ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំប្រចាំឆ្នាំ នឹងរៀបចំនៅដើមធ្នូខាងមុខនេះ

ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំប្រចាំឆ្នាំ នឹងរៀបចំនៅដើមធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា លើកទី៦ និងរៀបចំពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម នឹងរៀបចំឡើងនៅ ថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា លើកទី៦ និពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម នឹងរៀបចំឡើងនៅ ថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ការរៀបចំតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា កាន់តែមានលក្ខណៈអន្តរជាតិធំទៅៗ ជាក់ស្ដែងសម្រាប់ឆ្នាំនេះសមាគម បានរៀបចំស្តង់ចំនួនជាង៣០០ស្តង់ ឱ្យក្រុមហ៊ុនទាំងក្នុង និងបរទេសប្រមាណ២០០ក្រុមហ៊ុនតាំងបង្ហាញ និងលក់ផលិតផលដែលជាសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទសុទ្ធសឹងទំនើបៗ មានគុណភាព និងស្តង់ដារល្អៗ ហើយផលិតផលទាំងនេះមិនតិចជាង១.៥០០ប្រភេទឡើយ។

អ្នកឧកញ៉ាបន្ដថា ផលិតផលទាំងនោះក៏មានទាំងសេវាលក់អចលនទ្រព្យ, ផ្ទះសម្បែង, សេវាធនាគារ, ធានារ៉ាប់រង, សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗទំនើបៗនាំចូលពី បណ្តាប្រទេសជាច្រើនលើពិភពលោកផងដែរ។ ក្នុងនោះរួមមានដូចជា ការតម្លើងប្រព័ន្ធទឹក, អគ្គីសនី, ម៉ាស៊ីនត្រជាក់, កាម៉េរ៉ាសុវត្ថិភាព។

មិនតែប៉ុណ្ណោះ លោកឧកញ៉ាថា កម្មវិធីពិព័រណ៍នេះ ក៏ផ្តល់ឱកាស និងទីកន្លែងសម្រាប់ឱ្យ ធុរជនទាំងអស់ពិសេសអ្នកមានរបរអាជីវកម្ម ជាអ្នកសាងសង់, អ្នកលក់, អ្នកទិញ, អ្នកចែកចាយ, អ្នកផ្គត់ផ្គង់បានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាគ្នាថា អ្វីដែលជាតម្រូវការជាក់ស្តែង និងចាំបាច់សម្រាប់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។

អ្នកឧកញ៉ាបានបន្ដទៀតថា ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអ្នកជំនាញមកពីឧស្សាហកម្មសំណង់ ក៏ដូចជាមន្រ្តីរដ្ឋាភិបាល ហើយស្តង់ពិព័រណ៍ជាង ៣០០ស្តង់មកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវសម្ភារៈនិងសេវាកម្មជាច្រើនប្រភេទ។

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនខ្លះជាសាខាក្រុមហ៊ុន របស់បរទេសមកពី៖ ចិន ជប៉ុន កូរ៉េ ថៃឡង់ដ៏ សឹង្ហបុរី ស៊ុយអ៊ែត ស្វីសហ្សេលែន ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូនេស៊ី។

សមាគមអ្នកសាងសង់កម្ពុជា អំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់កម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដោយ: Pisey