សួនកម្សាន្តអឺរ៉ុបទាក់ទាញអ្នកទេសចរខ្លាំងអំឡុងថ្ងៃបុណ្យអុំទូក
ភ្នំពេញ៖ សួនកម្សាន្តលំដាប់អន្តរជាតិមួយ ឬហៅថា សួនអឺរ៉ុប ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត តាមបណ្តោយផ្លូវជាតិលេខ១ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរក្នុងស្រុក។
ទន្ទឹមនេះ អ្នកទេសចរជាច្រើនបានទស្សនាសួនអឺរ៉ុបនេះក្នុងនៅអំឡុងថ្ងៃឈប់ សម្រាក ថ្ងៃបុណ្យអុំទូក ហើយពួកគេសុទ្ធតែបានបង្ហាញ អារម្មណ៍រីករាយ និងកោតសរសើរចំពោះ រចនាបថ នៃសួនកម្សាន្តដ៏ប្លែកភ្នែកមួយនេះ។
លោក ម៉ៃ ចំរើន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានទៅកម្សាន្តនៅសួនអឺរ៉ុបនោះ បានលើកឡើងថា លោកមានអារម្មណ៍ថាប្លែកភ្នែក នៅពេលដែលបានឃើញទិដ្ឋភាព ដូចជា អគារ លំនៅឋាន ស្ពាន និងដើមឈើធំៗ ដែលត្រូវបានរចនាឡើងតាមបែបអឺរ៉ុបនេះ។
លោកបន្តថា ការវិនិយោគសួនកម្សាន្តបែបនេះជាការល្អ ព្រោះវាអាចជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសជួយបង្កើតឲ្យមានភាពទាក់ទាញបន្ថែមសម្រាប់រាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញមិនសូវមានរមណីយដ្ឋានកម្សាន្តឡើយ។
ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀត មកពីខេត្តកំពង់ចាម ដែលបានទៅកម្សាន្តនៅសួនអឺរ៉ុបដែរនោះ កញ្ញា វល័ក្ខ ស្រីនិច បាននិយាយថា អ្វីដែលកញ្ញាពេញចិត្តខ្លាំងនោះ គឺបរិស្ថានស្អាតប្រកបដោយផាសុខភាព ដែលវាពិតជាបានជួយកាត់បន្ថយអារម្មណ៍តានតឹងនានាបាន។ មិនតែប៉ុណ្ណោះ កញ្ញាបន្តថា សួនកម្សាន្តនេះ មានហេដ្ឋារចនាសម្ព័ន្ឋ រៀបចំបានយ៉ាងល្អ ដែលជួយបង្កភាពងាយស្រួលធ្វើដំណើរថែមទៀត។
គួរបញ្ជាក់ថា សួនកម្សាន្តលំដាប់អន្តរជាតិ ដែលត្រូវបានរចនាឡើងតាមបែបអឺរ៉ុបនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន បុរី ប៉េង ហួត នៅលើផ្ទៃដីជិត៨ហិកតា ដែលមានឈ្មោះថា ដឹហ្គ្រេនស្តា ផ្លាទីនីម ស្ថិតនៅតំបន់បឹងស្នោ តាមបណ្ដោយផ្លូវជាតិលេខ១។
គោលបំណងនៃការអភិវឌ្ឍតំបន់ទេសចរណ៍នេះ គឺដើម្បីបំពេញតម្រូវការដល់គ្រួសាររាប់ម៉ឺនគ្រួសារ ពិសេសផ្ដល់ទីកន្លែងស្អាតសម្រាបលំហែ កម្សាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរួមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគម្រោងថ្មីស្អាត ដែលមិនធ្លាប់មាននៅកម្ពុជាពីមុន ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។
សួនកម្សាន្តលំដាប់អន្តរជាតិនេះ មានសំណង់អគារពិសេសប្លែកៗ និងលម្អរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេ ដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនួនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ដោយឡែក ចំពោះការរៀបចំតំបន់ទៀតសោត គឺបានរៀបចំជាតំបន់អឺរ៉ុប ៣តំបន់ផ្សេងៗគ្នាដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាល្លឺម៉ង់មជ្ឈិមសម័យ។
ចំណែកឯតំបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាលរស់ឡើងវិញនៃអរិយធម៌រុងរឿង និង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនីមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះ នឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋាន សម្បូរបែប មានអាហារអឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។
អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។ នេះបើតាមការលើកឡើងពីសំណាក់ អគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួតគ្រុប លោកឧកញ៉ា ថៃ ម៉េងលី ធ្លាប់ប្រាប់សារព័ត៌មានកន្លងមក។ ចំពោះការចូលមកទស្សនា និងកម្សាន្ត នៅក្នុងសួនអឺរ៉ុបនេះ គឺមិនតម្រូវឲ្យមានការទិញសំបុត្រនោះទេ។
កន្លងមក ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគម្រោងនេះទទួលបានពានចំនួនពីរ គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌីហ្សាញសួនលំហែរ ដែលល្អជាងគេលំដាប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរដែលល្អជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅ ប្រទេសអង់គ្លេសទៀតផង៕