JICA ផ្តល់ហរិញ្ញប្បទានឥតសំណងចំនួន២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅកម្ពុជា

JICA ផ្តល់ហរិញ្ញប្បទានឥតសំណងចំនួន២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅកម្ពុជា

ភ្នំពេញ​៖  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) នៅព្រឹកថ្ងៃសុក្រនេះ បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ បរិញ្ញប្បទានឥតសំណងចំនួន ២.៧៧៧ លានយ៉េនស្មើរនឹងប្រមាណ ២៧លានដុល្លារដើម្បីឲ្យកម្ពុជាអនុវត្តន៏គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុងភ្នំពេញ។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុង រាជធានីភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ដែលមានទឹកប្រាក់ចំនួន ២ ៧៧៧ លានយ៉េន (ប្រមាណជា ២៧ លានដុល្លារអាមេរិក)នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ មានទិសដៅចម្រោះ ទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ  និងបំពង់បង្ហូរ ទឹកកខ្វក់ដែលមានប្រវែង ២ ០០០ ម៉ែត្រ មុខកាត់ ៥០០ ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹក កខ្វក់បឹងត្របែក។

រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥  ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ប្រមាណ ៣២ខែ។

បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ ផងដែរ។ វាគឺជា គម្រោងទី១ក្នុងរាជធានីភ្នំពេញ ដែលនឹងបំពេញបន្ថែមឲ្យគម្រោងការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបាន សាងសង់ដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនផងដែរ។

គម្រោងនេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ  ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដោយបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងការ អភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលនាំមកនូវការការពារ និងលើកម្ពស់គុណភាពទឹក និង អនាម័យបរិស្ថាន ស្របទៅនឹងមុំទី១នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារ យុទ្ធសាស្រ្ត ចតុកោណ ដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងដែលនឹងត្រូវចុះហត្ថលេខានេះ គឺជាឯកសារ គតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ការអនុវត្តនីតិវិធី បន្តបន្ទាប់ទៀតសម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។

សូមរំលឹកថា រាប់ទាំងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង នេះ ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន  ៤គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៨ ០៥៥ លានយ៉េន ត្រូវជាប្រមាណ ៧៧ លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៤៣ លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណជិត ៣៤ លាន ដុល្លាអាមេរិក៕

 

អត្ថបទដោយ: Oudom