តោះ! មកមើលលក្ខណៈពិសេសរបស់គ្រឿងសង្ហារឹមប្រភេទ Loose Furniture

តោះ! មកមើលលក្ខណៈពិសេសរបស់គ្រឿងសង្ហារឹមប្រភេទ Loose Furniture

គ្រឿង​សង្ហារឹមប្រភេទ​ Loose Furnitureកំពុងពេញនិយម និងមានតម្រូវការខ្លាំង ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះនៅលើទីផ្សារកម្ពុជា។ តើអ្វីទៅជា គ្រឿងសង្ហារឹម ប្រភេទ Loose Furniture?​ តើ Loose Furniture វាមានលក្ខណៈពិ​សេសអ្វីខ្លះ?

លោក ដួង អក្ខរា អគ្គនាយក ក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ ដែលជាក្រុមហ៊ុននាំចូល គ្រឿង​សង្ហារឹមដ៏ធំមួយ​នៅ​កម្ពុជា បានឲ្យដឹងថា ឈើ កិន ឈើគៀប ជឿចំហុយ ដែលគេហៅថា ( Loose Furniture ) គឺជាគ្រឿងសង្ហារឹម ដែលគេឆ្នៃចេញពីកំទេចឬកំណា​ត់ឈើដែលគេយក​មកកិន លាយជាមួយក្រមួន ឬអ៊ុតជាមួយម៉ាឡាមីន ធ្វើជា តុ ទូ ឬកៅអី និងគ្រឿងសង្ហារឹមផ្សេងៗ​សម្រាប់​ប្រើប្រាស់នៅក្នុងការរស់នៅ និងបំពេញការងារជាដើម។

បើនិយាយដល់លក្ខណៈពិសេសរបស់ Loose Furniture វិញ គឺខុសពីគ្រឿងសង្ហារឹមបែបឈើប្រណិត ដែលគេយកវត្ថុធាតុដើមទាំងស្រុងទៅកែច្នៃ។ ដោយឡែក សម្រាប់ Loose Furniture គឺជាផលិត​ផលមួយដែល​យកមកដំឡើង ងាយស្រួលលើកដាក់ មានទម្ងន់ស្រាល មានសោភ័ណភាព នឹងអាចកែច្នៃទៅតាមប្រភេទ និងពណ៌តាម​តម្រូវការ និងចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ទៀតផង។  មិនតែប៉ុណ្ណោះ Loose Furniture មិនធ្វើឲ្យប៉ះពាល់បរិស្ថាន ព្រោះវាច្នៃចេញពីកាក់សំណល់ ឬកម្ទេចកំទីដែលគេបោះចោល ប៉ុន្តែមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។

ដោយឡែក បច្ចុប្បន្នម្ចាស់អាជីវកម្មមិនសូវមានតម្រូវការលើគ្រឿងសង្ហារឹមបែបឈើប្រណិតប៉ុន្មានទេ ដោយសារតែការថយចុះធនធានព្រៃឈើ​ មានទម្ងន់ធ្ងន់ ខណៈគ្រឿងសង្ហារឹមប្រភេទនេះ ក៏មានតម្លៃថ្លៃជាង គ្រឿងសង្ហារឹម Loose Furniture រហូតដល់ជិត១០ដងឯណោះ។ ចំពោះគ្រឿងសង្ហារឹម ដែលកំពុងវាយលុកខ្លាំងនៅក្នុងទីផ្សារកម្ពុជា ភាគច្រើនាំចូលពីប្រទេសចិន។

ក្រៅពីហេតុផលខាងលើ ប្រធានក្រុមហ៊ុននាំចូលគ្រឿងសង្ហារឹមរូបនេះ បានលើកទឹកចិត្តទៅ ដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ គួរតែប្រើប្រាស់ប្រភេទគ្រឿងសង្ហារឹម Loose Furniture ព្រោះវាចំណេញថវិការ ហើយគ្រឿងសង្ហារឹមប្រភេទនេះ មានតម្លៃថោកជាង គ្រឿងសង្ហារឹម Local Furniture រហូតដល់ជិត១០ដងឯណោះ ។ មិនតែការប្រើប្រាស់នៅគ្រឿងសង្ហារឹមប្រភេទ នេះ ក៏រួមចំណែកស្តារធនធានព្រៃឡើងវិញថែមទៀត

ពាក់ព័ន្ធ នឹងលក្ខណៈពិសេសរបស់ប្រភេទគ្រឿងសង្ហារឹម Loose Furnitureនេះផងដែរ លោកលោក ប៊ុន ចាន់សុភាព នាយកប្រតិបត្តនៃក្រុមហ៊ុន ធីខេ អេស គ្រុប បានបង្ហាញការយល់ឃើញដែរថា ​បច្ចុប្បន្ននៅកម្ពុជាមានប្រភេទ​គ្រឿង​សង្ហារឹមច្រើនប្រភេទក៏ពិតមែន ប៉ុន្តែ Local Furniture គួរតែជាជម្រើសសម្រាប់មនុស្ស​បច្ចុប្បន្ន។

លោកបានឲ្យដឹងថា បច្ចុប្បន្ននិន្នាការប្រើប្រាស់​គ្រឿង​សង្ហា​រឹម ប្រភេទនេះភាគច្រើនជា​យុវវ័យ។  យ៉ាងណា ផ្នត់គំនិតប្រើប្រាស់ពីសំណាក់មនុស្សវ័យចំណាស់ មិនទាន់ឲ្យតម្លៃខ្ពស់ប៉ុន្មានទេ ព្រោះគាត់នៅឲ្យតម្លៃលើគ្រឿងសង្ហារឹមបែបប្រណិត (Local Furniture) ច្រើនជាង។

លោកបន្តថា ទោះជា Loose Furniture គុណភាពមិនសូវប្រហាកប្រហែលជាមួយ Local Furniture ក៏ពិតមែន តែវាជារួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បានស្នើដ​ល់អ្ន​ក​ប្រកប​អាជីព និង​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​គ្រឿងសង្ហារឹម​ទាំងអស់ សុំឱ្យ​ចូលរួម​គោរព​ច្បាប់ និង​បទ​ប្ប​ញ្ញ​ត្ដិ​ នឹងត្រូវតែធ្វើការផលិត និងនាំចូលតែសម្ភារៈ បរិក្ខារ​ណាដែល​មាន​គុណភាព និងបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។

យ៉ាងណា ទាំងក្រសួងដែនដី និងធុរកិច្ចជនរកស៊ីក្នុងវិស័យគ្រឿងសង្ហារឹម ក៏បានផ្តាំផ្ញើរទៅម្ចាស់​អាជីវកម្ម អតិថិជន ដែលមានតម្រូវការ​ប្រើប្រាស់ប្រភេទគ្រឿងសង្ហារឹម Loose Furniture  មុននឹងជ្រើសរើស​គ្រឿងសង្ហារឹមគ្រប់ប្រភេទ ត្រូវតែស្វែង​​រកក្រុម​ហ៊ុនច្បាស់លាស់ មានចុះបញ្ជីទទួលស្គាល់ពីក្រសួងត្រឹមត្រូវ និងមានការ​ធានាច្បាស់​លាស់៕ 

អត្ថបទដោយ: Pisey