សភាពាណិជ្ជកម្មអឺរ៉ុបដាក់ចេញអនុសាសន៍ថ្មី ១២ ចំណុច លើវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបដាក់ចេញអនុសាសន៍ថ្មី ១២ ចំណុច លើវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែល វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាងមួយ​ទស្ស​វត្ស​ចុងក្រោយ​នេះ វិស័យនេះត្រូវតែមានក្របខ័ណ្ឌនិយ័តកម្មគ្រប់គ្រាន់និងអាចវិវឌ្ឍ ឲ្យស្របទៅនឹងកំ​ណើ​ន​​នេះ ដើម្បីធានាថាទីផ្សារត្រូវបានការ​ពារ​​គ្រប់​គ្រាន់ ពីភាពងាយរងគ្រោះដែលនឹងអាចកើត​មាន​ឡើង។

ស្របនឹងនិន្នាការនេះ សភា​ពាណិ​ជ្ជ​កម្មអឺរ៉ុបប្រចាំកម្ពុជា បានដាក់ចេញនូវ សៀវភៅ ស ស្តីពី អនុ​សាសន៍​គោលនយោបាយ​សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០១៩  ដែលផ្តោតលើវិស័យ សក្តានុ​ពល​នានានៅកម្ពុជា។ 

ក្នុងនោះ សៀវភៅ ស ឆ្នាំ២០១៩ នេះ សភាពាណិជ្ជកម្ម អឺរ៉ុបប្រចាំកម្ពុជា បាន​ផ្តោត​យ៉ាង​សំខាន់លើ វិស័យអចលនទ្រព្យ និងសំណង់ ដែលជាជំពូកធំជាងគេបំផុតនៅក្នុងសៀវ​ភៅ ស ប្រចាំឆ្នាំ​នេះ ដែលបង្ហាញនូវបំណងប្រាថ្នារបស់វិស័យឯកជនដែលចង់ឃើញការពង្រឹងបរិយាកាសនិយ័តកម្មនៅក្នុងប្រទេសកម្ពុជា។

សភាពាណិជ្ជកម្មអឺរ៉ុប បានដាក់ចេញនូវអនុសាសន៍ថ្មីចំនួន ១២ ចំណុច ក្នុងគោលបំណងស្នើឱ្យមានការកាត់បន្ថយ ហានិភ័យ ដែលទាក់ទងនឹងការ រចនាប្លង់ វិស្វកម្ម និងការងារផ្សេងៗទៀត នឹងចង់ឱ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក ព្រមទាំងអនុវត្តព្រមៗគ្នាដើម្បីបង្កើត ជាក្របខ័ណ្ឌមួយដែលពេញលេញ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ អនុសាសន៍ថ្មី អនុសាសន៍ដែលបានធ្វើបច្ចុប្បន្នភាព និង អនុសាសន៍ចាស់ៗ កន្លងមកសម្រាប់ផ្នែកទាំងបួនរួមមាន៖ ការអភិវឌ្ឍវិស័យសុរិយោដីនិងអចលនទ្រព្យ ការគ្រប់គ្រងដែនដីនិង នគរូបនីយកម្ម ការធ្វើទំនើបកម្មបទប្បញ្ញត្តិស្ដីពីអចលនទ្រព្យលំនៅដ្ឋាននិងវិស័យ សំណង់។


 

អនុសាសន៍ថ្មី ១២ ចំណុចនោះរួមមាន៖

  1. ភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការពិចារណា លើការកំណត់ជាលក្ខខណ្ឌតម្រូវឲ្យអ្នកពិគ្រោះយោបល់ទាំងអស់ ដែលចូលរួមក្នុងគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជា ត្រូវតែមានធានារ៉ាប៉រងទំនួលខុសត្រូវជាកាតព្វកិច្ច។
  2. ស្នើឱ្យមានការដាក់ចេញនូវស្ដង់ដារជាសកលសម្រាប់ការវាស់វែងនៅក្នុងវិស័យអចលន
    ទ្រព្យ។
  3. ស្នើរដ្ឋាភិបាលឱ្យធ្វើការពិចារណាបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុដែលបង្កើតឡើងសម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋានដោយស្របតាមការអនុវត្តរបស់បណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីផ្ដល់នូវកិច្ចការពារគ្រប់គ្រាន់ដល់អតិថិជន នៅក្នុងករណីដែលគម្រោងដួលរលំ។
  4. ស្នើឲ្យផ្ដល់អាទិភាពដល់ការអនុម័តក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់ការអភិវឌ្ឍ និងការ គ្រប់គ្រងតំបន់ឆ្នេរ និងសូមស្នើឱ្យធ្វើការពិចារណាអនុញ្ញាតឱ្យមាន “គម្រោងគំរូ” ដើម្បីបង្ហាញដល់វិនិយោគិនថា ការអភិវឌ្ឍតំបន់ឆ្នេរទៅតាមស្តង់ដារអន្តរជាតិ គឺជាលទ្ធភាពមួយដែលអាចធ្វើបាននៅក្នុងប្រទេសកម្ពុជា។
  5. ស្នើឱ្យមានការបញ្ជាក់ច្បាស់លាស់ អំពីដំណើរការបំលែងអគារស្នាក់នៅដែលបានសាងសង់ឡើងនៅមុនពេលចេញអនុក្រឹត្យលេខ ១២៦ ទៅជាចំណែកឯកជននៅក្នុងអគារ សហកម្មសិទ្ធិនិងបញ្ជាក់អំពីវិធីសាស្ត្រដែលម្ចាស់អចលនទ្រព្យអាចស្នើសុំប័ណ្ណកម្មសិទ្ធិរួមថ្មីរៀងៗខ្លួន។
  6. សភាពាណិជ្ជកម្មអឺរ៉ុបក៏ស្នើឱ្យអនុម័តបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ចាត់ចែងទីធ្លាចំណត យានយន្តនៅក្នុងបរិវេណខុនដូ ជាចំណែកឯកជន និងអនុញ្ញាតឱ្យមានការចេញប័ណ្ណសម្គាល់កម្មសិទ្ធិឯកជនសម្រាប់ចំណតយានយន្ត។
  7. សូមស្នើឱ្យធ្វើការពិចារណាអនុម័តក្របខ័ណ្ឌនិយ័តកម្មដើម្បីគ្រប់គ្រងលើវិស័យគ្រប់គ្រង អចលនទ្រព្យនៅកម្ពុជា និងស្នើឱ្យពិគ្រោះយោបល់ជាមួយនឹងវិស័យឯកជនដើម្បីបង្កើតជាសំណុំឯកសារបទដ្ឋាននីតិវិធីប្រតិបត្តិ។
  8. សូមស្នើឱ្យផ្ដល់អាទិភាព ដល់ការបង្កើតឌីជីថលនីយកម្មនៃដំណើរការផ្ទេរកម្មសិទ្ធិអចលន ទ្រព្យតាមរយៈការដាក់ឱ្យដំណើរការកម្មវិធីតាមប្រព័ន្ធអនឡាញ។
  9. សូមស្នើឱ្យពិគ្រោះយោបល់ជាមួយវិស័យឯកជនដើម្បីធានានូវការបង្កើតសំណុំស្ដង់ដារអគារ ដែល​មាន​លក្ខណៈប្រាកដប្រជា។
  10.  សូមស្នើថាមុនពេលមានការអនុម័តក្រមសាងសង់អគារ (Building Code) គប្បីមានការ ពិគ្រោះយោបល់ ជាមួយនឹងផ្នែកឯកជនជាមុនសិន ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យ អន្តរការី សម្រាប់សុវត្ថិភាពអគ្គិភ័យ ដែលនឹងបង្កើតបានជាមូលដ្ឋានសម្រាប់អធិការកិច្ច និងដំណើរការអនុម័ត ដោយស្របតាមលក្ខខណ្ឌតម្រូវកំណត់ដោយប្រកាសលេខ ៨៧។
  11. សភាពាណិជ្ជកម្មអឺរ៉ុបក៏សូមស្នើកំណត់លក្ខខណ្ឌតម្រូវឱ្យគ្រប់ក្រុមហ៊ុនសំណង់ទាំងអស់ ដែលប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជាត្រូវតែមានបុគ្គលិកផ្នែកសុវត្ថិភាព ដែលទទួលបានការបណ្ដុះបណ្ដាលអំពី សុខភាព និងសុវត្ថិភាពការងារដែលតម្រូវដោយច្បាប់មុនពេលចាប់ផ្ដើមគម្រោងថ្មី។
  12. នឹងស្នើឱ្យពិចារណាអនុវត្តបទប្បញ្ញត្តិដែលតម្រូវឱ្យសម្ភារសំណង់គ្រឿងបង្គុំអគារដែល ផលិតនៅក្នុងប្រទេសកម្ពុជា ត្រូវឆ្លងកាត់ការធ្វើតេស្តធានាគុណភាពឯករាជ្យជាមុនសិនមុននឹងដាក់លក់នៅលើទីផ្សារ៕

 

អត្ថបទដោយ: KHB Writer