អ្នកស្រាវជ្រាវ៖ ថាសំណង់បន្សល់ពីសម័យអាណានិគម ទាមទារឲ្យថែរក្សា និង អភិរក្សឲ្យល្អ

អ្នកស្រាវជ្រាវ៖ ថាសំណង់បន្សល់ពីសម័យអាណានិគម ទាមទារឲ្យថែរក្សា និង អភិរក្សឲ្យល្អ

អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា នា​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សំណង់​សល់​​ពី​សម័យ​អាណានិគម​បារាំង​​ និងសម័យសង្គ​ម​​​រាស្ត្រនិយម​ក្នុងរាជធានី​ភ្នំពេញ​កាន់តែ​រង​ការគំរាមកំហែង​ខ្លាំង​ឡើងៗ​​។

អ្នកសិក្សាស្រាវជ្រាវ  បានស្នើឲ្យមានការថែ រក្សា និងអភិរក្សឲ្យបានល្អប្រសើរនូវ សំណង់អគារបែបបារាំង ដែលជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងបទបង្ហាញនូវអត្ថបទស្រាវជ្រាវស្តីអំពីស្ថាន​ភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម នៅរាជបណ្ឌិត្យ​សភាកម្ពុជា កាលពីពេលថ្មីៗនេះ។

លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវ ជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានឲ្យដឹងតាមរយៈបទបង្ហាញថា នៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមាន ទម្រង់តាមបែបប្រពៃណីខ្មែរ។

ដោយឡែក  ដល់​​​សម័យសង្គមរាស្ត្រនិយមវិញ ចលនាស្ថាបត្យកម្ម ត្រូវបានគេទទួលស្គាល់​ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលបានរួមចំណែកក្នុងការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម។

ជាក់ស្តែង លោកថា នៅក្នុងសម័យអាណានិគមបារាំងពីឆ្នាំ១៨៦៣ ដល់១៩៥៣ ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅ ឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណ​ង់​យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យបានពន្យល់បន្តថា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។

តួយ៉ាង សំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យ​កម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។

លោក សុវណ្ណដារ៉ា បានបញ្ជាក់ទៀត ថា៖ «សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ​គឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនា​បថខ្មែរ។

ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។

ទោះជាយ៉ាង​ណា អ្នកស្រាវជ្រាវរូបនេះ ក៏បាន​គូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។

ដោយឡែក បើនិយាយដល់សម័យសង្គមរាស្ត្រនិយមវិញ តាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល បានឲ្យដឹងដែរថា សម័យអាណានិគមបារាំង សង្កេតឃើញទម្រង់នៃសំណង់​ស្ថាបត្យ​កម្មខ្មែរ ក៏ចាប់ផ្តើមផ្លាស់ប្តូររូបរាងកាន់តែទំនើបប្លែកផងដែរ។

ក្នុងនោះមកដល់ដំណាក់កាលនេះ គេអាចនិយាយ​ថាជាសម័យកាលសំណង់ស្ថាបត្យ​កម្មខ្មែរថ្មី។​ ជាក់ស្តែង ដូចជាស្នាដៃស្ថាបត្យកម្មរបស់ លោក វណ្ណ មូលីវណ្ណ ដែលបានរួមចំណែកក្នុងការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចល​នា​ស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប​» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមាន​រដ្ឋចំការ មន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។

តាមរយៈបទបង្ហាញនូវអត្ថបទស្រាវជ្រាវ អំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម  ក៏បានឲ្យដឹង​ថា ក្រោយប្រទេស​កម្ពុជា​ទទួលបានឯករាជ្យនៅខែវិច្ចិកា ឆ្នាំ១៩៥៣ ពីដើមទសវត្ស១៩៥០ រហូតដល់ចុង​ទសវត្ស​១៩៦០ ក្រោមរាជតម្រិះនៃព្រះបាទ នរោត្តម សីហនុ ប្រទេសកម្ពុជា មានសុខសន្តិភាព និងការ​អភិវឌ្ឍគ្រប់វិស័យទាំងអស់ និងសង្គមមានភាពរុងរឿង។

ប៉ុន្តែជាអកុសល សន្ទុះរបស់ប្រទេសកម្ពុជាត្រូវបានបញ្ចប់ដោយភ្លើងសង្រ្គាម បានធ្វើឲ្យសំណង់ ស្ថាបត្យកម្មសំខាន់ៗនៅក្នុងសម័យអាណាព្យាបាលបារាំងនិងសម័យសង្គមរាស្ត្រនិយម បាន​ប្រឈម​​និងការបផ្លិតបំផ្លាញជាច្រើន ដែលយើងមកដល់បច្ចុប្បន្ន​ មានការសោកស្តាយ​ជាពន់ពេកនូវ​ការ​បាត់បង់ មរតកសំណង់ស្ថាបត្យកម្មទាំងនោះ។  ប៉ុន្តែដោយឡែក ក្រោយមក​សំណង់ទាំងនោះ ក៏មានការជួសជុលឡើងវិញ និងមានការផ្លាស់ប្តូរទូនាទីជាច្រើនផងដែរ។

ជារួមមក អ្នកជំនាញស្រាវជ្រាវ បានសង្កត់ធ្ងន់ថា កិច្ចការអភិរក្សបណ្តាសំណង់ស្ថាបត្យកម្មសម័យអាណាព្យាបាលបារាំង និងសម័យសង្គមរាស្ត្រនិយម គឺជារឿងចាំបាច់បំផុត ដែលស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលជនទាំងអស់គ្នា គួរតែចូលរួមការពារ  ព្រោះសំណង់ទាំងនោះ មានតម្លៃមិនអាច កាត់ថ្លៃបាត់ ពោលគឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជាតែម្តង។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​ ២០១៥ ធ្លាប់​បាន​ឲ្យ​ដឹង​ថា សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​សរុប​ ៥២៣ ​ក្នុង​នោះ​មាន​សំណង់​បេតិកភណ្ឌ​ត្រូវ​បាន​ចាត់​ជា​ចំណាត់ថ្នាក់​មាន​ចំណាត់ថ្នាក់​លេខ ១​ ចំនួន​ ៣៤ ​ទីតាំង ចំណាត់ថ្នាក់​លេខ​ ២ មាន​ចំនួន​ ២៤ ​ទីតាំង​ ចំណាត់ថ្នាក់​លេខ​ ៣ មាន​​ ១៧ ​​ទីតាំង​ ចំណែក​​ចំណាត់ថ្នាក់​លេខ ៤ ​គឺ​សំណង់​លំនៅឋាន​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​មាន​ចំនួន​ ៤៤៨ ​ទីតាំង។

គួរបញ្ជាក់ដែរថា អ្នកជំនាញស្ថាបត្យកម្ម ដែលបាននៅក្នុងកម្មវិធីបទបង្ហាញនូវអត្ថបទស្រាវជ្រាវ អំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម ក៏បានលើក​ឡើងដែរថា ​​ សំណង់​សល់​ពី​សម័យ​អាណានិគម ​បាន​សង់​ច្រើន​នៅ​ឆ្នាំ​ ១៩០៧​ ឆ្នាំ​ ១៩៣៨ និង​​ឆ្នាំ​ ១៩៣៩ ​ដែល​សំណង់​ខ្លះ​មាន​អាយុកាល​ជាង​ ១០០ ​ឆ្នាំ​ហើយ​គិត​រហូត​មក​ទល់​ពេល​នេះ សំណង់មួយចំនួន​នៅតែ​មាន​ភាពរឹងមាំ​ដដែល​។ ​ដូច្នេះ​ កម្ពុជា​ត្រូវតែ​អភិរក្ស និងថែរក្សា​អគារ​ទាំងនោះ ​ដើម្បី​បង្ហាញពី​ប្រវត្តិ​កាលសម័យ​នោះ ពិសេសទាក់ទាញ​ទេសចរណ៍ និងជួយលើកតម្លៃវិស័យស្ថាបត្យកម្មកម្ពុជា​៕

អត្ថបទដោយ: Pisey