គម្រោងអភិវឌ្ឍន៍ផ្លូវតម្លៃប្រមាណ ២០០លានដុល្លារ នឹងត្រូវអនុវត្តន៍បន្ទាប់ពីផ្លូវជាតិលេខ៦

គម្រោងអភិវឌ្ឍន៍ផ្លូវតម្លៃប្រមាណ ២០០លានដុល្លារ នឹងត្រូវអនុវត្តន៍បន្ទាប់ពីផ្លូវជាតិលេខ៦
ថ្លែងនៅឯពិធីសម្ភោធបើកឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីផែនការស្ថាបនាផ្លូវមួយខ្សែទៀតដែលនឹងតភ្ជាប់ពី ខេត្តប៉ៃលិន ទៅកាន់ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២០០ លានដុល្លារអាមេរិច។ គម្រោងផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនរបស់កម្ពុជា ពីខេត្តកោះកុង ទៅ ខេត្តបៃលិន ដោយឆ្លងកាត់តាម ស្រុកសំឡូត នឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នាឆ្នាំ២០១៨នេះ ដែលរដ្ឋាភិបាលកម្ពុជា នឹងស្នើរសុំជំនួយ ហិរញ្ញបទានពីរដ្ឋាភិបាល​ចិន។ ដោយឡែកសម្រាប់គម្រោងតភ្ជាប់ផ្លូវពីកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង មិនទាន់អាចដំណើរការបាននៅឡើយ ព្រោះមានការព្រួយបារម្ភ​ពីផលប៉ះពាល់ដល់បឹងទន្លេសាប។ បើទោះបីជា មិនទាន់មានព័ត៍មានលម្អិតស្តីពីគម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែរនេះទេ ក៏គេអាចសន្និដ្ឋានបានថា រដ្ឋាភិបាលចិនទំនងជាយល់ព្រមតាមសំណើររបស់សម្តេចនាយករដ្ឋមន្រ្តី ខណៈដែលក្រុមហ៊ុនម៉ៅការសាងសង់ទំនងជាក្រុមហ៊ុនចិនផងដែរ។ គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ៦ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកនេះ មានប្រវែងសរុបជាង ២៤៨.៥៣គីឡូម៉ែត្រ ដែលតភ្ជាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។ សម្រាប់ការសាងសង់កំណាត់ផ្លូវជាតិលេខ​៦នេះ គឺឆ្លងកាត់ខេត្តចំនួន ៣រួមមាន៖ ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។  គួរបញ្ចាក់ផងដែរ កំណាត់ផ្លូវជាតិលេខ៦ត្រូវចំណាយថវិកាសាងសង់និងកែរលម្អរឡើងវិញ សរុបថវិកាអស់ប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ៥ភាគរយសម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។ កំណាត់ផ្លូវនេះត្រូវបានចំណាយពេលសាងសង់ រយះពេល ៥០ខែ គឺចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។   ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែជួយឧបត្ថម្ភគាំទ្រចំពោះការអភិវឌ្ឍន៍ប្រពន្ធ័ហេដ្ឋារចនាសម្ព័ននៅកម្ពុជា។ តាមរយៈការសាងសង់ផ្លូវជាតិលេខ៦នេះ ចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ក្នុងការធ្វើដំណើរពីរាធានីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗ។ បច្ចុប្បន្ន ចិនកំពុងជួយកសាងផ្លូវដល់កម្ពុជាចំនួនប្រមាណជាង៣,០០០គីឡូម៉ែត្រ ព្រមទាំងស្ពានឆ្លងកាត់ទន្លមួយចំនួនទៀតផង។  ដោយសារតែ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដូច្នេះហើយសេវាសាធារណៈសំខាន់ៗជាច្រើន នៃប្រព័ន្ធដឹកជញ្ជួន កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកែទម្រង់ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសម្រួល និងបំពេញតម្រូវការជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។​ តួយ៉ាងគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងរថភ្លើងស្រាលបែបទំនើបនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗក្នុងពេលខាងមុខ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយបញ្ហាកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកំពុងចោទជាបញ្ហានៅក្នុងសង្គមនាពេលបច្ចុប្បន្ន។   យោងតាមទិន្នន័យរបស់ក្រសួងសាធារណៈការ និងដឹកជញ្ចូន បានបង្ហាញឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ ២០១៧ រដ្ឋាភិបាលកម្ពុជាសម្រេចសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទាំងប្រទេសបានសរុបចំនួន ៦០៣ ខ្សែ ដែលស្មើនឹងជាង ១៦,០០០ គីឡូម៉ែត្រ ដែលរួមមានប្រភេទផ្លូវបេតុង ផ្លូវកៅស៊ូអាស្វាល់ ផ្លូវបេតុង ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។
អត្ថបទដោយ: Medikan