SCG បង្ហាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២០

SCG បង្ហាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ប្រកាសលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ និងបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីដឹកនាំសង្គម ដៃគូ និងក្រុមហ៊ុននានា ឆ្លងកាត់វិបត្តិកូវីដ១៩ ដែលរួមមានផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរឹងមាំ គួបផ្សំនឹងការគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមការណែនាំរបស់រដ្ឋាភិបាល ។

ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់ការលក់ផលិតផល សេវាកម្ម និងដំណោះស្រាយនានា ដែលបង្កភាពងាយស្រួលនិងមានសុវត្ថិភាពដល់អតិថិជន។ ក៏ដូចជាដាក់ឲ្យអនុវត្តនូវផែនការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីសម្រាលផលប៉ះពាល់រំខានពីវិបត្តិ កូវីដ១៩ និងដើម្បីចាប់យកឱកាសថ្មីឲ្យបានលឿន នៅខណៈដែលមានតម្រូវការកើនឡើង។

លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ “លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ កត់ត្រាចំណូលពីការលក់សរុបបាន ១៣.៧៣៨ប៊ីលានរៀល (៣.៣៧៩លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។ 

មូលហេតុសំខាន់នៃការថមថយចំណូលនេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីធ្លាក់ចុះ ដោយសារតម្រូវការសាកលថយចុះ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីតួរលេខចំណូលនេះគឺប្រហាក់ប្រហែលគ្នានឹងត្រីមាសមុន ដោយចំណូលកើនឡើងពីអាជីវកម្មស៊ីម៉ងត៍និងសម្ភារៈសំណង់ និងអាជីវកម្មវេចខ្ចប់ ទូទាត់គ្នាជាមួយនឹងចំណូលធ្លាក់ចុះពីអាជីវកម្មផលិតផលគីមី ។ 

ផ្អែកតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០ ក្រុមហ៊ុន អេសស៊ីជី ប្រចាំនៅកម្ពុជាមានទ្រព្យសរុបតម្លៃ ១.៥១៨ប៊ីលានរៀល (៣៧៣លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ដដែលនេះ អេសស៊ីជី នៅកម្ពុជាសម្រេចបានចំណូលពីការលក់ចំនួន ២៧២ប៊ីលានរៀល (៦៧លានដុល្លារអាមេរិក) កើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណូលពីការលក់នេះ គឺរួមបញ្ចូលទាំងការលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ផង និងពីអាជីវកម្មលក់គ្រឿងសំណង់ផង៕


 

អត្ថបទដោយ: Nary