តើអ្វីគឺជាអគារ LEED?

តើអ្វីគឺជាអគារ LEED?
ដោយសារកង្វល់នៃការកើនឡើងកំដៅផែនដីឥតឈប់ឈរ ពិភពលោកបានងាកមកស្ថាបនាអគារដែល​បង្ករផលប៉ះពាល់ដល់បរិស្ថានតិចតួច (អគារបៃតង) ក្នុងន័យរួមចំណែកកាត់បន្ថយផល​ប៉ះពាល់​ដល់បរិស្ថាន និងផ្តល់ការសន្សំសំចៃដល់អ្នកប្រើប្រាស់អគារក្នុងរយៈពេលវែងផងដែរ។ នៅក្នុងចំណោមការអភិវឌ្ឍន៍សំណង់បែបបែតងជាច្រើននៅទូទាំងពិភពលោក អគារប្រភេទ LEED ត្រូវបាន​ប្រសិទិ្ធ​នាមឡើង ដើម្បីលើកទឹកចិត្តឲ្យក្រុម ស្ថាប័ត្យករ និង ម្ចាស់អគារ ទាំងឡាយចូលរួម​កាត់​បន្ថយ ផលប៉ះពាល់​ដល់បរិស្ថានជាអតិប្បរមា។ ដូច្នេះតើអ្វីគឺជាអគារ LEED ហើយអគារប្រភេទនេះមាន​សារៈប្រយោជន៍​ដូចម្តេច​ខ្លះដល់បរិស្ថាន និង ម្ចាស់អគារ? ខុសពីបច្ចេកវិទ្យាអគារបៃតងទាំងឡាយ ដែលផ្តោតជាទូទៅលើតែអគារណាដែលប្រើសំម្ភារៈ​ដែល​មាន​និរន្តភាពដល់បរិស្ថាន សន្សំសំចៃថាមពល និងបង្ករផល ប៉ះពាល់ដល់បរិស្ថានតិចតួច សម្រាប់អគារប្រភេទ LEED រឺ អគារដែលនាំមុខគេលើការឌីហ្សាញពីថាមពល និង បរិស្ថាន (Leadership in Energy and Environment Design) គឺជាបច្ចេកវិទ្យា ដែលខ្ពស់ជាង និង​ទំនើប​ជាងបច្ចេកវិទ្យាបៃតងឆ្ងាយណាស់ ដោយ​សារស្តង់ដារនេះត្រូវបានបង្កើតឡើងដោយ​លក្ខណៈ ពិសេស​ជាច្រើន​យ៉ាង និងរចនាឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយ​ផលប៉ះ​ពាល់​ដល់​បរិស្ថានជាអតិបរមា។​​ សព្វថ្ងៃមានអគារជាច្រើននៅកម្ពុជាដែលប្រកាសថាខ្លួនជាអគារបៃតង ប៉ុន្តែមានតែអាគារមួយចំនួន​តូចប៉ុណ្ណោះ​ដែលទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់កម្រិត LEED ដោយសារវាជា​កម្រិត​ដែល​​ខ្ពស់និង​ពិបាកក្នុងការបំពេញលក្ខខណ្ឌណាស់។ ស្តង់ដារអគារ LEED មាន៤កំរិត ដែលខុសគ្នាលើបរិមាណពិន្ទុទៅតាមកម្រិតនិមួយៗ។​ កំរិតទី១ Certified (៤០-៤៩ ពិន្ទុ), កំរិតទី២ Silver (៥០-៥៩ ពិន្ទុ), កំរិតទី៣ Gold (៦០-៧៩ ពិន្ទុ)​ និងកំរិតទី៤ Platinum ( ៨០-១១០ ពិន្ទុ)។ នៅកម្ពុជា ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Bureau Veritas Cambodia គឺជាអាគារទី១ ដែលបានទទួលវិញ្ញាបនប័ត្រអគារដែលមិនប៉ះពាល់ដល់បរិស្ថានកម្រិត Platinum Certification ដែលបញ្ជាក់ថា ជាប្រភេទអគារ LEED ដែលខ្ពស់បំផុត។ អគារការិយាល័យដែលមានកម្ពស់៣ជាន់ ដែលស្ថិតក្នុងខ័ណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានចាប់ផ្តើម​សាងសង់ក្នុងឆ្នាំ២០១៣ ​និងបានបញ្ចប់ក្នុងឆ្នាំ២០១៤ ដែល​មានតំលៃ​ប្រហែល​ជា ៣លានដុល្លារអាមេរិក។ អគារនេះទទួលបាន វិញ្ញាបនប័ត្រ LEED កំរិតទី៤​គឺ Platinum ក្នុងឆ្នាំ ២០១៣​ ដោយទទួលបាន​ ៩០ពិន្ទុ ដែលចេញ ដោយ ទីស្តីការអគារបៃតងរបស់សហរដ្ឋអាមេរិក (U.S. Green Building Council (USGBC) ដែលជាស្ថាបនិកនៃកម្រិតស្តង់ដារអគារ LEED នេះឡើង។​ ពិន្ទុដែល ក្រុមហ៊ុន Bureau Veritas ទទួលបានគឺខ្ពស់ជាងពិន្ទុ របស់អគារ Vattanac Capital Tower ដែលទទួលបានការបញ្ជាក់ LEED ត្រឹមកំរិត Gold ក្នុងឆ្នាំ២០១១​ សំរាប់ ការអភិវឌ្ឍពាណិជ្ជកម្មដែលល្អបំផុតនៅឆ្នាំ២០១១។ ដោយបានចុះបញ្ជីនៅក្នុងផ្នែកការតុបតែងផ្ទៃខាងក្នុងរបស់អគារពាណិជ្ជកម្ម នៃស្តង់ដារ LEED ផ្ទៃខាងក្នុងរបស់អគារ បានបំពេញលក្ខខណ្ឌសំខាន់ៗ៧ យ៉ាងនៃ ស្តង់ដារ LEED ពីសមាគម USGBC។ ក្រុមហ៊ុនទទួលបាន ២០ពិន្ទូលើ២១ សំរាប់ទីតាំងដែលមាននិរន្តភាព​ ១១ពិន្ទុលើ១១ សំរាប់​ការសន្សំ​សំចៃទឹក ៣៤ពិន្ទុ​លើ៣៧ សំរាប់ការប្រើប្រាស់ថាមពល និងបរិយាកាស​​ ៦ពិន្ទុលើ១៤ សំរាប់សំភារៈ​ប្រើប្រាស់ និងធនធាន​ ៩ពិន្ទុលើ១៧ សំរាប់គុណភាពបរិយាកាសក្នុងអាគារ ៦ពិន្ទុលើ៦ សំរាប់គំនិតច្នៃ​ប្រឌិត​ក្នុងការឌីហ្សាញ និងចុងក្រោយគឺ ៤ពិន្ទុលើ៤ សំរាប់ គុណភាពអាទិភាពប្រចាំតំបន់។ លោក យឹម កែវកល្យាណ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន VRK Corporation លោក យឹម កែវកល្យាណ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន VRK Corporation ដែលជា​ក្រុមហ៊ុន​ម៉ៅការ​សាងសង់អគារនេះ បាននិយាយថា “ដើម្បីទទួលបានការ​បញ្ជាក់ស្តង់ដារ​កម្រិត LEED ធម្មតាមួយ តំរូវឲ្យមានលក្ខណៈសម្បត្តិ និងការខិតខំប្រឹងប្រែងជាច្រើន កុំថាឡើយការទទួលបាន​វិញ្ញាបនប័ត្រ​កម្រិត LEED ដែលខ្ពស់បំផុត”។ ដោយព្រោះតែ Bureau Veritas គឺជាក្រុមហ៊ុនអន្តរជាតិ ដែលផ្តល់ជូននូវការបញ្ជាក់ និងធ្វើតេស្ត​សំរាប់​ទំនិញប្រើប្រាស់ ដូចជាសំលៀកបំពាក់ជាដើមនោះ ដូច្នេះ ក្រុមហ៊ុនបានស្នើរសាងសង់​អគារ​ស្តង់ដារលំដាប់ LEED នេះមកក្រុមហ៊ុនសាងសង់។ លោក កែវកល្យាណ មានការជឿជាក់ថា ម្ចាស់អាគារមិនត្រឹមតែទទួលនូវ ការ សន្សំសំចៃក្នុងការប្រើបា្រស់ថាមពល និងផ្តល់បរិយាកាសល្អ​ដល់​បុគ្គលិកនោះទេ ប៉ុន្តែក៏នឹងទទួលបានការចាប់អារម្មណ៍ពីអតិថិជនធំៗផងដែរ។ បន្ទាប់ពីការសាងសង់អាគារស្តង់ដារ​ LEED នេះមក ក្រុមហ៊ុន VRK បានយល់ច្បាស់​ពីផល​ប្រយោជន៍​បច្ចេកវិទ្យា របស់អគារបៃតង ហើយក៏បានប្តូរគោលដៅ អាជីវកម្ម​របស់ខ្លួនដោយផ្តោតលើ ការសាងសង់​អាគារបៃតង និងផ្គត់ផ្គង់ផលិតផលបែបបៃតងជាចំបង។ ដើម្បីញែកខ្លួនពីក្រុមហ៊ុន​សាងសង់​ជាច្រើន​នៅក្នុង ទីផ្សារ VRK បានដាក់ពាក្យស្នើសុំ USGBC ធ្វើជាសមាជិកតាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុន VRK ដែលបានចូលជាសមាជិក សមាគមអ្នកសាងសង់កម្ពុជា (Cambodia Constructors Association (CCA)) កាលពីឆ្នាំ២០១៤ ក៏កំពុងផ្គត់ផ្គង់សំភារៈស្តង់ដារ LEED មួយចំនួន ដែលទាក់ទងទៅនឹង​ផ្នែកមេកានិច អគ្គិសនី និង​បំពង់ ទឹក (M.E.P) ដោយសារតែក្រុមហ៊ុនកត់សំគាល់ឃើញថា សំភារៈ​ស្តង់ដារ LEED មិនសូវមានអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ លោក កែវកល្យាណ បានបញ្ជាក់ថា ការសាងសង់អគារដែលអាចទទួលបានការបញ្ជាក់ LEED ពិតជាមានការលំបាក ជាពិសេសការស្វែងរកសម្ភារៈស្តង់ដារ LEED ហើយលោកបានបន្ថែមទៀតថា ការសាងសង់អាគារដែលមានស្តង់ដារ​ LEED មានតំលៃខ្ពស់ជាង អាគារធម្មតារហូតដល់ ៣០%​ ទៅ ៤០%។ ដោយខ្លួនជាសមាជិកតែមួយគត់របស់ USGBC​ នៅក្នុងប្រទេសកម្ពុជា លោកកែវកល្យាណ បានសង្កេត​ឃើញថា ក្រុមហ៊ុនក្នុង ស្រុកមួយចំនួន ដែលមាន បទពិសោធន៍ក្នុងការ​សាងសង់​អាគារបៃតង កំពុងពិចារណាចូលរួមសមាគមនេះដែរ។ លោកបាននិយាយថា “មានក្រុមហ៊ុនសាងសង់ជាច្រើនអាច​សាង​សង់អាគារបៃតងបាន ប៉ុន្តែពួកគេមិនមានជំនាញ ដូចជា ក្រុមហ៊ុនរបស់ខ្ញុំទេ ដោយព្រោះ ក្រុមហ៊ុន​ទាំងនោះ ជាសមាជិករបស់សមាគម អាគារបៃតង នៅវៀតណាម ថៃ និង សិង្ហបុរី ដែលមាន​ស្តង់ដារ​ទាបជាង USGBA”។​ ជាមួយបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យសំណង់ លោកកល្យាណ ក៏បានសង្កេតឃើញថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនម៉ៅការសំណង់មួយចំនួនងាក មក ផ្តោតសំខាន់ទៅលើសម្ភារៈ​បៃតង ព្រោះពួកគេឲ្យអាទិភាពទៅលើគំរោង ដែលមានការសន្សំសំចៃ ក្នុងរយៈពេលវែង។ ខណៈដែលលោកចង់ឃើញក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនម៉ៅការសំណង់ យកចិត្តទុកដាក់​ លើបច្ចេកវិទ្យាអាគារបៃតង ដោយប្រើសំភារៈ ដែលមានម៉ាក់យីហោល្អៗ លោកក៏បានស្នើសុំឲ្យ​រដ្ឋាភិបាល បន្ថូរបន្ថយពន្ធទៅក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនម៉ៅការសំណង់ ណាដែលសាងសង់​អាគារ​បៃតង ព្រោះនៅប្រទេសមួយចំនួន បានអនុវត្តន៍ការបន្ថូរបន្ថយនេះរួចទៅហើយ។ សម្រាប់ព័ត៍មានបន្ថែមទាក់ទងនឹងការស្ថាបនាអគារបៃតង រឹអគារប្រភេទLEED សូមទំនាក់ទំនងមកក្រុមហ៊ុន VRK Corportation តាមរយៈទូរស័ព្ទលេខ 012 726 192 / 093 726 192
អត្ថបទដោយ: Vutha