គណៈវិស្វករកម្ពុជាជំរុញវិស្វករគ្រប់មុខជំនាញចាំបាច់ត្រូវចុះបញ្ជី​

គណៈវិស្វករកម្ពុជាជំរុញវិស្វករគ្រប់មុខជំនាញចាំបាច់ត្រូវចុះបញ្ជី​

ភ្នំពេញ៖ គណៈ​វិស្វករ​កម្ពុជា បាន​ស្នើ និងជំរុញជាថ្មីម្តងទៀត ​ឱ្យ​វិស្វករ​គ្រប់​មុខជំនាញ​វិជ្ជាជីវៈ​វិស្វកម្មទៅចុះបញ្ជីនៅ​គណៈ​វិស្វករ​កម្ពុជាជាចាំបាច់ ព្រោះ​បើគ្មាន​ចុះបញ្ជីឈ្មោះ វិស្វករ​នោះ នឹងមិន​អាច​ទទួល​គោរមងារជា​វិស្វករ​អាជីព​ជាតិ វិស្វករ​អាស៊ាន ឬវិស្វករ​អាជីព​ឆ្នើម​អាស៊ាន​បាននោះទេ។

ការជំរុញជាថ្មីម្តងទៀតនេះ ខណៈ​បច្ចុប្បន្ន​​ចំនួនវិស្វករដែល​មក​ចុះបញ្ជី​នៅមានកម្រិត​នៅឡើយ​ ទោះខាងគណៈ​វិស្វករ​កម្ពុជាបានខិតខំផ្សព្វ​ផ្សាយអំ​ពីបញ្ហានេះបែបណាក្តី។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា លោក លឹម សុ​ថាវ បានប្រាប់ KHB Media ​ថា គណៈ​វិស្វករ​កម្ពុ​ជា​មាន​តួនាទី​ប្រមូល​ផ្តុំ​ និង​គ្រប់គ្រង​វិស្វករ​ទូទាំង​ប្រទេស ​ក្នុង​គោលបំណង​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​បច្ចេកទេស ស្របតាម​កាលៈទេសៈ​នៃ​វិទ្យាសាស្ត្រ​បច្ចេកទេស​ជឿនលឿន​​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ធានា​គុណភាព​វិស្វកម្ម​របស់​វិស្វករ​ជាតិ​ប្រកបការងារ​​សេវា​វិស្វកម្ម​នេះ​។

លោកបានពន្យល់ថា មូលហេតុដែលវិស្វករ​ទាំងជាតិ និងអន្តរជាតិ កំពុង​បម្រើការ​នៅ​កម្ពុជា​ចាំបាច់ត្រូវចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ព្រោះមានគុណ​ប្រយោជន៍​ច្រើន​ អាចក្លាយជាវិស្វករស្របច្បាប់ មាន​សិទ្ធិ​ដាក់​បេក្ខភាព​របស់ខ្លួន​សម្រាប់​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ និង​វិស្វករ​អន្តរជាតិ ក្នុង​តំបន់​អាស៊ាន​ ព្រមទាំងមាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ស្របច្បាប់​ពេល​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ។ មិនតែប៉ុណ្ណោះ ការចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​អាចជួយឲ្យវិស្វករទាំងអស់ មិនប្រឈមនឹងការផាកពិន័យតាមប្រព័ន្ធ​ច្បាប់​ថែម​ទៀត។

បន្ថែមលើនេះ កាលណាវិស្វករទាំងអស់បានចុះបញ្ជីរួចរាល់ ពួកគេក៏មានឱកាសទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​​វិជ្ជាជីវៈបន្ថែម ដែល​គណៈ​វិស្វករ​កម្ពុជានឹង​រៀបចំ​តាម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី រយៈពេល​វែង​ និង​តាមរយៈ​សិក្ខាសាលា​នានាជាដើម​។

ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ពេជ សោភ័ន ក៏បានលើកទឹកចិត្តឲ្យ​វិស្វករដែលកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ ឱ្យមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានជាគោរមងារ ពិសេសមានឱកាសផ្លាស់ទីធ្វើការងារស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជីវិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍដោយភាពប្រាកដប្រជា​ រួចទើបស្ថាប័នជំនាញនេះសម្រេចលទ្ធផលតាមក្រោម។

រហូតបច្ចុប្បន្នមានវិស្វករជាង៤ពាន់នាក់ហើយ ដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ក្នុងនោះមានទាំងវិស្វករដំបូង វិស្វករអាជីព វិស្វករបរទេស វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន វិស្វករអាស៊ានវ័យក្មេង និងវិស្វករកិត្តិយសអាស៊ានជាដើម។

ផ្អែកតាមការសិក្សារបស់អង្គការជប៉ុន JICA ដែលធ្វើការនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេស។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធនៅតែអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់បម្រើការនៅកម្ពុជា ដែលមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ ហើយបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន៕

អត្ថបទដោយ: Pisey