តើគម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងផ្តល់ផលចំណេញអ្វីខ្លះដល់វិស័យអចលនទ្រព្យ?

គិតមកដល់ពេលនេះ រាជធានីភ្នំពេញបានពង្រីកផ្លូវខ្សែក្រវាត់ក្រុងទៅដល់ខ្សែទី៣ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចកាន់តែទូលាយទៅដល់បណ្ដាតំបន់ជាយៗរាជធានីភ្នំពេញ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានអះអាងថា ការពង្រីកផ្លូវក្រវាត់ក្រុងកាន់តែច្រើននេះមិនត្រឹមតែអាចបញ្ចៀសការកកស្ទះចរាចរ ណ៍កណ្តាលក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសន្ទុះនៃចរន្តកំណើនសេដ្ឋកិច្ច តាមរយៈភាពងាយស្រួលក្នុងការដឹកជញ្ជូន និងការបង្កើនសក្តានុពលវិនិយោគនៅតាមតំបន់ជាយក្រុងផងដែរ។
ជុំវិញនឹងការអភិវឌ្ឍផ្លូវក្រវាត់ក្រុងនេះដែរ ប្រធានប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ា ចេង ខេង បានលើកឡើងថា ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុង ក្នុងគោលដៅ មិនត្រឹមតែជួយរំដោះចរាចរណ៍ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសជាច្រើនដល់ អាជីវករក្នុងការបង្កើតអាជីវកម្មកាន់តែច្រើន ដែលនឹងជំរុញឲ្យទីផ្សារអចលនទ្រព្យកាន់តែមានតម្លៃកើនឡើងជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង លោកថា វាក៏នឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យកាន់តែមានសកម្មភាពអភិវឌ្ឍន៍កើនឡើងទាំងសំណង់លំនៅឋានឃ្លាំង អគារពាណិជ្ជកម្ម និងតម្លៃក៏ល្អដូចគ្នាដែរ។
បន្ថែមលើនេះ វត្តមានផ្លូវក្រវាត់ក្រុងក៏ជាផ្នែកមួយជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ពោលគឺ ពួកគាត់អាចផ្លាស់ប្តូរពីតំបន់ដែលតូចចង្អៀត មករស់នៅ និងប្រកបអាជីវកម្មនៅតំបន់ជាប់នឹងផ្លូវក្រវាត់ក្រុងនេះតែម្តង។
ទន្ទឹមនេះ លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ដែលហៅថា ផ្លូវខ្សែក្រវ៉ាត់ក្រុង មានន័យថា ទីក្រុងមួយដែលនៅចំកណ្តាល ហើយមានផ្លូវក្រវ៉ាត់នៅព័ទ្ធជុំវិញ។
លោកថា ជាទូទៅ រាជធានីឬក៏ក្រុងគេធ្វើផ្លូវនេះ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ សម្រាប់ដឹកជញ្ជូន ចរាចរណ៍ពីកណ្តាលក្រុងទៅក្រៅក្រុង ហើយវាមានតម្រូវការ ខ្លាំងនៅពេលទីក្រុងកាន់តែរីកធំ ដូច្នេះតម្រូវការពង្រីកផ្លូវខ្សែរក្រវ៉ាត់ក្រុងក៏កាន់តែរីកតាមនោះដែរ។
លោកបញ្ជាក់បន្តថា៖ «មកដល់បច្ចុប្បន្ន យើងមិនបាច់និយាយពីតម្លៃផ្លូវក្រវ៉ាត់ក្រុងទី១ ព្រោះផ្លូវនេះ មានតម្លៃអចលនទ្រព្យខ្ពស់ស្រាប់ទៅហើយ ។ ហេតុនេះ យើងនិយាយតែ ផ្លូវក្រវ៉ាតក្រុងទី២ ដែលនៅតំបន់ផ្លូវហាណួយ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ មកដល់បច្ចុប្បន្ន តម្លៃដីនៅតំបន់នេះហក់ឡើងខ្ពស់ គឺចន្លោះជាង១.០០០ ដុល្លារ ដល់ជាង២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េគិតជាមធ្យម និងនៅតំបន់ខ្លះផ្សេងទៀត ដែលជាបំណែកផ្លូវកំណាត់ខ្សែរក្រវ៉ាត់ទី២ដែរនោះ គឺមានតម្លៃចន្លោះចាប់ពីពី៥០០ ទៅ១.០០០ដុល្លារជាដើម»។
លោកថា សម្រាប់តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ វិញ ពិសេសនៅផ្លូវទំនប់កប់ស្រូវ តម្លៃអចលនទ្រព្យ គឺមានចន្លោះចាប់ពីជាង២០០ទៅជាង៣០០ដុល្លារក្នុង១ម៉ែត្រការ៉េជាមធ្យម ។
ជារួមមក តំបន់ខ្សែផ្លូវក្រវ៉ាត់ក្រុង ទី២ និង ទី៣ ដែលនៅប៉ែកខាងជើងឈៀងខាងលិច នៃរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងរីកលូតលាស់ខ្លាំង បានក្លាយជាតំបន់ដែលរីកចម្រើនខ្លាំង នៅគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដែលជាហេតុជំរុញឲ្យតម្លៃអចលនទ្រព្យក៏ហក់ខ្ពស់តាមហ្នឹងដែរ»។
យ៉ាងណា អ្នកជំនាញអចលនទ្រព្យរូបនេះ បានលើកឡើងថា ភាពរីកចំរើននៃផ្លូវខ្សែក្រវាត់ក្រុង គឺពិតជាបានរួមចំណែក សម្រាប់ការប្រើប្រាស់ធ្វើអាជីវកម្ម ដូច្នេះដីនៅតំបន់នោះ នឹងជួយឲ្យម្ចាស់អាជីវកម្មអាចធ្វើអាជីវកម្មបានអស់លទ្ធភាព។ មានន័យថា ម្ចាស់អាជីវកម្មនោះ អាចរៀបចំដីនោះសម្រាប់ប្រើប្រាស់ជាការជួល ឬធ្វើអាជីវកម្មបានច្រើនយ៉ាង ដែលវាគឺជាយុទ្ធសាស្ត្រល្អមួយសម្រាប់ការវិនិយោគយូរអង្វែង។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានថ្លែងកាលពីពេលថ្មីៗនេះថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុង គឹដើម្បីតភ្ជាប់ពីច្រករបៀង១ ទៅកាន់ច្រករបៀង១ផ្សេងទៀត ពោលគឺដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ ១,២,៣,៤ និងផ្លូវជាតិលេខ៥។
លោកបន្ត ការសាងសង់ផ្លូវក្រវ៉ាត់ក្រុង គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍតំបន់ជាយក្រុង ដែលជំរុញឲ្យមានការវិនិយោគលើវិស័យលំនៅឋានដូចជាបុរី និងផ្ទះល្វែងជាដើម។
យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់លើកឡើងកាលពីពេលកន្លងមកដែរថា ផ្លូវក្រវ៉ាត់ក្រុង នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរា ចរណ៍ ជំរុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។
លោកបញ្ជាក់ថា តំបន់ទំនប់កប់ស្រូវ កំពុងមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែកចាយទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុងហូជីមិញប្រទេសវៀតណាមផងដែរ។
សូមជម្រាបថា គិតមកទល់នឹងបច្ចុប្បន្ននេះ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ បាននឹងកំពុងសាងសង់ដោយបានចែកចេញជា២កំណាត់។ កំណាត់ទី១ មានប្រវែង១០គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ(ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សីចំណាយ ១០លានដុល្លារ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០១៧។ ចំណែកឯ កំណាត់ទី២ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២ (ត្រង់ស្ពានព្រែកសំរោង តាខ្មៅ) ចំណាយ៦២លានដុល្លារ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។ ចំណែកគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចំណាយថវិកាសរុបប្រមាណជិត៣០០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រំពឹងថា នឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ៕