សំណង់បុរីផ្ទះល្វែងចាប់ផ្តើមពង្រឹងគុណភាពសំណង់ដើម្បីបង្កើនទំនុកចិត្តលើទីផ្សារ

ភ្នំពេញ៖ ស្របពេលគម្រោង សំណង់បុរី ផ្ទះល្វែងមានការរីកលូតលាស់លឿន និងមានការប្រគួតប្រជែងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានធ្វើឲ្យសំណង់បុរីផ្ទះល្វែងជាច្រើនចាប់ផ្តើមពង្រឹងនូវស្តង់ដារ និងគុណភាពដើម្បីចូលរួមប្រគួតប្រជែង និងទាក់ទាញអតិថិជន។
លោក កូយ សីហា ប្រធានផ្នែកលក់របស់ ក្រុមហ៊ុនបុរីធីវីស្តា(TV Star)បានឲ្យដឹងថា ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន បុរីធីវីស្តា បានគិតគូរយ៉ាងហ្មត់ចត់លើគុណភាពសំណង់ និង លក្ខណះបច្ចេកទេស។ ការណ៍នេះក្រុមហ៊ុនបុរីធីវីស្តា(TV Star)បានប្រកាន់ខ្ចាប់ចាប់តាំងពីការបើកលក់គម្រោងទីមួយ រហូតមកដល់គម្រោងទី៥ នេះ។
លោកសីហាបន្តថា បុរី ក៏កំពុងសិក្សាបន្ថែមទៀតលើគុណភាពសំណង់ ដើម្បីធានាបាននូវសុខសុវត្ថិភាព ភាពរឹងមាំ និងប្រកបដោយសោភណភាពល្អ។ លោកបាននិយាយថា៖« កត្តាចំបងរបស់បុរីធីវីស្តាគឺគិតលើគុណភាព និងប្រសិទ្ធភាពខ្ពស់»។
លោកបញ្ចាក់ថា ក្នុងដំណាក់កាលមួយទៅដំណាក់កាលមួយនៃការសាងសង់ ក្រុមហ៊ុនបាន ធ្វើការសិក្សាលើប្រភេទដីដំបូងគេបំផុត ដើម្បីធានាថាគ្រឹះរបស់ សំណង់មានភាពរឹងមាំប៉ុណ្ណា នឹងដើម្បីដឹងពីជម្រៅដី ដោយធ្វើការបុកគ្រឹះដល់បរិមាណជម្រៅជ្រៅល្អ ដែលមិនបង្កហានិភ័យណាដល់ម្ចាស់លំនៅឋានដូចជាបញ្ហា ពុកពិដាន ប្រះជញ្ជាំង ជាដើម។
លោក បន្តថា៖«ការបុកគ្រឹះគឺយើងធ្វើរហូតដល់ជម្រៅមួយដែលធានាគុណភាព( ស្រទាប់ដីមានថ្ម)ហើយបុរីបានប្រើប្រាស់ទំហំដែកធំៗ ទំហំសសរធំៗតាមលក្ខណះស្តង់ដារ។»
លោកសីហាបញ្ជាក់ថា៖«ក្រៅតែពីបញ្ហាខាងលើ បុរីបានគិតគូ ដល់បញ្ហា កក ស្ទះលូ និងបញ្ហាទឹកលិចផងដែរ។ ក្នុងនោះបុរីបានរៀបចំប្រព័ន្ធលូបានត្រឹមត្រូវល្អដោយយើងមានការចាក់ដីឲ្យខ្ពស់ពីផ្លូវជាតិ មានការបែងចែកប្រព័ន្ធលូជាបីប្រភេទគឺ ទឹកកង្វក់ លាមក និងកាក់ខ្លាញ់សម្ភារៈផ្ទះបាយដែលមិនបង្កអោយកក់ស្ទះនោះទេ»។
ដូចគ្នានេះដែរលោក ង៉ែត ពិសិដ្ឋ ជំនួយការប្រធានក្រុមហ៊ុនអភិវឌ្ឍន៍បុរីពិភពថ្មី បានថ្លែងថា ក្រុមហ៊ុនរបស់លោកមានអតិថិជនគាំទ្រច្រើនក៏ព្រោះ តែក្រុមហ៊ុនបានគិតគូរលើគុណភាពសំណង់ជាចំបង។
លោកបាននិយាយថា៖« ក្រុមហ៊ុនអភិវឌ្ឍន៍បុរីពិភពថ្មី តែងប្រកាន់យកគោល ការណ៍សាងសង់ ដោយផ្តោតលើគុណភាពសំណង់ជាសំខាន់ ព្រោះយើងបានប្រើប្រាស់នូវសម្ភារះគ្រឿងសំណង់ដែលមានគុណភាពខ្ពស់ៗស្របតាមស្តង់ដារអន្តរជាតិ ហើយយើងក៏មានអ្នកជំនាញក្នុងការសាងសង់ និងមានវិស្វករតាមដានការសាងសង់គ្រប់ពេលវេលា»។
របាយការណ៍ចុងក្រោយរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ សំណង់លំនៅឋាន ចំនួន ៣ ៧៣២ គម្រោង មាន ផ្ទៃ ក្រឡា កម្រាល សំណង់ចំនួន ៨ ០២៤ ២៨៦ ម២ មាន ទុនវិនិយោគ៣ ៦៦១ ២៧៥ ៣៥០ ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង /ចំណែកឯកជន/ល្វែង។
បុរីលំនៅឋាននិង បណ្ដុំ លំនៅឋាន មាន លក្ខណៈបុរីនៅទូទាំង ប្រទេស ចំនួន ៤០ គម្រោង ស្មើនឹង ១៦ ៥៨៩ ខ្នង មាន ផ្ទៃក្រឡាកម្រាលសំណង់សរុប ២ ៤៩៦ ៣៥៨ ម២ មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ៨២១ ៣០៦ ៦៧៦ដុល្លារ។
ស្របពេលដែល អគារ ផ្ទះល្វែងនិង ភូមិគ្រឹះ នៅទូទាំង ប្រទេស មាន ២០ ៧៨១ ល្វែង/ខ្នង មាន ផ្ទៃ ក្រឡា កម្រាល សំណង់ ៣ ៤៩៩ ២០៤ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ១ ២៦៩ ៦៥៣ ១៨៨ ដុល្លារ៕