7NG គ្រោង​សង់​​ទីក្រុង​ឆ្លាតវៃ​ លើ​ផ្ទៃដី​ទំហំជិត១,០០០ហិកតា

7NG គ្រោង​សង់​​ទីក្រុង​ឆ្លាតវៃ​ លើ​ផ្ទៃដី​ទំហំជិត១,០០០ហិកតា
យោង​តាមគេហទំព័រ Fresh News គម្រោង​ទីក្រុង​ឆ្លាតវៃ​លើក​ដំបូង​បំផុត​របស់​​កម្ពុជា​គ្រោង​នឹង​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៧៧៧ហិចតា ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន 7NG។ ទីក្រុង​រណប​ដ៏​ទំនើប​​និង​​ស៊ីវិល័យ​បំផុត​​នៅ​ក្នុង​ប្រទេស និង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ នឹង​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន អ៊ីនថែលលីជិន អេន អ៊ិនណូវេសិន ស៊ីធី (អាយ-អាយ ស៊ីធី) ​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន 7NG (Cambodia) Co.,Ltd ដែល​តម្លៃ​នៃ​ការ​វិនិយោគ​ និង​កាលបរិច្ឆេទ​នៃ​ការ​ចាប់ផ្ដើម​សាងសង់​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ។ លោក​បណ្ឌិត ចិន្ដ ច័ន្ទរតនា ជា​អគ្គនាយក នៃ​​ក្រុមហ៊ុន​ អាយ-អាយ ស៊ីធី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី១៧ ខែ​ឧសភា ថា វា​​គឺ​ជា​ទីក្រុង​​ឆ្លាតវៃ​​ និង​​ច្នៃ​ប្រឌិត​ថ្មី ដែល​​មាន​​​បច្ចេកវិទ្យា​ទំនើប និង​ធម្មជាតិ​បៃតង ដែល​នឹង​​ជួយ​​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ទិសដៅ​អាស៊ាន។​​ លោក​​ ច័ន្ទរតនា មាន​ប្រសាសន៍​ថា ​ទីក្រុង​ឆ្លាតវៃ​នេះ​ នឹង​​រួម​បញ្ចូល​សំណង់​ទំនើបៗ រួមមាន៖ មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​អាស៊ីអាគ្នេយ៍ សាល​សន្និសីទ​ទំនើប​បំផុត សារមន្ទីរជាតិ​និង​អន្តរជាតិ សណ្ឋាគារផ្កាយ៥ ខុនដូ ផ្សារ​ទំនើប​ បារ​អាកាស​ កន្លែង​វាយ​កូនគោល​និង​ប្រណាំង​សេះ មជ្ឈមណ្ឌល​កីឡដ្ឋាន​គ្រប់​ប្រភេទ ឧទ្យាន​ផ្កា​លំដាប់​អន្តរជាតិ​ដែល​មាន​គ្រប់​ប្រភេទ​ផ្កា​ល្បីៗ​​នៅ​លើ​សកល​លោក ស្ទូឌីយោ​ថតកុន​ខ្នាត​អន្តរជាតិ​ដ៏​​ធំ​មហិមា អាគារ​រដ្ឋបាល​និង​សេវា​សាធារណៈ​គ្រប់​ប្រភេទ ​និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ខ្វាត់ខ្វែង ស្រប​បទដ្ឋាន​សុវត្ថិភាព​និង​សុខភាព​កម្រិត​ខ្ពស់។ លោក​បាន​បន្ថែម​ថា​ ស្ថាបត្យកម្ម​នៃ​ការ​សាងសង់​ទីក្រុង​នេះ​នឹង​រួម​​បញ្ចូល​គ្នា៧សម័យកាល៖ សម័យ​​អង្គរបុរី សម័យ​​សំបូរ​ព្រៃគុប សម័យ​អង្គរ សម័យ​លង្វែក សម័យ​ឧត្ដុង្គ សម័យ​កោះកេរ្ដិ៍ និង​សម័យ​ចតុមុខ។ គម្រោង​បង្កើត​ទីក្រុង​ឆ្លាតវៃ​នេះ ក្រោយ​ពី​មាន​ឯកសារ​ទស្សនៈ​ទាន​មួយ​របស់​សិង្ហបុរី ដែល​​ស្នើ​ឲ្យ​បង្កើត​​បណ្ដាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ី (ASCN)។ អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី២៧​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ធ្វើ​ការ​ស្នើ​ជ្រើសរើស​ទីក្រុង​ចំនួន២៦ នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ ដើម្បី​ធ្វើ​ជា​ទីក្រុង​សាកល្បង​ នៃ​គម្រោង​​បណ្ដាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន។ ក្នុង​នោះ ទីក្រុង​​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន៣៖ រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប។ ​នៅត្រឹម​ឆ្នាំ២០៣០ ក្នុង​ប្រទេស​​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា ​ប្រជាជន​រស់នៅ​​​​ក្នុង​តំបន់​ទីក្រុង​​នឹង​កើន​ឡើង​ដល់​៨លាន​នាក់​ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​កាន់​ទី​ក្រុង​ភ្នំពេញ។
អត្ថបទដោយ: Dara