លោក លូ គឹមឈុន ស្វាគមន៍វិនិយោគិនចិនលើការវិនិយោគលើប្រព័ន្ធឡូជីស្ទីកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

លោក លូ គឹមឈុន ស្វាគមន៍វិនិយោគិនចិនលើការវិនិយោគលើប្រព័ន្ធឡូជីស្ទីកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ប្រធានកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគលើប្រព័ន្ធឡូជីស្ទីក នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្នុងកំពង់ផែព្រះសីហនុតែម្ដង។

លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុបានថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនចិន កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩ ថា កំពង់ផែព្រះសីហនុ បច្ចុប្បន្នកំពុងមានភាពមមាញឹកខ្លាំងទៅលើការចរាចរទំនិញ។​ ការណ៍នេះទាមទារឲ្យមានការវិនិយោគ និង ពង្រីកសក្តានុពលកំពង់ផែទឹកជ្រៅរបស់កម្ពុជាមួយនេះបន្ថែមទៀត។

លោក អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានលើក ឡើងថា៖«ដើម្បីបំពេញតម្រូវការផ្នែកដឹកជញ្ជូន លោកស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលគ្រោងវិនិយោគ លើប្រព័ន្ធឡូជីស្ទីក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

គួរបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុនឹងវិនិយោគស្ថានីយកុងតឺន័រថ្មី ដែលមានទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារ ក្រោមកម្ចីសម្បទានពីប្រទេសជប៉ុន ដើម្បីសាងសង់ចំណតផែកុងតឺន័រទំហំ ៣៥០ ម៉ែត្រថ្មីដែលបំពាក់ដោយសម្ភារៈដឹកជញ្ជូនទំនើប។ ស្ថានីយកុងតឺន័រថ្មីនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២។

ការស្ថាបនាស្ថានីយកុងតឺន័រថ្មីនៅ PAS នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩។ ការពង្រីកនេះមានគោលបំណងដោះស្រាយនូវការកើនឡើងនៃបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសដោយ​សារ​តែ ស្ថានីយកុងតឺន័រដែលមានស្រាប់រំពឹងថានឹងផ្ទុកលើសទម្ងន់នៅឆ្នាំ ២០២៣៕



 

អត្ថបទដោយ: Nary