CVEA នឹងបង្ហាញគន្លឹះអាជីវកម្ម ៤ចំណុច ដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាសមាជិក

CVEA នឹងបង្ហាញគន្លឹះអាជីវកម្ម ៤ចំណុច ដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាសមាជិក

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ដុកម្ពុជា (CVEA)  នឹងរៀបចំកម្មវិធី Real Estate Business Support Program ជាថ្មី ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិករបស់សមាគម ផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង ដែល KHB Media ទទួលបានពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា សមាគម នឹងរៀបចំកម្មវិធី Real Estate Business Support Program ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញ ឆ្នាំ២០១៩ វេលាម៉ោង ០៩:៣០ នាទីព្រឹក រហូតដល់ ១២:០០ នាទីរសៀល នៅការិយាលយសមាគម CVEA ផ្ទាល់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEAបានឱ្យដឹងផងដែរថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជួយដល់សមាជិកថ្មីៗរបស់ CVEA ដែលទើបតែចាប់ផ្តើមរកស៊ីក្នុងអាជីពនេះ ឱ្យទទួលបាននូវយុទ្ធសាស្រ្តថ្មីៗ ក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេ តាមរយៈការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ ១០ឬ ២០ឆ្នាំក្នុងវិស័យអចលនវត្ថុ។

ជាមួយគ្នានេះដែរ វាគ្មិនដែលមានបទពិសោធន៍លើវិស័យអចលនវត្ថុចំនួន ៣រូប នឹងផ្តល់នូវដំណោះស្រាយអាជីវកម្មពាក់ព័ន្ធវិស័យអចលនទ្រព្យ រួមមាន លោក គង់ គីមសួរ នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Century 21 Advanced Property និងជាទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃសមាគម CVEA លោក មឹគ ចិន្តា ទីប្រឹក្សាព័ត៌មានវិទ្យានៃសមាគម CVEA និងជាស្ថាបនិករបស់គេហទំព័រ Realstate.com.kh ព្រមទាំងលោក សាន់ ឡាទី ទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃសមាគម CVEA។

នៅក្នុងកម្មវិធីនេះ ម្ចាស់ក្រុមហ៊ុនទាំងអស់ នឹងទទួលបាននូវគន្លឹះចំនួន ៤ រួមមាន ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ  ការរៀបចំធ្វើការងារប្រចាំថ្ងៃ និងការប្រឹក្សាយោបល់នានា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិក ទាំងអស់ឲ្យកាន់តែប្រសើរឡើង។

អាស្រ័យហេតុនេះប្រសិនបើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមហ៊ុនសមាជិក មានបំណងចង់ជួបធ្វើការពិភាក្សា និងធ្វើការប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសមាគម CVEA តាមរយៈ ០១០ ៥១០ ២៥៩ | ០១៧ ៦១៥ ៨៩៤ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមជម្រាបថា សមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំកម្មវិធី Real Estate Business Support Program នេះឡើងជារៀងរាល់មួយខែម្តង ចំនួន ៣លើកមកហើយ ដើម្បីជួយដល់ក្រុមហ៊ុនអចលនទ្រព្យ ដែលជាសមាជិករបស់ CVEA ដែលទើបតែចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ឱ្យមានភាពល្អប្រសើរក្នុងរយៈពេលខ្លី៕

 

 

អត្ថបទដោយ: Rath