យ៉ាងហោចណាស់ ២ឆ្នាំទៀតទើបកម្ពុជាអាចស្ថាបនារថភ្លើងលើអាកាសដូចប្រទេសជប៉ុន

យ៉ាងហោចណាស់ ២ឆ្នាំទៀតទើបកម្ពុជាអាចស្ថាបនារថភ្លើងលើអាកាសដូចប្រទេសជប៉ុន
គម្រោងស្ថាបនារថភ្លើងស្រាលលើអាកាសដែលហៅកាត់ថា (AGT) ជាគំនិតផ្តួចផ្តើមឡើងដោយ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំ ២០១៧ កន្លងទៅ។ សម្តេច ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាលទីក្រុងតួក្យូ ឱ្យជួយគិតគូរ និង ផ្តល់ជំនួយហិរញ្ញវិត្ថុក៏ដូចជាបច្ចេកទេស ក្នុងការរៀបចំអភិវឌ្ឍន៍​គម្រោង​ស្ថាបនារថភ្លើងលើអាកាសដូចនៅប្រទេសជប៉ុន ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ បញ្ហាស្ទះចរាចរណ៍ និងបញ្ចៀស​នូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកើតមានឡើងនាពេលបច្ចុប្បន្ន។ តាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា អង្គការ JICA បានឱ្យដឹងថា គម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសដោយរត់កាត់ពីលើដងវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ នឹងត្រូវចំណាយអស់ថវិកាប្រមាណ ៨០០លានដុល្លារអាមេរិច។ សព្វថ្ងៃគម្រោងសាងសង់ខ្សែរថភ្លើងលើអាកាស (AGT) នេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សារស្រាវជ្រាវបន្ថែមដើម្បីរៀបចំអភិវឌ្ឍន៍​ទៅលើផ្លួវចំនួន ៣ខ្សែ​​ ដោយខ្សែទី១ ផ្គើមពីចំណុចផ្លួវមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុន្នីវង្ស មហាវិថីសហព័ន្ធរុស្ស៉ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ផ្គើមពីចំណុចផ្លួវ មហាវិថីព្រះមុន្នីវង្ស រត់ស្របផ្លូវរថភ្លើងចាស់ដល់គោលដៅព្រលាន្តយន្តអន្តរជាតិភ្នំពេញ។ ខែ្សទី៣ផ្គើមពីចំណុចកណ្តោលទីក្រុងផ្សារធំថ្មី មហាវិថីហ្សលដឺហ្គោល, មហាវិថីព្រះមុន្នីរ៉េត, ផ្លូវរ៉េងស្រេង, រង្វង់មូលចោមចៅបត់មកព្រលាន្តយន្តអន្តរជាតិភ្នំពេញវិញ។​​ ចំណែកឯខ្សែររថភ្លើងលើអាកាសដែលចាប់ផ្តើមធ្វើដំបូងគេ មានប្រវែងសរុប ១៨ គីឡូវម៉ែត្រ ដែលរួមមានផ្លូវលើអាកាសប្រវែង១៤គីឡូម៉ែត្រ និង ផ្លូវក្រោមដី​​ប្រវែង​៤គីឡូម៉ែត្រ ដោយ​ចាប់ផ្តើមពីចំណុចផ្សារធំថ្មី ឆ្ពោះទៅកាន់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ យោងតាមគេហទំព័រព័ត៍មានថ្មីៗ រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា យ៉ាងហោចណាស់កម្ពុជាត្រូវការពេល ២ឆ្នាំទៀត ទើបឈានទៅដល់ការអភិវឌ្ឍន៍គម្រោងស្ថាបនារថភ្លើងលើអាកាស (AGT) ព្រោះត្រូវសិក្សាឱ្យប្រាកដថា អាចនឹងមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈដែរឬអត់។ ឯកឧត្តមបានបន្តទៀតថា ភាគីកម្ពុជា-ជប៉ុន នឹងរៀបចំជំនួបពិភាក្សាក្នុងខែមិថុនា ដើម្បីពន្យល់បន្ថែមដល់ប្រជាពលរដ្ឋស្តីពីផលប៉ះពាល់នៃគម្រោងមួយនេះ។ កន្លងទៅមានពាក្យចចាមអារ៉ាមថា ជប៉ុនបានផ្តាច់ជំនួយគម្រោងស្ថាបនារថភ្លើងនេះទៅវិញដោយហេតុផលមិនពេញចិត្តទៅនឹងគោលនយោបាយប្រទេសកម្ពុជា ត្រង់ចំណុចនេះឯកឧត្តមបានបកស្រាយថាគ្មានករណីដូចដែលបានលើកឡើងនោះទេគម្រោងមួយនេះនឹងត្រូវអភិវឌ្ឍន៍ គ្រាន់តែត្រូវការពេលយូរបន្ទិចទៀត។ បច្ចុប្បន្ន រាជធានីភ្នំពេញមានប្រជាជនសរុបប្រមាណ ១,៥០១,៧២៥ នាក់រស់នៅលើផ្ទៃដីសរុប ៦៧៨,៤៦គីឡូម៉ែត្រការ៉េ ចំណែក​ឯតួរលេខយានជំនិះរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ សរុបចំនួនរថយន្តមានរហូតដល់ជាង ៣០ម៉ឺនគ្រឿង និង ម៉ូតូ ជាង ១លានពីសែនគ្រឿង។ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ប្រជាជនកម្ពុជាគួរតែងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ មានដូចជារថយន្តក្រុង និងរថភ្លើង ក៏ដូចជាអាចចូលរួមចំណែកការពារបរិស្ថានបានមួយផ្នែកផងដែរ៕
អត្ថបទដោយ: Medikan