តើខណ្ឌដង្កោនឹងទៅជាអ្វី នៅឆ្នាំ២០៣០?

តើខណ្ឌដង្កោនឹងទៅជាអ្វី នៅឆ្នាំ២០៣០?
ជាតំបន់ដាច់ស្រយាលមួយ នៃភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោពោរពេញទៅដោយ វាលស្រែដែលមានដីសើម និងជាតំបន់បឹង។ តែបច្ចុប្បន្នខណ្ឌដង្កោកំពុងប្រែក្លាយទៅជា តំបន់ដែលសំបូរទៅដោយសំណង់លំនៅដ្ឋាន និង កំពុងមានសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់។ តើតំបន់នេះនឹងក្លាយទៅជាយ៉ាងណា នៅឆ្នាំ២០៣០? បើយោងតាមរបាយការណ៍លោក ហ៊ឹម សីហា ដែលជានាយកនៃការស្រាវជ្រាវ របស់ក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា គិតពីឆ្នាំ ២០០៨ ដល់ ២០១៧ ខណ្ឌដង្កោមានការកើនឡើងទាំងចំនួនប្រជាជន និង កំណើនសំណង់លំនៅដ្ឋាន។​ ដែលទិន្ន័យសរុបក្នុងឆ្នាំ២០១៧ គឺមានផ្ទះល្វែងដែលសាងសង់រួចរហូតដល់ទៅ ១៧,៦៦៤​ យូនិត និង ជាង៣,០០០ យូនិតទៀត ស្ថិតក្នុងការសាងសង់។ លើកពីនេះទៅទៀតលោក សីហា ក៏បានព្យាករណ៍ទុកថា យ៉ាងយូឆ្នាំ ២០៣០ ខណ្ឌដង្កោនឹងប្រែពីតំបន់ជាយក្រុង ទៅជាតំបន់កណ្តាលក្រុងវិញ។ មានន័យថាខណ្ឌដង្កោអាចក្លាយទៅជា ខណ្ឌធំទី៣ របស់រាជធានីភ្នំពេញ ដែលមានចំនួនប្រជាជន លំនៅដ្ឋាន អគារពាណិជ្ជកម្មច្រើនជាងគេ​ ក្នុងចំណោមខណ្ឌធំៗទាំង១២។ ការហ៊ានព្យាករណ៍បែបនេះ ដោយសារលោកសំលឹងឃើញថា មានគម្រោងដ៏មហិមាមួយចំនួនដែលគ្រោងនឹង ស្ថាបនាក្នុងខណ្ឌដង្កោនេះ។ ដែលគម្រោងទាំងនោះមានដូចជា៖ គម្រោងបង្កើតទីក្រុងរណប ING City ក្នុងគម្រោងទីក្រុងរណប ING City របស់លោកឧកញ៉ា អឹង ប៊ុនហូវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ING HOLDINGS ដែលចំនាយដើមទុនប្រមាណ ២ពាន់លានដុល្លារអាមេរិកនោះ រួមមាន ( មន្ទីពេទ្យ សាលារៀន លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម បឹងធម្មជាតិ និងកន្លែងកម្សាន្ត...) ជាដើម​។ គម្រោងសាងសង់ផ្សារ អ៊ីអន ម៉លទី៣​ តាមរយៈព័ត៌មានគ្រោងនឹងសាងសង់ផ្សារ អ៊ីអន​ ទី៣ របស់ក្រុមហ៊ុម AEON Cambodia និងស្របពេលដែលក្រុមហ៊ុនកំពុងទិញដី ក្នុងខណ្ឌដង្កោនោះ បានធ្វើអោយខណ្ឌដង្កោ ក្លាយទៅជាគោលដៅចម្បងរបស់អ្នកវិនិយោគ និងតម្លៃដីមានសន្ទុះកើនឡើងជាលំដាប់។ គម្រោងសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ គឺជាការតភ្ជាប់នូវផ្លូវទៅមករវាង ភ្នំពេញ និង ខេត្តកណ្តាល។ ដែលជាមូលហេតុធ្វើអោយការធ្វើចរាចរណ៍ឆ្លងទៅមក ក្នុងខណ្ឌដង្កោកាន់តែមានភាពមមារញឹក។ ដូច្នេះហើយខណ្ឌដង្កោ អាចនឹងក្លាយទៅជាតំបន់ទីប្រជុំជន ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ លែងជាតំបន់វាលស្រែដីសើម និងតំបន់បឹងដូចមុនទៀតហើយ៕
អត្ថបទដោយ: Medikan