ប្លង់ស្ពានអាកាសនៅរង្វង់មូលចោមចៅប្រកាសជាផ្លូវការហើយ

ប្លង់ស្ពានអាកាសនៅរង្វង់មូលចោមចៅប្រកាសជាផ្លូវការហើយ
ប្លង់គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដ៏ស្រស់ស្អាត ដែលស្ថិតត្រង់ចំនុចរង្វង់មូលចោមចៅ ត្រូវបានប្រកាសជាផ្លូវការហើយ។ នេះបើតាមការបង្ហោះរូបគម្រូប្លង់ជាផ្លូវការ​ ដោយទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨។ ការសាងសង់ស្ពាននេះឡើងគឺ ដើម្បីបញ្ជៀសការកកស្ទះនៅត្រង់ចំនុចផ្លូវធំៗ ចំនួនបួនខ្សែរ ដែលរួមមានដូចជា៖ មហាវិថី សហព័ន្ធរុស្ស៊ីុ, មហាវិថី វេងស្រេង,​ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤។ ហើយកត្តាធំចម្បងគេដែលបង្កអោយមានការកកស្ទះនោះគឺ កំណើនប្រជាជន រួមជាមួយកំណើននៃយានយន្តដែលកើនឡើងនៅក្នុងក្រុងភ្នំពេញ ​ដែលមានចំនួនយានយន្តសរុបប្រមាណជាង ៣០ម៉ឺនគ្រឿង។   បើមើលតាមរូបភាពក្នុងប្លង់គឺ តម្រូវអោយអ្នកធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្ស៊ី ដែលមានបំណងឆ្ពោះទៅផ្លូវជាតិលេខ៣ ត្រូវបើកបរឡើងតាមលើស្ពាន ឆ្លងពីលើរង្វង់មូលចាស់។ ចំណែកអ្នកធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្ស៊ីដដែល តែមានគោល​ដៅឆ្ពោះទៅផ្លូវជាតិលេខ៤វិញ មិនតម្រូវអោយឡើងស្ពានទេ ពោលគឺត្រូវបត់ស្តាំបើកបរតាមផ្លូវក្រោមស្ពានវិញ។ ចំពោះប្រជាជនដែលធ្វើដំណើរតាមមហាវិថី វេងស្រេង បើចង់ធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៣ ត្រូវបើកបរឡើងតាមលើស្ពាន តែបើចង់ធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៤ វិញ គឺត្រូវជិះតាមផ្លូវក្រោមស្ពាន នេះបើយោងតាមរូបភាពនៅក្នុងប្លង់។ សូមបញ្ជាក់ថា ចំពោះការចំណាយថវិកាចំនួនប៉ុន្មាន?  ​ខាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅមិនទាន់បានបង្ហាញនៅឡើយទេ។ គួររំលឹកផងដែរថា ប្រសិនបើស្ពាននៅរង្វង់មូលចោមចៅសាងសង់រួចរាល់ នឹងក្លាយជាស្ពានអាកាសទី៦ហើយ ដែលមានវត្តមាន​ នៅក្នុងរាជធានីភ្នំពេញ។ ដែលបច្ចុប្បន្ននៅភ្នំពេញមានស្ពានអាកាស សម្រាប់យានយន្តឆ្លងកាត់ចំនួន៥ ពោលគឺ៖ ១៖ ស្ពានអាកាសក្បាលថ្នល់ ឬ (ស្ពានច្បារអំពៅ) ទី២៖ ស្ពានអាកាស ៧មករា ទី៣៖ ស្ពានអាកាសស្ទឹងមានជ័យ ទី៤៖ ស្ពានអាកាស ៥មករា ឬ (ស្ពានអាកាស តិចណូ) ទី៥៖ ស្ពានអាកាសផ្សារដីហុយ មិនតែប៉ុណ្ណោះគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីទី៧ នៅក្នុងរាជធានីភ្នំពេញត្រូវបានគេរំពឹងថា​​​នឹង សាងសង់នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចំនុចស្តុប Bkc (អាគារកាណាឌីយ៉ា)៕
អត្ថបទដោយ: Medikan