ប្រធានថ្មីរបស់ SIKA ប្រចាំកម្ពុជា ប្រកាសពីមហិជ្ឍតាធំ

ប្រធានថ្មីរបស់ SIKA ប្រចាំកម្ពុជា ប្រកាសពីមហិជ្ឍតាធំ

SIKA មានភាពល្បីល្បាញទូទាំងពិភពលោក សម្រាប់ការផលិតផលិតផលទាក់ទងនឹងសំណង់​​ផ្សេងៗ។ ក្រុមហ៊ុនបានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2002 មកម្ល៉េះ ដោយក្រុមហ៊ុនលំដាប់សកលលោកមួយនេះ បានតែង​តាំង​នាយកប្រចាំប្រទេសថ្មីនៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មនៅក្នុងព្រះរាជាណា​ចក្រកម្ពុជា។ លោកនាយកថ្មីមួយរូបនេះ គឺជាជនជាតិអេស្ប៉ាញ ដែលមានបទពិសោធន៍ជិត 15 ឆ្នាំ ក្នុងឧស្សាហកម្មសំណង់ ដែល​បានបញ្ចប់​ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មស៊ីវិល នៅប្រទេសអេស្ប៉ាញ។ លោក Jacobo Perez Polaino បានបម្រើការងារជាអ្នកម៉ៅការសាងសង់មេជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ និងក្រោយមកនៅហុងគ្រី។ ក្នុងឆ្នាំ 2012 លោកបានចូលរួមជាមួយ SIKA ដោយទទួលបានការចាត់តាំងឲ្យទទួលខុសត្រូវលើការគ្រប់គ្រងគម្រោងសំខាន់ៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រោយមកទៀត លោកទទួលខុសត្រូវបន្ថែមទៀតក្នុងនាមជាអ្នកគ្រប់គ្រងសម្រាប់អាជីវកម្មកម្រាល និងដំបូល។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាលាពាណិជ្ជកម្ម INSEAD លោកត្រូវបានតែងតាំងជានាយកចាត់ការទូទៅរបស់ SIKA Cambodia កាលពីខែ មករា ដើមឆ្នាំនេះ។ បន្ទាប់ពីទទួលបានមុខដំណែង​ជា​នាយក​ប្រចាំប្រទេស​ថ្មីនៅកម្ពុជាតពីលោក Antoine Danielli លោក Jacobo អះអាងថា ការបង្កើនវប្បធម៌របស់ SIKA នឹងពង្រីកសមត្ថភាពផលិតកម្ម និងចាប់យកចំណែកទីផ្សារកាន់​តែ​ច្រើន នេះជាបេសកកម្មចម្បងដែលត្រូវបំពេញ សម្រាប់អាណត្តិរបស់លោក​។ លោក Jacobo កោតសរសើរលោក Antoine ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យមួយសម្រាប់ SIKA Cambodia។ យ៉ាងណាក៏ដោយ ដើម្បីពង្រីកវិសាលភាពរបស់​ក្រុមហ៊ុនបន្ថែមទៀត គាត់បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកែប្រែរចនាសម្ព័ន្ធគ្រប់គ្រង ដែលខុសគ្នាពីទិដ្ឋភាពមួយចំនួនពីលក្ខណៈមុន។ «ខ្ញុំត្រូវបានអប់រំដើម្បីផ្តល់អំណាចដល់ក្រុមរបស់ខ្ញុំ និងបង្កើតក្រុមហ៊ុន ដែលពឹងផ្អែកលើការងារជាក្រុមជាជាងការងារបែបបុគ្គល។ យើងទាំងអស់គ្នាមានការបំពេញបន្ថែមលើគ្នា​ទៅវិញ​ទៅមក ហើយសារៈសំខាន់នៃក្រុមការងារគឺជាការរួមចំណែករបស់យើងចំពោះការងារជាក្រុម»។ គាត់បានប្រាប់គេហទំព័រ KHB Media តាមរយៈបទសម្ភាសផ្តាច់មុខមួយនៅដើមខែ មិថុនា ដោយបន្ថែមថា «យើងនៅទីនេះដើម្បីបង្កើតតម្លៃសម្រាប់អតិថិជនរបស់យើង ហើយនេះនឹងឆ្លុះបញ្ចាំងជាចុងក្រោយពីតម្លៃ ដែលយើងបង្កើតសម្រាប់​អ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុនរបស់យើងផងដែរ។ នេះគឺជាគំនិតដែលខ្ញុំចែករំលែកជាមួយក្រុមរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថារចនាបថភាពជាអ្នកដឹកនាំនេះ នឹងបន្តប្រវត្តិសាស្រ្តជោគជ័យរបស់ SIKA នៅក្នុងប្រទេសកម្ពុជា»។ ដោយបានវិភាគពីគោលដៅរបស់ក្រុមហ៊ុន និងបរិយាកាសសំណង់នៅកម្ពុជា សសរទ្រូងទី 2 នៃយុទ្ធសាស្រ្តរបស់លោកនៅកម្ពុជាគឺ ការជំរុញផលិតកម្ម។ លោកមានបំណងពង្រីកផលិតកម្ម ដើម្បីបង្កើនការផ្តល់ជូនរបស់ SIKA ក្នុងការផលិតផលិតផលក្នុងស្រុកសម្រាប់ទីផ្សារសំណង់កម្ពុជា។ ចុងបញ្ចប់ គាត់ចង់ដឹកនាំគ្រួសារ SIKA កម្ពុជាដ៏អស្ចារ្យ ដោយសារពួកគេមានមោទនភាព ដែលបានធ្វើការនៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គីមីសំណង់ឈានមុខគេនៅក្នុងប្រទេស និងនៅលើពិភពលោក។ «ខ្ញុំមានបំណងចង់ឃើញក្រុមហ៊ុន SIKA កាន់តែរឹងមាំ និងជាក្រុមហ៊ុនមួយដែលបុគ្គលិកត្រូវបានទទួលស្គាល់ជាអ្នកជំនាញក្នុងវិស័យរបស់ពួកគេ»។ បង្កើតឡើងនៅប្រទេសស្វីសក្នុងឆ្នាំ 1910 SIKA ជាអ្នកជំនាញផ្នែកគីមីដ៏ធំបំផុតមួយរបស់ពិភពលោក ដែលផលិតផលិតផលជាច្រើនសម្រាប់កិច្ចការផ្សារភ្ជាប់ ការបន្ថយ ការពង្រឹង និងការការពារជម្រាបទឹកនៅក្នុងវិស័យអគារ និងឧស្សាហកម្មយានយន្ត។ សព្វថ្ងៃនេះ SIKA មានសកម្មភាពនៅក្នុងបណ្តាប្រទេសជាង 100 នៅក្នុងទ្វីបទាំងអស់។  SIKA មាន 7 មុខជំនួញដែលរួមមាន៖ បេតុង ការពារជម្រាបទឹក ជួសជុលកម្រាលឈើ ដំបូល ការបិទភ្ជាប់ និងការផ្សារភ្ជាប់ នឹងអាជីវកម្មជុំវិញសកលលោក។ មុខជំនួញចំនួន 6 ដំបូងត្រូវបានផ្តោតលើឧស្សាហកម្មសាងសង់ ដែលក្រុមហ៊ុនផ្តល់ជូននូវផលិតផល និងដំណោះស្រាយចំពោះក្រុមហ៊ុនផ្គត់ផ្គង់បេតុងលាយស្រាច់ ការសាងសង់អគារ អគារឧស្សាហកម្ម ឬហេដ្ឋារចនាសម្ព័ន្ធជាដើម។ បង្កើតឡើងក្នុងឆ្នាំ 2002 SIKA (ខេមបូឌា) អិលធីឌី គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងមុខជំនួញគីមីសំណង់របស់ប្រទេសកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុននៅទីនេះផ្តោតសំខាន់លើទីផ្សារសំណង់ ដោយនាំមុខគេក្នុងទីផ្សារការពារជម្រាបទឹក ចម្រាញ់បេតុង ផលិតផលជួសជុលបេតុង ប្រព័ន្ធកម្រាល ដំណើរការ ឬការផ្សារភ្ជាប់គ្នា។ ខណៈដែល SIKA នឹងផ្លាស់ប្តូរការិយាល័យទៅកាន់ទីតាំង ដែលប្រសើរជាមុននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបង្កើនចំនួនដៃគូរផ្គត់ផ្គង់ក្នុងស្រុករហូតដល់ 105 នៅត្រឹមឆ្នាំ 2020 ។ នៅប្រទេសកម្ពុជា SIKA គឺជាសាជីវកម្មពហុជាតិតែមួយគត់ (MNC) ដែលមានឯកទេសលើវិស័យគីមីសំណង់ ដែលកំពុងធ្វើប្រតិបត្តិការរោងចក្រផ្ទាល់ខ្លួននៅក្នុងព្រះរាជាណាចក្រ។ គាត់អបអរសាទរចំពោះភាពចម្រុងចម្រើនដែលក្រុមហ៊ុនបានសម្រេចកន្លងមក។ «វត្តមាននៅក្នុងស្រុករបស់យើងជួយឱ្យយើងមានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងបង្កើតក្រុមផ្ទាល់ខ្លួន ដោយមានបច្ចេកទេសដ៏អស្ចារ្យ ដែលធ្វើឱ្យយើងក្លាយជាអ្នកផ្គត់ផ្គង់។ លើសពីនេះទៀត វត្តមាននិងរោងចក្រក្នុងតំបន់របស់យើងអនុញ្ញាតឱ្យយើងកែសម្រួលផលិតផលរបស់យើង និងសម្របខ្លួនពួកគេទៅតាមតំរូវការទីផ្សារ និងវត្ថុធាតុដើមក្នុងស្រុក»។ នៅក្នុងឆមាសទី 1 ឆ្នាំនេះ SIKA បានចាប់ផ្តើមផលិតផលិតផលថ្មីចំនួន ៥ នៅក្នុងទីផ្សារ។ អ្នកជំនាញខាងសំណង់រូបនេះ ដែលធ្លាប់ធ្វើការងារក្នុងវិស័យសំណង់នៅតាមទីផ្សារផ្សេងៗ បានសង្កេតឃើញថា ទីផ្សារសំណង់កម្ពុជាកំពុងដំណើរការយ៉ាងល្អ។ លោកបានចង្អុលបង្ហាញភាពវិជ្ជមាននេះដោយសំដៅទៅលើការកើនឡើងនៃតម្រូវការពីវិស័យសាធារណៈ និងវិស័យឯកជននៅត្រីមាសទី 1 ក្នុងឆ្នាំនេះ រួមជាមួយការអភិវឌ្ឍន៍រីកដូចផ្សិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធគម្រោងលំនៅដ្ឋាន និងឧស្សាហកម្មនៅទូទាំងប្រទេស។ លោកលើកឡើងថា៖ «គម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងចាប់ផ្តើមហើយ យើងរំពឹងថាការដឹកជញ្ជូនទាំងនោះនឹងបើកចំហទីផ្សារសំណង់ក្នុងរយៈពេលពី 3 ទៅ 5 ឆ្នាំខាងមុខ។ វានឹងនាំឱ្យមានតម្រូវការលំនៅដ្ឋានប្រកបដោយនិរន្តរភាពនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់រាជធានីភ្នំពេញជាប្រភពអាជីវកម្មតែមួយគត់»។ នៅលើផ្នែកដ៏លំបាកវិញ គាត់បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបង្កើនបទបញ្ញតិ្តសម្រាប់ការសាងសង់ ក៏ដូចជាការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន ដើម្បីបម្រើអ្នកប្រើប្រាស់ផងដែរ។ នៅ​​ចំពោះមុខនៃលំហូរវិនិយោគទុនចិនមកកម្ពុជា លោក Jacobo មានទស្សនៈ ២​ ផ្សេងគ្នា។ បើទោះបីជា គាត់យល់ស្របថា ជនជាតិចិន និងវិនិយោគិនចិន ពិតជាមានតួនាទី​សំខាន់នៅ​ក្នុងឧស្សាហកម្មសាងសង់នៅកម្ពុជា វាក៏ប្រាកដច្បាស់ថា ពួកគេតែងតែប្រើប្រាស់​ផលិត​ផល​​មកពីស្រុករបស់គេច្រើនជាង។ លោកបារម្ភថា ទស្សនៈបែបនេះអាចបំផ្លាញនូវឳកាស​សម្រាប់​ការលូតលាស់របស់កម្ពុជា។ ប៉ុន្តែអ្វីដែលលោកពិតជាចង់ឲ្យមានការផ្លាស់ប្តូរគឺ ជាបទបញ្ញត្តិសុវត្ថិភាពនានា ដែលរឹត​បន្តឹង​ច្បាប់មិនអនុញ្ញាតឲ្យយកកម្មករសំណង់ជាក្មេងមកធ្វើការក្នុងការដ្ឋាន។ «ខ្ញុំឈឺចាប់ណាស់នៅពេលដែលខ្ញុំឃើញក្មេងជំទង់ៗលីបាវស៊ីម៉ង់នៅតាមការដ្ឋាន»៕

អត្ថបទដោយ: Vutha