ដើម្បីលើកកំពស់សោភ័ណភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានប្រកាសកាលពីថ្ងៃទី៩ ខែ មិថុនា នេះ បានបញ្ជាក់ថា គម្រោងនេះ ក៏នឹងរៀបចំតម្រាយផ្លូវសម្រាប់ជនពិការអាចងាយស្រួលធ្វើដំណើរឆ្លងកាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជាកំពង់ធ្វើប្លង់មេសម្រាប់ ការសាងសង់ចិញ្ចើមផ្លូវ និងផ្លូវសាធារណៈជន និងជនពិការនៅក្នុងរាជធានីភ្នំពេញទាំងមូល។ គម្រោងនេះត្រូវបានប្រកាសឡើងកាលពី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ដែលត្រូវស្នើរឡើងដោយ ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម និងសំណង់។
គម្រោងនេះបានធ្វើទៅ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ឲ្យមានផ្លូវថ្មើរជើងត្រឹមត្រូវ និងអាចបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុដោយសារតែផ្លូវធ្វើដំណើរមួយចំនួនធំនៅមានលក្ខណៈតូចចង្អៀតនៅឡើយ និងមិនអាចបំពេញតម្រូវការអ្នកធ្វើដំណើរថ្មើរជើងបាន។
ចំពោះគំរូផ្លូវថ្មើរជើងនេះគឺមានបីគំរូ ដែលរៀបចំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល និង ឯកឧត្ដម យស់ ឆោមណារ៉ាឌី ដោយមានលោក សាំង បូតាជាជំនួយការបច្ចេកទេស ដែលជាមន្ត្រីថ្នាក់ខ្ពស់នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
បើសិនជាយើងក្រឡេកមើលគំរូ នីមួយៗ វិញយើងសង្កេតឃើញថា៖
- គំរូទី១ មានទីតាំងសម្រាប់ដាំដើមឈើលើចិញ្ចើមផ្លូវ ១ម៉ែត្រ ផ្លូវថ្មើរជើងសាធារណៈជនពី ១.២ ទៅ ២.២ម៉ែត្រ អមសងខាងផ្លូវសម្រាប់ជនពិការ និងបូកបញ្ចូលជាមួយផ្លូវថ្មើរជើងសម្រាប់ពាណិជ្ជកម្មប្រវែង ២ម៉ែត្រកន្លះ។
- គំរូទី២ មានទីតាំងសម្រាប់ដាំដើមឈើលើចិញ្ចើមផ្លូវ ១ម៉ែត្រ ផ្លូវថ្មើរជើងសាធារណៈជនពី ១.២ ទៅ ២.២ម៉ែត្រ អមសងខាងផ្លូវសម្រាប់ជនពិការ ប៉ុន្តែមិនមានផ្លូវសម្រាប់ពាណិជ្ជកម្ម។
- គំរូទី ៣ មានទីតាំងសម្រាប់ដាំដើមឈើលើចិញ្ចើមផ្លូវ ១ម៉ែត្រ ផ្លូវថ្មើរជើងសាធារណៈជនពី ១.២ ទៅ ២.២ម៉ែត្រ អមសងខាងផ្លូវសម្រាប់ជនពិការ និងមានធ្លាគម្លាត៤ម៉ែត្រពីអគារ។
ចំពោះគម្រោងនេះគឺស្ថិតនៅក្នុងផែនការនៅឡើយ ចំពោះកាលបរិច្ឆេទច្បាស់លាស់ក្នុងការចាប់ផ្ដើមសាងសង់គឺមិនទាន់ដឹងច្បាស់ទេ ក្នុងពេលនេះ៕