វៀតណាមកាត់បន្ថយលទ្ធភាពផលិតថាមពលពីចំហេះធ្យូងថ្ម

វៀតណាមកាត់បន្ថយលទ្ធភាពផលិតថាមពលពីចំហេះធ្យូងថ្ម
រោងចក្រថាមពលធ្យូងថ្ម

ទីក្រុងហាណូយ៖ ប្រទេសវៀតណាមនឹងកាត់បន្ថយលទ្ធភាពផលិតថាមពលអគ្គីសនី ដែលបានមកពីរោងចក្រដំណើរការដោយចំហេះធ្យូងថ្ម ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០។ នេះបើតាម ការប្រកាសរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍអគ្គិសនី វៀតណាម។

មូលហេតុសំខាន់នៃការកាត់បន្ថយនេះ គឺបណ្តាលមកពីគម្រោងរោងចក្រថាមពលធ្យូងថ្មមួយចំនួន បានពន្យាពេលការស្ថាបនារោងចក្ររបស់ខ្លួន ខណៈតំបន់មូលដ្ឋានមួយចំនួនទៀត មិនឯកភាពចំពោះការអភិវឌ្ឍគម្រោងថាមពលប្រភេទនេះ។ សារព័ត៌មាន The Japan Times បានរាយការណ៍ ការសម្រេចចិត្តបែបនេះមានមូលហេតុពីរយ៉ាង ទីមួយ គឺការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុពីដៃគូរអភិវឌ្ឍន៍ និងទីពីរ គឺក្ដីបារម្ភចំពោះបញ្ហាបរិស្ថាន។

បើតាមគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍអគ្គិសនីរបស់ប្រទេសវៀតណាម លទ្ធភាពក្នុងផលិតថាមពលពីចំហេះធ្យូងថ្ម នឹងត្រូវកាត់បន្ថយក្នុងចន្លោះពី ៦.០០០មេហ្គាវ៉ាត់ ទៅ ២០.០០០មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ២០២០ ហើយនឹងបន្តកាត់បន្ថយ ៨.៧៦០មេហ្គាវ៉ាត់ នៅឆ្នាំ២០២៥ និង ៦.៣៤០មេហ្គាវ៉ាត់ នាឆ្នាំ២០៣០។

ទន្ទឹមនឹងនេះ លទ្ធភាពផលិតថាមពលនៃរោងចក្រដំណើការដោយពន្លឺព្រះអាទិត្យត្រូវបានគេរំពឹងថា នឹងកើនរហូតដល់ ៤.៤៥០មេហ្គាវ៉ាត់ នៅឆ្នាំ២០២៥ និង ២០.០៥០មេកាវ៉ាត់ នៅឆ្នាំ២០៣០។ ចំណែកថាមពលសរុប ដែលបានមកពីកម្លាំងខ្យល់បក់ នឹងកើនឡើងដល់ ៦.០៣០មេហ្គាវ៉ាត់ នៅឆ្នាំ២០២៥ និងប្រមាណ ១០.០៩០ មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។ ប្រភពថាមពលទាំងពីរនេះហើយ ដែលគេរំពឹងថានឹងទៅជំនួសថាមពលបានមកពីចំហះធ្យូងថ្ម ដែលត្រូវបានកាត់បន្ថយ។

ក្រៅពីប្រភពថាមពលកកើតឡើងវិញទាំងពីរខាងលើ វៀតណាមក៏ត្រៀមបើកដំណើរការរោងចក្រថាមពលដើរដោយឧស្ម័នរាវធម្មជាតិ  ដែលអាចផលិតថាមពលបានប្រមាណ ១២.៧៥០មេហ្គាវ៉ាត់ ហើយគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១។ បន្ថែមពីនេះ ប្រទេសវៀតណាមក៏គ្រោងនាំចូលថាមពលពីប្រទេសឡាវប្រមាណ ២.៥០០មេហ្គាវ៉ាត់ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ និងប្រមាណ ២.៤០០មេហ្គាវ៉ាត់ សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។​

គូររម្លឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានយកចិត្តទុកដាក់ខ្លាំងលើការផលិតអគ្គីសនី ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ សកម្មភាពនេះ ជាការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចិរភាព ក៏ដូចជាកាត់បន្ថយការកើនឡើងជាសកលនូវកម្ដៅនៃភពផែនដីផងដែរ៕

អត្ថបទដោយ: Vasna