នៅយុគសម័យនេះ ឮតែគ្រប់គ្នានិយាយអំពីបៃតង។ មិនថាអ្នកយល់យ៉ាងណានោះទេ ប៉ុន្តែអ្នកត្រូវតែអនុវត្តតាមចលនាបៃតងនេះ។ ភពផែនដីមិនមាននិរន្តរភាពទេ ដែលមានន័យថា ប៉ុន្មានឆ្នាំទៅមុខទៀត ធនធានធម្មជាតិនឹងត្រូវបាត់បង់។ សញ្ញាអាសន្ននេះបង្ហាញថា មនុស្សចាំបាច់ត្រូវតែផ្ដោតលើគោលការណ៍សាងសង់បែបបៃតង ដើម្បីរក្សានិរន្តរភាពបរិស្ថាន និងអាចឲ្យមនុស្សនៅរស់រានបានយូរអង្វែងបន្តទៀត។
ការកំណត់និយមន័យអគារបៃតង
មនុស្សមួយចំនួនគិតថា អគារបៃតងឬនិរន្តរភាព គ្រាន់តែជាអគារមួយដែលមិនមានផលប៉ះពាល់អាក្រក់ទៅលើបរិស្ថាន ដូចអាគារផ្សេងៗ។
អគារបៃតងឥតខ្ចោះជាគម្រោងសាងសង់មួយ ដែលនឹងអនុញ្ញាតឱ្យអ្នករក្សាបរិស្ថានធម្មជាតិភាគច្រើននៅជុំវិញតំបន់គម្រោង ខណៈអាគារនៅតែអាចត្រូវបានសាងសង់ ដើម្បីបម្រើក្នុងគោលបំណងជាក់លាក់មួយ។ សំណង់និងប្រតិបត្តិការនឹងជួយលើកកម្ពស់បរិស្ថានគ្រប់ផ្នែកពាក់ព័ន្ធ ហើយនឹងមិនរំខានដល់ដី ទឹក ធនធាន និងថាមពល នៅជុំវិញអាគារ។ នេះគឺជានិយមន័យពិត នៃអាគារបៃតង។
ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក US EPA បាននិយាយថា "អគារបៃតងគឺជាការអនុវត្តនៃការបង្កើតរចនាសម្ព័ន្ធ និងការប្រើប្រាស់ដំណើរការ ដែលទទួលខុសត្រូវលើបរិស្ថាន និងប្រសិទ្ធផលធនធាន ទូទាំងវដ្ដជីវិតរបស់អាគារ ចាប់តាំងពីការចាប់ផ្ដើមគូសប្លង់ សាងសង់ ប្រតិបត្តិការ ការថែទាំ ការជួសជុល និងការកម្ទេចចោល។ ការអនុវត្តនេះពង្រីក និងបំពេញបន្ថែម ដល់រចនាបថអគារធម្មតា ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ការប្រើប្រាស់ អាយុកាលប្រើប្រាស់ និងផាសុកភាព។ អាគារបៃតងក៏ត្រូវបានគេស្គាល់ដែរថា ជាអគារដំណើរការខ្ពស់ ឬប្រកបដោយនិរន្តរភាព។
ហេតុអ្វីត្រូវឲ្យមានភាពបៃតង?
ហេតុអ្វីបានជាភាពបៃតងមានសារៈសំខាន់? មនុស្សភាគច្រើនគិតថា បៃតងអាចកាត់បន្ថយកាបូន និងជួយបង្កើនបរិស្ថាន។
អ្នកអាចបង្កើតភាពបៃតងតាមវិធីផ្សេងៗគ្នា ប៉ុន្តែអ្នកសាងសង់ និងកម្មករសំណង់ ត្រូវតែទទួលខុសត្រូវដែរ។ មិនចាំបាច់ធ្វើយ៉ាងគំហុកទាំងបង្ខំនោះទេ ប៉ុន្តែអ្នកអាចចាប់ផ្ដើមមួយជំហានម្ដងៗ ក្នុងដំណើរដ៏វែងឆ្ងាយ។ អាគារបៃតងត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ជារួម លើបរិស្ថាន និងសុខភាពមនុស្ស ដោយ៖
- កាត់បន្ថយសំរាម ការបំពុលបរិស្ថាន និងការសឹករិចរិលនៃបរិស្ថាន។
- ប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងៗប្រកបដោយប្រសិទ្ធភាព។
- ការពារសុខភាពអ្នករស់នៅ និងបង្កើនផលិតភាព។
តើភាពបៃតងពិតជាចំណាយច្រើនមែនទេ?
មនុស្សខ្លះយល់ថា បង្កើតលក្ខណៈបៃតងនាំឲ្យពួកគេចំណាយច្រើន ដែលនេះជាការយល់ច្រឡំជាទូទៅមួយ។ ការជ្រើសរើសសម្ភារៈ ដែលជួយសន្សំសំចៃការប្រើប្រាស់ថាមពល មានន័យថា បង្កើត "លក្ខណៈបៃតង" ហើយ។ ការវិនិយោគមួយដែលអាចជួយសន្សំលុយរបស់អ្នក ក៏ដូចជាការវិនិយោគមួយដែលអាចជួយបរិស្ថាន! វាគឺជាស្ថានភាពឈ្នះឈ្នះ សម្រាប់អ្នកគ្រប់គ្នា!
អត្ថប្រយោជន៍នៃអគារបៃតង
អត្ថប្រយោជន៍នៃអគារបៃតងអាចមានដល់ទាំងបរិស្ថាន និងសេដ្ឋកិច្ចនិងសង្គម។ វិធីសាស្ត្រសាងសង់បៃតងនៅពេលដែលត្រូវបានដាក់បញ្ចូល ខណៈពេលគូសប្លង់ និងសាងសង់ នឹងផ្ដល់អត្ថប្រយោជន៍សំខាន់បំផុត រួមមាន៖
អត្ថប្រយោជន៍ផ្នែកបរិស្ថាន៖
- កាត់បន្ថយការខ្ជះខ្ជាយទឹក
- អភិរក្សធនធានធម្មជាតិ
- កែលំអគុណភាពខ្យល់និងទឹក
- ការពារជីវចម្រុះ និងប្រព័ន្ធអេកូ
- អត្ថប្រយោជន៍សេដ្ឋកិច្ច
- កាត់បន្ថយចំណាយប្រតិបត្តិការ
- កែលំអផលិតភាពអ្នករស់នៅ
- បង្កើតទីផ្សារ សម្រាប់ផលិតផលនិងសេវាកម្មបៃតង
- អត្ថប្រយោជន៍សង្គម:
- កែលំអគុណភាពនៃជីវិត
- កាត់បន្ថយភាពតានតឹងទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
- កែលំអសុខភាពនិងផាសុកភាព
គោលដៅនៃអគារបៃតង
ជាការពិតណាស់គោលដៅចម្បងគឺដើម្បីធ្វើឱ្យផែនដីមាននិរន្តរភាពឡើង ប៉ុន្តែវាពិតជាមិនជ្រៅដល់ម្ល៉ឹងពេកទេ។ នៅពេលអ្នកសម្រេចចិត្តបង្កើតអគារបៃតង គោលដៅរបស់អ្នកគឺដើម្បីជួយទ្រទ្រង់បរិស្ថាន ដោយមិនរំខានដល់ជម្រកធម្មជាតិនៅជុំវិញ។ ទោះបីជាការផ្លាស់ប្ដូរតិចតួចបំផុតដែលអ្នកអាចធ្វើបាន ក៏នឹងជួយលើកកម្ពស់ភពផែនដីឲ្យល្អប្រសើរឡើង និងជាទីកន្លែងដ៏ប្រសើរមួយសម្រាប់យើងទាំងអស់គ្នារស់នៅ ដែលមិនត្រឹមតែមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានរុក្ខជាតិ និងសត្វព្រៃលើផែនដីផងដែរ។
ប្រសិនបើអ្នកមិនមានគម្រោងសាងសង់ផ្ទះឡើងវិញទេ អ្នកគ្រាន់តែប្ដូរឲ្យមានលក្ខណៈបៃតងនៅក្នុងផ្ទះរបស់ខ្លួន នោះជាការសម្រេចគោលដៅភាពបៃតងហើយ។ អ្នកអាចកាត់បន្ថយការប្រើប្រាស់ថាមពល សន្សំប្រាក់ និងធ្វើឱ្យមានផលប៉ះពាល់ល្អធំធេងលើបរិស្ថាន។ ជាវិធីងាយៗដែលអ្នកអាចធ្វើបាន ហើយអ្នកនឹងមានអារម្មណ៍ប្រសើរឡើងជាមួយបៃតង!
https://youtu.be/MyIOtsx3wDs
(អត្ថបទគួរយល់ដឹងបន្ថែម)
uploads/8437/