ត្រីមាសទី១ ឆ្នាំ២០២០ ប្រាក់កម្ចីនៅកម្ពុជាមានការកើនឡើងបើប្រៀបនឹងឆ្នាំមុន

ត្រីមាសទី១ ឆ្នាំ២០២០ ប្រាក់កម្ចីនៅកម្ពុជាមានការកើនឡើងបើប្រៀបនឹងឆ្នាំមុន

ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថាប្រាក់កម្ចីដែលមិនទាន់សងសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ មានការកើនឡើងដល់ប្រមាណជា ២៨,៤ ពាន់លានដុល្លារ ពោលគឺជាការកើនឡើងចំនួន ២៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខនេះត្រូវបានចេញផ្សាយដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា (CBC) ដកស្រង់ចេញពីសារព័ត៌មាន Khmer Times ។ «តួលេខនេះរួមមានការកើនឡើង ៣០ ភាគរយនៅក្នុងការផ្តល់ប្រាក់កម្ចីថ្មី ខណៈដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ចំនួន ៣,៣ ភាគរយនៃឥណទានក្នុងត្រីមាសនេះបើធៀបនឹងឆ្នាំមុន»។

លោក អឿ សុធារ័ត្ន បានឲ្យដឹងថាការបង់ត្រឡប់មកវិញដែលមានភាពយឺតយ៉ាវ (៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់) នៃសមតុល្យដែលនៅសល់មានការកើនឡើងពី ០,០៧ ភាគរយដល់ ១,៦១ ភាគរយក្នុងរយៈពេលដូចគ្នា។
លោកបន្តថាការបូកបញ្ចូលនៃប្រាក់កម្ចីនានានៅតែមានចំនួនច្រើនដូចគ្នានឹងប្រាក់កម្ចីអាជីវកម្មដែលជាចំណែកដ៏ធំបំផុតនៃការផ្ដល់ប្រាក់កម្ចីបន្ទាប់ពីឥណទានផ្ទាល់ខ្លួននិងកម្ចីអចលនទ្រព្យ។ ចំពោះកម្ចីអចលនទ្រព្យសរុបមានចំនួន ៤,២៣ ពាន់លានដុល្លារដែលមានការកើនឡើងចំនួន ៣១ ភាគរយបើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំកន្លងទៅ៕

អត្ថបទដោយ: Nary