តើ Mall និង Super Market ខុសគ្នាយ៉ាងដូចម្តេចខ្លះ?

តើ Mall និង Super Market ខុសគ្នាយ៉ាងដូចម្តេចខ្លះ?
ខណៈដែលកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើងជាលំដាប់ ស្របទៅតាមកំណើនសេដ្ឋកិច្ច មានផ្សារទំនើបជាច្រើនត្រូវបានអភិវឌ្ឍន៍ឡើងជាបន្តបន្ទាប់ តួយ៉ាងដូចជាការសម្ភោធដាក់ឲ្យដំណើរការ ផ្សារអ៊ីអនម៉លទី២ និង គម្រោងស្ថាបនា​ផ្សារអ៊ីអនទី៣ និងផ្សារទំនើបផ្សេងៗទៀតជាដើម។ បើយោងទៅតាមវចនានុក្រមអង់គ្លេស-ខ្មែរ ពាក្យថា Mall និង Super Market សុទ្ធតែប្រែមកថា <ផ្សារទំនើប> ដូចគ្នា។ ប៉ុន្តែជាក់ស្តែងផ្សារទំនើប និង ម៉លមានលក្ខណៈមិនដូចគ្នាទេ។ ចង់ដឹងទេថា តើរវាង Mall និង Super Market មានភាពខុសគ្នាយ៉ាងណា KHB Media សូមរៀបរាប់បង្ហាញជូនលោកអ្នកដូចតទៅនេះ។ យោងតាមគេហទំព័រ www.differentbetween.info ដែលជាគេហទំព័រព័ត៍មានដ៏ល្បីល្បាញមួយលើសកលលោក បានឲ្យនិយមន័យថា ផ្សារទំនើប និងម៉ល គឺមានលក្ខណៈដូចគ្នាមួយចំនួនដោយ ប្រភេទផ្សារទាំងពីរនេះ មានហាងលក់គ្រឿងទេសធំៗ ដែលផ្តល់ជូនអតិថិជននូវ ម្ហូបអាហារ និង សម្ភារៈផ្សេងៗជាច្រើនដូចគ្នា ដែលទំនិញត្រូវបានរៀបចំដោយមានរបៀប ហើយច្រកនីមួយៗត្រូវបានដាក់លេខរៀង ឬ ដាក់ស្លាកសម្គាល់បានត្រឹមត្រូវ និងមានដាក់ទំនិញស្រដៀងគ្នានៅកន្លែងតែមួយ ធ្វើឲ្យអតិថិជនងាយជ្រើសរើស។ ផ្សារទំនើប និងម៉លក៏មានលក់ អាហារស្រស់ និង ទំនិញកំប៉ុង ឬ ប្រអប់ជាច្រើនមុខដូចគ្នាដែរ។ តែចំពោះតម្លៃទំនិញក្នុងហាងនៃ ផ្សារទំនើប និង ម៉ល ក៏ប្រែប្រួលអាស្រ័យទៅលើប្រភេទនៃទំនិញផងដែរ។ ផ្សារទំនើបមួយចំនួនដូចជាផ្សារទំនើបរបស់អាមេរិច នៅទីក្រុង Bloomington នៃរដ្ឋមីនីសូតា បានស្ថាបនាសួនកម្សាន្តមួយនៅខាងក្នុងផ្សារទំនើបរបស់ខ្លួន ដើម្បីទាក់ទាញអតិថិជន។ អ្វីដែលផ្សារទំនើប និង ម៉ល មានលក្ខណៈដូចគ្នាមួយទៀតនោះគឺ មានជណ្តើរយន្ត និងជណ្តើរប្រអប់ ដែលអាចឲ្យសាធារណៈជនឡើងចុះពីជាន់មួយទៅជាន់មួយ នៅពេលដើរទិញទំនិញបានយ៉ាងងាយស្រួល។ ប៉ុន្តែបើយោងតាមគេហទំព័រដដែលនេះ លក្ខណៈដែលម៉ល ខុសពីផ្សារទំនើបនោះគឺ ៖ • Mall មានទីធ្លា និងកន្លែងចតយានយន្តធំទូលាយជាង Super Market។ • Mall មានអាគារទំហំធំ និងមានហាងលក់ទំនិញដែលមានម៉ាកផលិតផលល្បីៗច្រើនជាង Super Market • Mall ប្រជុំដោយហាងលក់អាហារ និងម្ហូបជាច្រើនមុខ និង ច្រើនប្រទេស • Mall មានរោងភាពយន្តខ្នាតធំ ឬ សាលធំជាង Super Market • មានកន្លែងកំសាន្ត ដែលមានឧបករណ៍កំសាន្តច្រើនប្រភេទជាង Super Market • Mall មានទំហំធំជាង Super Market ព្រោះ Mall ជាផ្សារទំនើបមានលក្ខណៈស្តង់ដារអន្តរជាតិ។ • គ្រប់ហាងលក់ទំនិញនីមួយៗ ត្រូវបានចុះកិច្ចសន្យា និងមានកំណត់គោលការណ៍ច្បាស់លាស់។ ឧទាហរណ៍ដូចជា ផ្សារទំនើប AEON Mall គឺធំជាង និងមានលក្ខណៈស្តង់ដារផ្សារទំនើបផ្សេងៗ នៅកម្ពុជា។ • សម្រាប់បុគ្គលិកលក់ដូរក្នុងម៉លមិនត្រូវបានអនុញ្ញាតឲ្យយកកូនៗ មកបញ្ចុកអាហារ ឬដេកសម្រាកក្នុងហាងនោះទេ។ សូមបញ្ជាក់ផងដែរថា ផ្សារទំនើបមិនមែនទើបតែចាប់ផ្តើមមាននោះទេ ពោលគឺផ្សារទំនើបចាប់ផ្តើមមាននៅទីក្រុងរ៉ូមតាំងពីសម័យបុរាណមកម្លេះ។ ហើយផ្សារ Trajan គឺជាមជ្ឈមណ្ឌលផ្សារទំនើបដំបូងបង្អស់ ដែលបានបង្កើតឡើងនៅក្នុងទីក្រុងរ៉ូម និងបានទទួលប្រជាប្រិយភាពខ្លាំងនៅទសវត្សឆ្នាំ ១៩២០ មុនពេលផ្ទុះសង្គ្រាមលោកលើកទី២។ យ៉ាងណាមិញបច្ចុប្បន្ននេះ ទោះជានៅកម្ពុជាមានផ្សារមួយចំនួនមានឈ្មោះថាម៉លមែន តែនេះគឺមានតែឈ្មោះនោះទេ ព្រោះតាមការជាក់ស្តែងផ្សារទាំងនោះស្ថិតក្នុងលក្ខណៈជា ផ្សារទំនើបនៅឡើយ មិនទាន់បានចាត់ចូលជាផ្សារដែលមានស្តង់ដារ លក្ខណៈជាម៉លនោះទេ។ គួររំលឹកផងដែរថា បច្ចុប្បន្ននៅភ្នំពេញមានផ្សារទំនើប និង ម៉លដូចជា៖ ១. ផ្សារអ៊ីអន ម៉ល (Mall) ២. ផ្សារអ៊ីអន ម៉ល សែនសុខ ស៊ីធី (Mall) ៣. ផ្សារ​ទំនើប សូរិយា សេនធឺ ភ័នស៍ (ផ្សារទំនើប) ៤.​ ផ្សារសុវណ្ណា (ផ្សារទំនើប) ៥. ផ្សារ រតនា ផ្លាហ្សា (ផ្សារទំនើប) ៦. ផ្សារ ឡាក់គី (ផ្សារទំនើប) ៧. ផ្សារ បាយ័ន្ត (ផ្សារទំនើប) ៨. ផ្សារ ធី ខេ អឺវេនញ៉ូ​ (ផ្សារទំនើប) ៩. ផ្សារ ស៊ីធី ម៉ល ( មានឈ្មោះម៉លមែន តែមានលក្ខណៈជា ផ្សារទំនើបនៅឡើយ) ៕            
អត្ថបទដោយ: Medikan