អាជ្ញាធរម៉ាកាវបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ដោយសារការគំរាមគំហែងពីវីរុស Carona

អាជ្ញាធរម៉ាកាវបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ដោយសារការគំរាមគំហែងពីវីរុស Carona

ចិន៖ អាជ្ញាធរម៉ាកាវបានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ក្នុងក្រុងជាបណ្តោះអាសន្នសិនដោយ​សារជម្ងឺផ្លូវដង្ហើម ស្របពេលដែលប្រទេសចិនទាំងមូល កំពុងព្យាយាមគ្រប់គ្រងការរីករាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី។

ការប្រកាសខាងលើដូចនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកស្លាប់កើនឡើងដោយសារវីរុស Carona កើនដល់ ៤២៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នារសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

អភិបាលរបស់ក្រុងម៉ាកាវ លោក Ho Iat-Seng បាននិយាយថា អាជ្ញាធរនឹងជួបពិភាក្សាអំពីវិធានការផ្អាកប្រតិបត្តិការកាស៊ីណូ ជាមួយបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធ នៅថ្ងៃអង្គារនេះ។ បើគិតមកទល់ពេលនេះ មានតែពីរលើកប៉ុណ្ណោះដែលម៉ាកាវបានសម្រេចជ្រើសរើសយកវិធាន​ការធ្ងន់បែបនេះ។

ពោលគឺលើកទីមួយធ្វើឡើងកាលពីឆ្នាំ២០១៨ នៅពេលព្យុះទីហ្វុងមួយបានបង្ខំឲ្យ ម៉ាកាវផ្អាកប្រតិបត្តិការកាស៊ីណូទាំងអស់នៅក្នុងទីក្រុងរយៈពេល ៣៣ម៉ោង ខណៈលើកនេះនឹងមានរយៈពេល១៥ថ្ងៃ។

គួរជម្រាបថា កំឡុងការវាយលុកដោយសារវីរុសកូរ៉ូណាប្រភេទថ្មីប៉ុន្មានសប្តាហ៍កន្លងទៅនេះ គឺវាបានធ្វើឲ្យទីក្រុងកាស៊ីណូម៉ាកាវបាត់បង់អតិថិជនធំៗ របស់ខ្លួនរួចស្រេចទៅហើយ ខណៈរដ្ឋធានីប៉េកាំងបានសម្រេចឈប់ផ្តល់ជាបណ្តោះអាសន្ន សម្រាប់ការផ្តល់ទិដ្ឋាការឲ្យអ្នកដំណើរធ្វើដំណើរទៅកាន់ម៉ាកាវ ក៏ដូចជាហុងកុង ហើយហុងកុងផ្ទាល់ដែលនៅជាប់ម៉ាកាវ ក៏បានរឹតត្បិតមធ្យោបាយធ្វើដំណើរជាមួយតំបន់ដទៃទៀតរបស់ចិនផងដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្ន ករណីអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅទីក្រុងម៉ាកាវមានយ៉ាងតិច១០ករណី។ យោងតាមរបាយការណ៍នាថ្ងៃអង្គារនេះវិញ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ នៅចិនដីគោកមានចំនួន ៤២៥នាក់ រីឯនៅហុងកុង និងនៅប្រទេសហ្វីលីពីន ក៏សុទ្ធតែមានអ្នកស្លាប់ម្នាក់ផងដែរ ចំណែកចំនួនអ្នកឆ្លងវិញគឺបានកើនដល់ជាង ២ម៉ឺននាក់ហើយ៕

អត្ថបទដោយ: Nary