រដ្ឋាភិបាលដាក់ឲ្យដំណើរការផែនការមេអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពឆ្នាំ 2018-2030

រដ្ឋាភិបាលដាក់ឲ្យដំណើរការផែនការមេអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពឆ្នាំ 2018-2030

ភ្នំពេញ៖ ផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញឆ្នាំ 2018 ដល់ឆ្នាំ 2030 ត្រូវបានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ  ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថាន ព្រមទាំងការខិតខំប្រឹងប្រែងអនុវត្តអភិវឌ្ឍន៍ទីក្រុងបៃតង។

ផែនការនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2019 ដែលមានការចូលរួមពីលោក អ៊ាង សុផាល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីសំណាក់បណ្ដាក្រសួងស្ថាប័នជាតិ ស្ថានទូតដៃគួរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ ក្រុមយុវជនមកពីសហភាពសម្ព័ន្ធយុវជនកម្ពុជា។

គម្រោងនេះ មានការសហការជ្រោមជ្រែងពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងការគាំទ្រពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការយកចិត្តទុកដាក់លើកម្មវិធីអភិវឌ្ឍទីក្រុងនៅកម្ពុជា។

លោក អ៊ាង សុផាល្លែត បានឲ្យដឹងថា ការអភិវឌ្ឍបៃតង ដែលជាគំរូអភិវឌ្ឍន៍ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថាន និងការខិតខំប្រឹងប្រែងអភិវឌ្ឍបៃតងរបស់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។

បន្ថែមលើនេះ លោកក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជំរុញអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍទីក្រុងនិរន្តរភាពនៅក្នុងអាទិភាពគោលនយោបាយរបស់ខ្លួន សម្រាប់ឱកាសពន្លឿនកំណើនសក្តានុពលបន្ថែមទៀត តាមរយៈការអនុវត្តទីក្រុងបែតង និងជំរុញឲ្យមានឱកាសផ្សេងៗ ពីវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យអចលនទ្រព្យ និងសំណង់។

លោក ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៅលើការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ។ ខណៈពេលដែលសេដ្ឋកិច្ចរាជធានីភ្នំពេញ មានការរីកចម្រើនខ្លាំង ហើយមានប្រជាជនចូលមករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតកាន់តែច្រើន ពិតជាមានសារៈសំខាន់ ភ្នំពេញ ត្រូវតែមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។

លោកអភិបាលរង ក៏បានចង្អុលបង្ហាញពីផលវិបាកទាំងវិជ្ជមាន និងអវិជ្ជមាននៃការរីកលូតលាស់យ៉ាងឆាប់រហ័យនៃ​វិស័យ នគរូបនីយកម្ម ដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមមាន ការកកស្ទះចរាចរណ៍ ទឹកកខ្វក់ និងការកើនឡើងនៃបរិមាណសំរាមក្នុងរាជធានីជាដើម។

លោកស្រី Karolien Casaer អ្នកតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំប្រទេសកម្ពុជា បានបង្ហាញអំពីការផ្លាស់ប្តូរនៃការអភិវឌ្ឍទីក្រុងបៃតង អាចជួយដល់ប្រជាជន និងវិស័យឧស្សាហកម្ម ក្នុងរាជធានីភ្នំពេញ និងជាឱកាសក្នុងការបង្កើតការងារ ការវិនិយោគបៃតង និងការកើនឡើងនូវសុខភាពសាធារណៈ ព្រមទាំងសុខមាលភាពរបស់ប្រជាជន។ 

លោកស្រីក៏បាន គូសបញ្ជាក់ពីគម្រោងខ្លះៗនៅក្នុងខេត្តសៀមរាប កែប និងបាត់ដំបង ដែល GGGI បាននិងកំពុងធ្វើការជាមួយរដ្ឋបាលក្រុងទាំងនោះ និងសហគមន៍ធុរកិច្ចក្នុងស្រុក ស្តីពីដំណោះស្រាយលើការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ។

តាមរយៈសេណារីយ៉ូឧស្សាហកម្មបៃតង បង្ហាញឲ្យឃើញថា ការណែនាំឲ្យមានការប្រើប្រាស់បច្ចេកវិជ្ជាបៃតង ក្នុងវិស័យឧស្សាហកម្មអាចបន្ថែមលើផលិតផលក្នុ​ងស្រុក ប្រមាណ2,7ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ 2030 និងបង្កើតឱកាសការងារបានជាង 0,5លាន ខណៈដែលការកាត់បន្ថយការបំភាយឧស្ម័ន និងការបំពុលបរិស្ថាន។ GGGI ក៏អាចបំពេញផលប្រយោជន៍ស្រដៀងគ្នានេះ ពីវិស័យអគារបៃតង ឬក៏ការជ្រើសរើសមកប្រើប្រាស់ការដឹកជញ្ជូន ដែលល្អសម្រាប់បរិស្ថាន៕

 

អត្ថបទដោយ: Rath