ្រប់គ្រងគម្រោងគួរធ្វើយ៉ាងណាខ្លះ និងមានគុណវុឌ្ឍិអ្វីខ្លះ ដើម្បីគ្រប់គ្រងគម្រោងប្រកបដោយជោគជ័យ? លោក ម៉េង ចំរើន៖ ដើម្បីគ្រប់គ្រងគម្រោងសាងសង់មួយឲ្យទទួលបានជោគជ័យ យើងត្រូវដឹងឲ្យច្បាស់ពីប្រភេទនៃគម្រោង ដែលយើងគ្រោងនឹងធ្វើ ដោយផ្អែកលើបទពិសោធរបស់ប្រធានគម្រោងផ្ទាល់ និងត្រូវកែប្រែទៅតាមស្ថានការ ដើម្បីឱ្យដំណើរការងារទទួលបានជោគជ័យ។ មួយវិញទៀត ក្នុងនាមជាប្រធានគម្រោងនៅក្នុងវិស័យសំណង់ ដំបូងទាមទារឲ្យមានទាំងជំនាញរឹង និងជំនាញទន់។ ជំនាញទន់គឺសំដៅលើភាពជាអ្នកដឹកនាំ បទពិសោធ សមត្ថភាពក្នុងការដោះស្រាយបញ្ហា ការស្រឡាញ់ការងារ ត្រូវតែជាមនុស្សដែលយកចិត្តទុកដាក់ និងហ្មត់ចត់លើការងារ ព្រមទាំងមានចំណេះដឹងលើការងារឌីហ្សាញ និងការគណនា។ ដោយឡែកទាក់ទងនឹងជំនាញរឹងវិញ អ្នកគ្រប់គ្រងត្រូវមានជំនាញច្បាស់លាស់ក្នុងការអានប្លង់ ត្រូវចេះសន្សំសំចៃពេលវេលា ត្រូវដឹងថាការសាងសង់អគារនីមួយៗ ខុសគ្នាយ៉ាងណា? ហើយត្រូវដឹងថា ប្រើប្រព័ន្ធការងារសាងសង់បែបណា? KHB Media៖ តើអ្នកគ្រប់គ្រងគម្រោងមានតួនាទី និង ទំនួលខុសត្រូវអ្វីខ្លះ? លោក ម៉េង ចំរើន៖ អ្នកគ្រប់គ្រងគម្រោងត្រូវមានសិទ្ធិសម្រេចធំជាងគេ លើការគ្រប់គ្រងចំណាយ ការគ្រប់គ្រងការដ្ឋាន ការតាមដានគ្រប់ការងារអនុវត្តប្រចាំថ្ងៃចំពោះសកម្មភាពរបស់ ជាង កម្មករ និងបុគ្គលិក។ លើសពីនេះទៀត គេត្រូវសម្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយត្រូវអនុវត្តតាមបទដ្ឋានសុវត្ថិភាព បទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងត្រូវធ្វើឱ្យប្រាកដថាអ្វីដែលពួកគេធ្វើ តើមានគុណភាព ឬអត់? ប្រើរយៈពេលប៉ុន្មាន? និងតើចំណាយថវិកាប៉ុន្មាន? ប្រធានគម្រោងក៏មានតួនាទីសិក្សាប៉ាន់ស្មានថវិកាសម្រាប់ការចំណាយលើគម្រោងសាងសង់ និងធនធានដែលប្រើប្រាស់ផងដែរ ដោយរាប់បញ្ចូលទាំងសម្ភារៈ និងធនធានមនុស្ស ព្រមទាំងពេលវេលា។ និយាយជារួម តួនាទីរបស់ប្រធានគម្រោង គឺជាអ្នកដាក់ផែនការ ដើម្បីធានាថាគម្រោងមួយដំណើរការដោយជោគជ័យ ត្រូវដឹងពីធនធាន និងរយៈពេលដែលត្រូវបញ្ចប់គម្រោងនីមួយៗ។ KHB Media៖ ដើម្បីអាចដំណើរការគម្រោងសាងសង់មួយបាន តើយើងត្រូវធ្វើអ្វីខ្លះ? លោក ម៉េង ចំរើន៖ ជាទូទៅ នៅក្នុងគម្រោងនីមួយៗ គេបែកចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ មុនពេលចាប់ផ្តើមសាងសង់៖ គេត្រូវសិក្សាពីគម្រោងដែលគេចង់ធ្វើ ដូចជាធនធានមនុស្ស ការសិក្សាប្លង់ ប្រព័ន្ធសុវត្ថិភាព អគ្គិសនី និងការសាងសង់ជាដើម។ យើងត្រូវចាប់ផ្តើមសិក្សាពីតម្លៃ និងពេលវេលា ទើបអាចដឹងថាគម្រោងនេះ អាចបញ្ចប់រយៈពេលប៉ុន្មាន និងត្រូវចំណាយប៉ុន្មាន? បន្ទាប់មក គេចាប់ផ្តើមសាងសង់ ( Building Process) ដោយជ្រើសរើសក្រុមការងារមកធ្វើការទៅតាមផ្នែកនីមួយៗនៃប្លង់។ ដំណាក់កាលទី២ កំឡុងពេលសាងសង់៖ បន្ទាប់ពីបានសម្រេចការរចនាប្លង់រួចហើយ ក្រុមការងារសាងសង់ ត្រូវចាប់ផ្តើមសាងសង់ទៅតាមប្លង់ និងទៅតាមអ្វីដែលបានរៀបចំដូចនៅក្នុងដំណាក់កាលទី១។ និងដំណាក់កាលទី៣ ក្រោយពេល​សាងសង់៖ ប្រធានគម្រោងត្រូវរៀបចំពិនិត្យលើគម្រោងក្រោយសាងសង់រួចហើយ គឺត្រូវប្រគល់សមិទ្ធផលជូនដល់ម្ចាស់គម្រោង។ KHB Media៖ តើអ្វីជាបញ្ហាប្រឈមរបស់ប្រធានគម្រោង? លោក ម៉េង ចំរើន៖ បញ្ហាប្រឈមធំជាងគេ គឺបញ្ហាធនធានមនុស្ស។ ដោយសារ វិស័យសំណង់នៅកម្ពុជា មានការកើនឡើងខ្លាំង កង្វះខាត ជាង កម្មករ និងកម្មករជំនាញ ស្ទើរតែកើតមានឡើងគ្រប់ទីកន្លែងនិង គ្រប់គម្រោងសំណង់។ បច្ចុប្បន្ននេះ វិស្វកររបស់យើងហាក់មានកំណើនកើនឡើងច្រើន តែវិស្វករ ដែលមានបទពិសោធ គឺមានតិចនៅឡើយ ប៉ុន្តែវិស្វករដែលចេញពីសាលាបណ្តុះបណ្តាលមានច្រើន។ និយាយរួម គម្រោងសាងសង់នីមួយ គឺខ្វះតាំងពីធនធានមនុស្សថ្នាក់ក្រោមរហូតដល់ថ្នាក់ដឹកនាំ។ កត្តាផ្សេងទៀតគឺ សម្ភារៈមួយភាគធំនាំចូលពីបរទេស ដូច្នេះរាល់តម្រូវការប្រើប្រាស់ពីទីផ្សារភ្លាមៗ មិនអាចផ្គត់ផ្គង់ទាន់ពេលវេលា។ KHB Media៖ តើលោកមានអនុសាសន៍អ្វីខ្លះដល់សិស្ស-និស្សិត ដែលមានបំណងចង់ក្លាយជាអ្នកដឹកនាំគម្រោងសាងសង់ម្នាក់នៅពេលអនាគត? លោក ម៉េង ចំរើន៖ ដើម្បីក្លាយជាប្រធានគម្រោងនៅក្នុងវិស័យសំណង់ដ៏ជោគជ័យមួយរូប យើងត្រូវតែមានគំនិត និងចំណេះដឹងទាក់ទងនឹងវិស័យសំណង់។ យើងគួរតែរៀនមើលពីប្លង់ស្ថាបត្យកម្ម ក៏ដូចជាប្លង់ផ្សេងៗដែលទាក់ទងជាមួយនឹងវិស័យសំណង់ រៀនពីគំនិតរបស់គេ ដើម្បីស្វែងយល់ពីចំណុចល្អៗទាំងនោះ។ ជំនាញដែលគួររៀន គឺមានដូចជាជំនាញឌីហ្សាញប្លង់ និងសាងសង់ និងសូមកុំចាកឆ្ងាយពីជំនាញកុំព្យូទ័រ ដែលជាកត្តាជួយឱ្យយើងរីកចម្រើនលឿននៅក្នុងការសិក្សារៀនសូត្រនៅក្នុងការសាងសង់៕    
អត្ថបទដោយ: Rath