ពិភពលោកកំពុងស្ថាបនាគម្រោងមហិមាចំនួន៦

ពិភពលោកកំពុងធ្វើនគរោបនីយកម្មយ៉ាងឆាប់រហ័ស។ យោងតាមគេហទំព័រ Business Insider ទាំងនេះគឺជាគម្រោងអស្ចារ្យបំផុត ដែលនឹងធ្វើឲ្យទីក្រុងធំៗរបស់ពិភពលោកមានការប្រែប្រួល នៅឆ្នាំ២០៣៥។ ១. មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក
ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា តំបន់ Manhattan ដែលមានទំហំ១,៥ហិកតា ដែលជាកន្លែងអគារភ្លោះ ហើយអាគារខ្ពស់ៗនៅជុំវិញ ត្រូវបានកំណត់ជាទិសដៅសម្រាប់ការស្ដារឡើងវិញ ដោយទីក្រុងញីវយ៉ក ហើយឥឡូវមានគម្រោងជាច្រើនត្រូវបានបញ្ចប់ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក៤ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី៧ មជ្ឈមណ្ឌលដឹកជញ្ជូនថ្មីមួយ សារមន្ទីរនិងកន្លែងចងចាំ៩/១១ ផ្សារទំនើបមួយ និងឧទ្យានមួយ។ បន្ថែមពីនោះ មាន ប៉មបី ព្រះវិហារតូចមួយ និងមជ្ឈមណ្ឌលសម្ដែងមួយដែលកំពុងសាងសង់នៅឡើយ ដែលការសាងសង់គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២០។ ២. គម្រោង Newhaul Ranch ឡូសអាន់ជ័រលេស កាលីហ្វញ៉ា សហរដ្ឋអាមេរិក
គម្រោង Newhall Ranch នឹងមានលំនៅឋានចម្រុះ រួមមានផ្ទះមួយខ្នង ខុនដូ និងផ្ទះល្វែង ដែលមានតម្លៃទាបជាងទីផ្សារ១០%។ គម្រោងតម្លៃ១៤ពាន់លានដុល្លារនេះមានមូលដ្ឋាននៅជ្រលងភ្នំ Santa Clarita នឹងនាំមកនូវលំនៅឋានចំនួន២១,៥០០ខ្នង ទៅរដ្ឋឡូសអាន់ជ័រលេស នៅឆ្នាំ២០៣៥។ គម្រោង Newhall Ranch នឹងចាប់ផ្ដើមដោយមានភូមិពីរ មានផ្ទះចំនួន ៥,៥០០ខ្នង និងទំហំជាង២,៥សែនម៉ែត្រការ៉េ នៅចន្លោះកណ្ដាល និងក៏បានរក្សាទុកទីសាធារណៈទំហំ ៤,០៤៧ហិចតា។ ៣. ផែនការមេថ្មី សម្រាប់ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល
បានរៀបចំឡើងដោយក្រុមហ៊ុន Urban Think Tank ដែលផែនការមេថ្មីរបស់ទីក្រុងសៅប៉ូឡូ នឹងផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខនេះ។ ផែនការនេះជំរុញឲ្យមានការអភិវឌ្ឍន៍តម្រង់ទិសប្រជាជន រួមមានលំនៅឋានថ្មី ផ្លូវទោចក្រយាន ផ្លូវរថយន្តក្រុង និងកាត់បន្ថយចន្លោះទំនេរចំណត់ដែលមានស្រាប់។ ការសាងសង់បានចាប់ផ្ដើម នៅឆ្នាំ២០១៤ ហើយទីក្រុងនេះគ្រោងសាងសង់លំនៅឋានថ្មីចំនួន ៧១៧,០០០ខ្នង ដែលក្នុងនោះ ២៤០,០០០ខ្នង ត្រូវបានរចនាឡើងសម្រាប់តម្លៃសមរម្យ នៅត្រឹមឆ្នាំ ២០៣០។ ៤. ការអភិវឌ្ឍន៍តំបន់ស្ថានីយ Shibuya នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅរដូវក្ដៅ ឆ្នាំ២០២០ ទីក្រុងតូក្យូបានកំពុងអភិវឌ្ឍគម្រោងមួយចំនួន នៅក្នុងទីក្រុង។ ការពង្រីកទីក្រុងនេះយ៉ាងហោចណាស់មានអគារកប់ពពកថ្មីចំនួន ៤៥យូនីត នឹងត្រូវបានសាងសង់នៅឆ្នាំ២០២០ ដែលកើនឡើង៥០% ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ អគារកប់ពពកចំនួន៧នឹងជាផ្នែកមួយ នៃការអភិវឌ្ឍន៍គម្រោងតំបន់ ស្ថានីយ Shibuya ចំនួន៦នឹងត្រូវបានប្រើសម្រាប់ការិយាល័យ និងការលក់រាយ ហើយមួយនឹងក្លាយជាអគារខុនដូ៣២ជាន់។ ផែនការនេះក៏ស្នើឱ្យមានការជួសជុល Shibuya River ដែលជាផ្លូវថ្មើរជើងតូចមួយ ហាង និងសួនច្បារថ្មីៗ នៅពេលវាបើកដំណើរការ នៅដើមឆ្នាំ២០១៨។ គម្រោងពាន់លានដុល្លារនេះនឹងត្រូវបានបញ្ចប់ នៅឆ្នាំ២០២៧។ ៥. ការអភិវឌ្ឍន៍ស្ថានីយថាមពលប៉ូឡូញ ទីក្រុងឡុងដុង ប្រទេសអង់គ្លេស
ទីស្នាក់ការកណ្ដាលថ្មីរបស់ក្រុមហ៊ុន Apple នឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍន៍ស្ថានីយថាមពល Battersea។ ការជួសជុលអាគារនិមិត្តរូបនេះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ១៦,៥ពាន់លានដុល្លារ (ស្មើនឹង១៣ពាន់លានផោន) ហើយនឹងរួមបញ្ចូលអគារលំនៅឋាន និងពាណិជ្ជកម្មថ្មី ដែលរួមមានអាផាតមិន សណ្ឋាគារ និងការិយាល័យ។ ការស្ថាបនាត្រូវបានគ្រោងនឹងដំណើរការជា៧ដំណាក់កាល ដែលដំណាក់កាលដំបូងបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៤ ហើយចុងក្រោយត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៥។ នៅលើផ្ទៃដីជាង៧សែនម៉ែត្រការ៉េ កន្លែងសំណង់សម្រាប់ការអភិវឌ្ឍន៍ស្ថានីយថាមពល Battersea គឺធំបំផុតនៅក្នុងទីក្រុងឡុងដុង ក្នុងរយៈពេល៣០ឆ្នាំ។ ក្រុមហ៊ុន Apple គឺជាអ្នកជួល នឹងប្ដូរទីស្នាក់ការកណ្ដាលទីក្រុងឡុងដុងរបស់ខ្លួន ទៅជាអតីតស្ថានីយថាមពលនៅឆ្នាំ២០២១។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថា នឹងកាន់កាប់អគារការិយាល័យ៤០%។ ៦. គម្រោងអភិវឌ្ឍន៍ឡើងវិញ Castellana Norte ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ
Castellana Norte គឺជាគម្រោងលម្អឡើងវិញ៧,១ ពាន់លានដុល្លារនៅក្នុងស្រុកមួយនៅភាគខាងជើង នៃទីប្រជុំជន។ បច្ចុប្បន្នតំបន់នេះមានទីលំនៅស្ថានីយរថយន្តក្រុងមួយចំនួនផ្ទះពីរបីខ្នង និងអគារឧស្សាហកម្ម និងឃ្លាំងជាច្រើន ដែលបោះបង់ចោល។ ការអភិវឌ្ឍន៍ឡើងវិញនេះនឹងធ្វើឱ្យ Castellana Norte ក្លាយជាសង្កាត់ថ្មីមួយ ដែលមានអគារខ្ពស់ៗ ឧទ្យាន ផ្លូវថ្នល់ ស្ពាន និងអាផាតមិន សម្រាប់មនុស្សប្រមាណ១៧.០០០ នាក់ នៅត្រឹមឆ្នាំ២០៣៥។