ព្រលានយន្តហោះខេត្តបាត់ដំបងគ្រោងបើកដំណើរការឡើងវិញឆាប់ៗនេះ

ព្រលានយន្តហោះខេត្តបាត់ដំបងគ្រោងបើកដំណើរការឡើងវិញឆាប់ៗនេះ

បាត់ដំបង៖ ក្រុមការងារគណៈកម្មការចម្រុះ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សាគណៈកម្មការចម្រុះ ដើម្បីអនុវត្តចុះស្រង់ស្ថិតិវាស់វែង និងធ្វើកម្មសិទ្ធិអាកាសយន្តដ្ឋានខេត្តបាត់ដំបង ភាគីទាំងពីរបានបង្ហាញអំពី គោលបំណងគ្រោងបើកដំណើរការឡើងវិញជាថ្មី នូវចំណតអាកាសយានដ្ឋានខេត្តបាត់ដំបងនាពេលខាងមុខនេះ។

នាកិច្ចប្រជុំ ថ្ងៃទី១៩ ខែមីនាកន្លងមកនេះ លោក តិក សាលី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានអាកាសយាន្តដ្ឋានខេត្តបាត់ដំបងបានបញ្ជាក់ អំពីគោលបំណង​សំខាន់​ នៃការចុះស្រង់ស្ថិតិទិន្នន័យដីជុំវិញបរិវេណអាកាសយាន្តដ្ឋានវាលបែកចាន ឬព្រលានយន្តហោះខេត្តបាត់ដំបង ថាដើម្បីដំណើរការជួសជុលចំណតយន្តហោះនេះ សម្រាប់បម្រើការងារហោះហើរចុះឡើងនៅខេត្តបាត់ដំបង ដែលនឹងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

ឆ្លើយតបនឹងការលើកឡើងអំពីបញ្ហានេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកបានបង្ហាញនូវភាពរីករាយតបនឹងផែនការថ្មីនេះ ដោយលោកសន្យានឹងចូលរួមសហការជាមួយគណ:កម្មការចម្រុះ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះស្រង់ស្ថិតិលើបរិវេណដីជុំវិញព្រលានយន្តហោះក្នុងខេត្តបាត់ដំបង ក្រោយបានទិន្នន័យច្បាស់លាស់ រដ្ឋបាលខេត្តនឹងរាយការជូនគណ:កម្មការនេះ នាកិច្ចប្រជុំបន្ទាប់ទៀត រហូតទទួលបានលទ្ធផលជោគជ័យ។​

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារគណៈកម្មការចម្រុះនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋបាលខេត្តបាត់ដំបង បានសម្រេចកំណត់ថ្ងៃជាក់លាក់ចុះស្រង់ស្ថិតិ អំពីផលប៉ះពាល់នានាលើដីចំណាតអាកាសយានដ្ឋានបែកចានទៅតាមដំណាក់ការ ហើយធ្វើការដោះស្រាយទៅតាមកម្រិត

គម្រោងបើកដំណើរការឡើងវិញចំណតអាកាសយាន្តដ្ឋានខេត្តបាត់ដំបងនេះ ត្រូវប្រកាសក្រោយ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងអំពីបញ្ហានេះនាពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។ ដោយលោកនាយករដ្ឋមន្ត្រីបានស្នើទៅលោកអភិបាលខេត្ត និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវជូនដំណឹងដល់ពលរដ្ឋ ហាមមិនឱ្យសាងសង់សំណង់ខ្ពស់ៗ ស្ថិតកៀកនឹងតំបន់ព្រលានយន្តហោះបែកចាន (ព្រលានយន្តហោះចាស់) នាខេត្តបាត់ដំបងឡើយ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះពេលអនាគត។

ប្រមុខរដ្ឋាភិបាលបានណែនាំឱ្យមន្ត្រីសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធ ត្រូវសិក្សា ហើយថែរក្សាព្រលានយន្តហោះបាត់ដំបងឱ្យបាន (ព្រលានយន្តហោះបែកចាន)។ ទោះបច្ចុប្បន្នព្រលានយន្តហោះនេះ មិនទាន់ផ្តើមដំណើរការសាងសង់នៅឡើយ តែអនាគតចាំបាច់ត្រូវអភិវឌ្ឍន៍គម្រោងនេះ។

សម្រាប់លោកនាយករដ្ឋមន្ត្រី ទោះព្រលានយន្តហោះខេត្តបាត់ដំបងមិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី តែបើពេលខាងមុខកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរមានភាពរីកចម្រើន នោះតម្រូវការធ្វើដំណើរក្នុងប្រទេសនឹងកើនខ្ពស់ ឯការធ្វើដំណើរតាមផ្លូវអាកាសក៏នឹងមានច្រើន ដូច្នេះត្រូវរៀបផែនការសម្រាប់ការងារនេះទុកជាមុន នោះទើបប្រសើរ។

សូមបញ្ជាក់ថា ព្រលានយន្តហោះខេត្តបាត់ដំបង បានផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហម កាន់កាប់អំណាច នារបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះត្រូវបិទដំណើរការរហូតបច្ចុប្បន្នតែម្តង៕

 

អត្ថបទដោយ: Pisey