(មានវីដេអូ) សណ្ឋាគារប្រណិតមួយនៅចិនមានរូបរាងចម្លែកតែអត្ថន័យជ្រៅ

(មានវីដេអូ) សណ្ឋាគារប្រណិតមួយនៅចិនមានរូបរាងចម្លែកតែអត្ថន័យជ្រៅ
ថ្មីៗនេះរដ្ឋាភិបាលចិនបានចេញច្បាប់ថ្មីមួយ ដោយហាមឃាត់មិនឱ្យមានការសាងសង់អគារប្លែកៗ ហើយថែមទាំងរិះគន់ធ្ងន់ៗដល់ក្រុមហ៊ុនមួយចំនួន ដែលអនុវត្តន៍គម្រោងសាងសង់អគាររូបរាងចម្លែកៗថែមទៀតផង។ ទោះបីជាយ៉ាងណាអគារប្លែកៗមួយចំនួន បានសាងសង់រួចរាល់ជាច្រើនមកហើយ  ក្នុងនោះមានដូចជាអគារ The Sunrise East Kempinski Hotel ស្ថិតក្នុង​ទីក្រុង​ប៉េកាំង​ជាដើម។ ​សណ្ឋាគាររូបរាងចម្លែកនេះសាងសង់​ឡើង​ក្បែរ​បឹង​យ៉ាង​ជី ក្នុង ស្រុក Huairou នៃ​ទីក្រុង​ប៉េកាំង ដែល មាន​កម្ពស់​៩៧​ម៉ែត្រ និង​មាន​២១​ជាន់ និង​មាន​៣០៦​បន្ទប់​។ អគារ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ឲ្យ​មើល​ទៅ​ដូចជា​ព្រះអាទិត្យ​រះ​ដូច្នេះ​ដែរ តាមរយៈអ្នក​រចនា​ម៉ូត​សណ្ឋាគារប្រណិត​នេះ​អះអាង​ថា វា​ជា​និមិត្តរូប​នៃ​សន្ទុះ​ខឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ ច្រកទ្វារ​ចូល​ទៅ​ក្នុង​ត្រូវ​បាន​គេ​សាងសង់​ឡើង​ដូច​មាត់​ត្រី​ដូច្នេះ​ដែរ ដែល​មាន​ន័យថា សេចក្តី​សុខដុម​រមនា​។ ហើយ​បើ​មើល​ពី​ចំហៀង​សណ្ឋាគារ​នេះ​មាន​រៀង​ដូចជា​គ្រំ​ដែល​តំណាង​ឲ្យ​សំណាង​ក្នុង​វប្បធម៌​ប្រទេស​ចិន​។ ផ្ទាំង​កញ្ចក់​ផ្នែក​ខាង​ក្រៅ​ច្រើន​ជាង​១​ម៉ឺន​ផ្ទាំង ត្រូវ​បាន​គេ​រចនា​តាម​មុំ​យ៉ាង​ផ្ចិតផ្ចង់ ដូច្នេះ​ហើយ​ផ្នែក​ខាង​លើ​នៃ​អគារ​នេះ​បែរ​ទៅ​ចំ​ផ្ទៃ​មេឃ ហើយ​ផ្នែក​កណ្តាល​បែរ​ទៅ​ចំ​ភ្នំ និង​ផ្នែក​ខាង​ក្រោម​បែរ​ទៅ​ចំ​ទឹក​បឹង​តាមបែបប្រពែណីចិនយ៉ាងពិសេស៕  
អត្ថបទដោយ: Medikan