(មានវីដេអូ) ន័រវេសាងសង់អគារធនាគាររក្សាគ្រាប់ពូជរុក្ខជាតិធំបំផុតក្នុងលោក

មណ្ឌលគ្រាប់ពូជសាកល Svalbard គឺជាធនាគារគ្រាប់ពូជមួយដ៏មានសុវត្ថិភាព នៅលើកោះ Spitsbergen ជិតក្រុង Longyearbyen ក្នុងប្រជុំកោះ Arctic Svalbard ប្រទេសន័រវែស ដែលស្ថិតនៅចម្ងាយប្រហែល១,៣០០គីឡូម៉ែត្រ ពីប៉ូលខាងជើង។
យោងតាមគេហទំព័រ croptrust.org ជាមួយនឹងទូសុវត្ថិភាព សោសម្ពាធខ្យល់ និងឧបករណ៍ចាប់សញ្ញាចលនា មណ្ឌលគ្រាប់ពូជសាកល Svalbard ត្រូវបានបង្កើតឡើងដើម្បីផ្ទុកគ្រាប់ពូជរាប់លានគ្រាប់សម្រាប់ដាំដុះ និងពង្រីកដំណាំផ្សេងៗឡើងវិញ ក្នុងករណីមានគ្រោះមហន្តរាយពិភពលោកធំណាមួយ។
អ្នកអភិរក្សលោកខារី ហ្វូលឹ (Cary Fowler) បានសហការជាមួយនឹងអង្គការក្រុមទីប្រឹក្សាស្ដីពីការស្រាវជ្រាវកសិកម្មអន្តរជាតិ ហើយបានចាប់ផ្ដើមធ្វើការអភិរក្សគ្រាប់ពូជរុក្ខជាតិជាច្រើនប្រភេទមានលំនាំស្ទួន ឬបានចម្លង "បម្រុង" ដែលត្រូវបានរក្សាទុកនៅក្នុងធនាគារហ្សែននៅទូទាំងពិភពលោក។
រដ្ឋាភិបាលន័រវេសបានផ្តល់មូលនិធិទាំងស្រុងដល់ការសាងសង់នេះដែលមានតម្លៃប្រហែល៤៥ លានKR (៩លានដុល្លារអាមេរិក)។ ការរក្សាទុកគ្រាប់ពូជនៅក្នុងមណ្ឌលសុវត្ថិភាពនេះ គឺមិនគិតប្រាក់ទេ ដោយរដ្ឋាភិបាលន័រវែស និងអង្គការ Crop Trust រាប់រងលើការចំណាយប្រតិបត្តិការទាំងអស់។ មូលនិធិបឋមសម្រាប់អង្គការ Crop Trust អនុវត្តន៍ការងារនេះ បានមកពីអង្គការផ្សេងៗ ដូចជាមូលនិធិ Bill & Melinda Gates Foundation និងមកពីរដ្ឋាភិបាលជាច្រើនទូទាំងពិភពលោក។
មណ្ឌលសុវត្ថិភាពនេះមានសមត្ថភាពរក្សាគ្រាប់ពូជបាន៤,៥លានប្រភេទ។ ពពួកពូជនីមួយៗមានគ្រាប់ពូជជាមធ្យមចំនួន៥០០គ្រាប់ ដូច្នេះគ្រាប់ពូជអតិបរមាចំនួន២,៥ពាន់លានគ្រាប់ត្រូវបានរក្សាទុកនៅមណ្ឌលសុវត្ថិភាពនេះ។
បច្ចុប្បន្ន មណ្ឌលសុវត្ថិភាពនេះមានសំណាកគ្រាប់ពូជច្រើនជាង៨៩០,០០០ប្រភេទ ដែលមានប្រភពមកពីស្ទើរតែគ្រប់ប្រទេសនៅក្នុងពិភពលោក។
អត្ថបទដោយ:
Dara


