CVEA នាំយកគន្លឹះសំខាន់ចំនួន៣ លើវិស័យអចលនទ្រព្យនៅអាមេរិក មកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា

CVEA នាំយកគន្លឹះសំខាន់ចំនួន៣ លើវិស័យអចលនទ្រព្យនៅអាមេរិក មកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខ​នីម បានឱ្យដឹងថា  CVEA នឹងនាំយកចំនុចសំខាន់ៗ ចំនួន៣ ដែលបានរៀនសូត្រពីកិច្ច​​ប្រជុំនៅ​សហរដ្ឋអាមេរិក  ដើម្បីជំរុញ​ការអភិវឌ្ឍវិស័យអចលន​ទ្រព្យនៅ​កម្ពុជា​ឱ្យ​កាន់តែមានសក្តានុពល និងយូរអង្វែង។

ការលើកឡើងពីសំណាក់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅពេលនេះ គឺក្រោយពេល  ដែលរូបលោកនិងសមាជិកសមាគមចំនួន២៣នាក់ ត្រឡប់​ ពីចូលរួមសន្និសីទ និងពិព័រណ៍ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអច​ល​ន​ទ្រព្យសហអាមេរិក(NAR)នៅទីក្រុងសេនហ្រ្វេនស៊ីស្កូ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់ KHB Media ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីម បានឲ្យដឹងថា ការចូលរួមសន្និសីទនេះ គឺក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសពង្រីកការវិនិយោគលើវិស័យ​អចលនទ្រព្យឱ្យកាន់តែរីកចម្រើនថែមទៀតជាមួយនឹងក្រុមហ៊ុនកម្ពុជា និងសហរដ្ឋអាមេរិក ពិសេសពីបណ្តាប្រទេស​ជិត​៨០ទៀតមកពីជុំវិញពិភពលោកដែលចូលរួមសន្និសីទនោះ

តាមរយៈបទពិសោធន៍នៃការចូលរួមសន្និសីទនេះដែរ លោកប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)  បានអះអាងថា សមាគមអាចរៀនសូត្របានច្រើនពីចំនុចអភិវឌ្ឍន៍វិស័យអចលនទ្រព្យពីសហរដ្ឋអាមេរិក។  ប៉ុន្តែលោក​ថា ចំនុច៣​សំខាន់ ដែលសមាគមនឹងយកពីសន្និសិទនៅអាមេរិក មកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា នោះគឺ៖ ចំណេះដឹងបច្ចេកវិទ្យា និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យរបស់សហរដ្ឋអាមេរិក។

លោកថា សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក(NAR) បានចែក​រំលែក​មក​កាន់​កម្ពុជាថា ដើម្បីអនុវត្តន៍ចំនុចសំខាន់ៗទាំង៣ មានប្រសិទ្ធភាពក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាយុទ្ធសាស្រ្តសំខាន់ គឺអ្នកវិនិយោគសហរដ្ឋអាមេរិក បានជំរុញឱ្យកម្ពុជា ចាំបាច់ត្រូវបង្កើន និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យនេះឱ្យខ្លាំង ឲ្យមានសក្តានុពលពេញលេញនិងមានវិជ្ជាជីវៈជាមុនសិន។ នេះបើតាមការបញ្ជាក់របស់ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

លោកបន្តថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានធនធានមនុស្សច្រើន ហើយអចលន​ទ្រព្យ​​វិញ គឺគេប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទូលំទូលាយ ហើយផ្តល់ទំនុកចិត្តខ្លាំងដល់អ្នកវិនិយោគ ដែលជាហេតុជួយឲ្យសហរដ្ឋអាមេរិកអភិវឌ្ឍន៍លឿនឆាប់រហ័សបែបនេះ ។

លោកបញ្ជាក់ថា ចំនុច​ទាំង៣ ដែលរួមមាន៖ ចំណេះដឹង បច្ចេកវិទ្យា និងភាពជោគជ័យក្នុង​វិស័យអចលនទ្រព្យ​របស់​សហរដ្ឋ​​អាមេរិក CVEA នឹងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដែលទទួលបាននេះ តាមរយៈ​កិច្ចប្រជុំ សិក្ខា​សាលា សន្និសីទ និងវគ្គបណ្តុះ​បណ្តាល​នានា ទៅកាន់អ្នករកស៊ីក្នុងវិស័យ​អចលន​ទ្រព្យកម្ពុជា។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ មកពីបណ្តាប្រទេសជិត៨០ ដែលចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ក៏បានសន្យានឹងបន្តជួយកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្តល់វគ្គបណ្តុះបណ្តាលពីវិស័យអចលនទ្រព្យ​ទៅកាន់សមាគម CVEA  ដើម្បីពង្រីកសក្ដានុពលអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

អត្ថបទដោយ: Pisey