ហុងកុងបង្ខំចិត្តបញ្ឍប់ការងារបុគ្គលិកសំណង់ប្រមាណណ៥ម៉ឺននាក់ ព្រោះជម្ងឺកូរ៉ូណា

ហុងកុង៖ គម្រោងសាងសង់នៅហុងកុង បានជាប់គាំង ហើយកម្មករសំណង់ចំនួន ៥ ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬ Covid-19 ដែលបានរំខានដល់នាំចូលវត្ថុធាតុដើមពីចិនដីគោក ខណៈដែលទីក្រុងប៉េកាំងបានបិទទ្វារ ដើម្បីព្យាយាមទប់ស្កាត់និងការពារវីរុសនេះ។
យោងតាមអ្នកគ្រប់គ្រងទូទៅ នៃសហគ្រាសឧស្សាហកម្មសំណង់ហុងកុង បានឱ្យដឹងថាកម្មករ ៨ម៉ឺននាក់ផ្សេងទៀត បានឈប់សម្រាកពី ១ថ្ងៃទៅ ២ ថ្ងៃក្នុងមួយសប្តាហ៍ ខណៈអ្នកម៉ៅការរងចាំលទ្ធផលពីពីថ្នាក់លើដើម្បីសម្រេចបើកការដ្ឋានសាងសង់ជាថ្មី។
លោកបានបន្តថា បច្ចុប្បន្នបុគ្គលិកពាក់កណ្តាល នៃសមាជិកបុគ្គលិករបស់លោកចំនួន ៥ ៧០០០នាក់ គឺគ្មានការងារធ្វើ។ កត្តាទាំងនេះ ដោយសារការខ្វះខាតសម្ភារៈសំណង់ សម្រាប់ផ្គត់ផ្គង់ក្នុងការដ្ឋាន ដែលមិនអាចឱ្យវិស័យនេះបន្តទៅជំហានបន្តបន្ទាប់បាន។
ការគណនារបស់ហុងកុង បានបង្ហាញថា កម្មករគ្មានការងារធ្វើចំនួន ៥ ម៉ឺននាក់នៅទូទាំងវិស័យសំណង់នេះ មានន័យថាមួយភាគបីនៃកម្លាំងពលកម្មសំណង់ក្នុងតំបន់រដ្ឋបាលពិសេស ដែលបានបាត់បង់ការងាររបស់ពួកគេ។
លោក Stephen Lee Ka-lun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Chun World Construction Holdings បាននិយាយថា សម្ភារៈជាច្រើនមិនត្រូវបានគេយកមកពីចិនដីគោក ដូចជា ប្លុកបេតុង ហើយរោងចក្រនៅប្រទេសចិនមិនមានដំណើរការឡើងវិញទេ។ លោក David Kwok Chun-wai នាយកគ្រប់គ្រងក្រុមហ៊ុន New World Construction ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនរបស់លោកក៏ទទួលរងនូវការរំខានដល់ចង្វាក់ផ្គត់ផ្គង់ផងដែរ។
លោកថា៖ «យើងមិនទាន់ដឹងច្បាស់អំពីផលប៉ះពាល់នៅឡើយទេ វាហាក់ដូចជាលឿនពេកដើម្បីប្រមើលមើលពីការពន្យារពេលក្នុងការបញ្ចប់»។ ហុងកុងក៏មានក្តីសង្ឃឹមថា វិស័យនេះនឹងមានដំណើរការឡើងវិញ នៅពេលប្រទេសចិនបានចាប់ផ្តើមដំណើរការមូលដ្ឋានផលិតកម្មរបស់ខ្លួនឡើងវិញ៕