រដ្ឋមន្រ្តី ជា សុផារ៉ា៖ ស្នើដល់នាយករដ្ឋមន្រ្តី សម្រេចលើវិធានការចាំបាច់ ទប់ស្កាត់សំណង់ខុសច្បាប់នៅកម្ពុជា

រដ្ឋមន្រ្តី ជា សុផារ៉ា៖ ស្នើដល់នាយករដ្ឋមន្រ្តី សម្រេចលើវិធានការចាំបាច់ ទប់ស្កាត់សំណង់ខុសច្បាប់នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដាក់លិខិតស្នើដល់សម្តេចតេជោ ហ៊ុន សែន​  នាយករដ្ឋមន្រ្តី ដើម្បីសម្រេចលើវិធានការចាំបាច់មួយចំនួន សំដៅទប់ស្កាត់ការដ្ឋានសាងសង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។

ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានស្នើឱ្យមានការសម្រេចពីនាយករដ្ឋមន្រ្តី ដើម្បីដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ សណ្ឋាគារ អាគារស្នាក់នៅ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម អគាររោងចក្រ អគារសិប្បកម្ម និងសំណង់ផ្សេងទៀត ដែលគ្មានលិខិតអនុញ្ញាត ឬសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងសំណង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់ប្រជាពល។

នៅក្នុងលិខិតនោះ លោករដ្ឋមន្រ្តីក្រសួងដែនដី បានស្នើដល់ សម្តេចតេជោ ពីវិធានការ ដែលត្រូវការសម្រេច ដើម្បីទប់ស្កាត់ លើសំណង់ខុសច្បាប់ទាំងឡាយ មិនសំដៅតែចំពោះសំណង់ក្នុងខេត្តព្រះសីហនុឡើយ ប៉ុន្តែក្រសួងបានចេញនូវគោលការណ៍រួមមួយ ដូចខាងក្រោម៖ ទី1 ស្នើដល់ ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឲ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ការដ្ឋានសំណង់។ ទី2 ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម ចាត់វិធានការមិនឲ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់។ ទី 3.ក្រសួងសាធារណការ និងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់លូចូលបណ្តាញលូសាធារណៈ។ ទី 4.ក្រសួង ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្ម។ នឹងទី 5.ក្រសួងព័ត៍មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក្រសួងដែនដី ក៏ធ្លាប់បានលើកឡើងផងដែរ នៅក្នុងកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី 25 ខែមិថុនា នេះថា សំណង់ដែលគ្មានច្បាប់អនុញ្ញាត នឹងមិនទទួលបានសេវាកម្មសាធារណៈរបស់រដ្ឋាភិបាលឡើយ និងបញ្ជាឲ្យផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។ 

ជាមួយគ្នានោះ លោក បានសង្កត់ធ្ងន់ថា៖«សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ»។ 

សូមជម្រាបថា ការដាក់​វិធានការទាំងអស់នេះ គឺ​បន្ទាប់ពី​កើតមាន​ឧប្បទ្ទហេតុ​បាក់រលំ​អគារ​កម្ពស់ 7ជាន់ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃ​ទី 22 ខែ​មិថុនា ឆ្នាំ​2019 ដោយ​បណ្តាល​ឲ្យមនុស្ស​ចំនួន 28 នាក់​បានស្លាប់ ដែលជាអគារគ្មានស្តង់ដារគុណភាព និងមិនមានច្បាប់​អនុញ្ញាតត្រឹមត្រូវ៕

អត្ថបទដោយ: Rath