រចនាបថ​ផ្ទះ​មាត់​បឹង​សម្រាប់​គ្រួសារ​ដែលមានកូន​ពីរ

រចនាបថ​ផ្ទះ​មាត់​បឹង​សម្រាប់​គ្រួសារ​ដែលមានកូន​ពីរ
នេះ​ជា​​រចនាបថ​ថ្មី​មួយ​នៃ​លំនៅឋាន ដែល​អាច​ជួយ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​បាន​យ៉ាង​ច្រើន ដែល​ត្រូវ​បាន​គូស​ប្លង់​ដោយ​ក្រុមហ៊ុន BHY Arquitectos របស់ប្រទេស​អាហ្សង់ទីន ដើម្បី​​អភិវឌ្ឍ​​គម្រោង​ថ្មី​មួយ។ ផ្ទះ​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​គ្រួសារ​កូន​ពីរ ​​ហៅថា គម្រោង Casa Lucia ស្ថិត​នៅ​លើ​តំបន់​មាត់​​ទឹក Puertos Escobar ដែល​ជា​គម្រោង​អភិវឌ្ឍន៍​នៅ​ភាគ​ខាងជើង នៃ​ទីក្រុង Buenos Airesផ្ទះ​​​​ទ្រង់ទ្រាយ​ជា​ប្រអប់​ មាន​ពីរ​ជាន់ ទូលាយ ស្ថិតនៅ​លើ​​វាលស្មៅ​ និង​មាន​ដើម​ឈើ​​តូច​ស្គម​ពីរ​បី​ដើម។ ក្រុម​ការងារ​បាន​បញ្ចូល​នូវ​យុទ្ធសាស្ត្រ​អកម្ម​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​តម្រូវការ​ម៉ាស៊ីន​ត្រជាក់ ក្នុង​រដូវ​ក្ដៅ និង​តម្រូវការ​កម្ដៅ​​ក្នុង​រដូវរងា។ យោង​តាម​ក្រុមហ៊ុន BHY Arquitectos បាន​និយាយ​ថា ជញ្ជាំង​រៀប​​ឥដ្ឋ​ពីរ​ជាន់ មាន​លាប​ថ្នាំ​ពណ៌​ស ដែល​ជួយ​ឲ្យ​​ជះ​ត្រឡប់​​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ​​ដោយ​ផ្ទាល់។ ជញ្ជាំង​បង្អួច​ស្រោប​​​កញ្ចក់​​តាំង​ពី​ក្រោម​ដល់​ពិតាន ​​ដែល​នាំ​យក​ពន្លឺ​ធម្មជាតិ​ និង​ខ្យល់​អាកាស​ចេញ​ចូល ​ព្រមទាំង​​ផ្ដល់​ជូន​នូវ​ទិដ្ឋភាព​នៃ​​ផ្ទៃ​វេហា​ដ៏​ធំ​ល្វឹងល្វើយ​ និង​ក្នុង​សភាព​ស្ងប់ស្ងាត់។ នៅ​ផ្នែក​ខាង​ក្រៅ​បង្អួច​មាន​ស៊ុម​​​អាលុយមីញ៉ូម​ខ្មៅ​ក្រឹប កុង​គ្នា​នឹង​​ពណ៌ស​ ដែល​​​ស្អាត​​ប្លែក​មួយ​បែប។ មាន​​ផ្លូវ​​មួយ​​ទៅ​​​ចំណត់​ឡាន ​និង​ទ្វារ​ខាងមុខ។ នៅ​ខាង​ក្នុង​ ក្រុមការងារ​​បាន​បង្កើត​​​ផ្នែក​នីមួយៗ​ដោយ​ឡែក​ពី​គ្នា ដើម្បី​​ធ្វើ​ឲ្យ​អគារ​ទូលាយ និង​ចំណុច​កណ្ដាល​របស់​អគារ​ម្លប់។ នៅ​​​កណ្ដាល​​ផ្ទះ​មាន​​ផ្នែក​​ចំហ​មួយ​ត្រូវ​បាន​បម្រុង​ទុក ដើម្បី​បម្រើ​ជា​បន្ទប់​ទទួល​ភ្ញៀវ​មួយ និង​កន្លែង​បរិភោគ​អាហារ ​មាន​កញ្ចក់​ជ្រុង​មួយ និង​​បែរ​ទៅ​រក​បឹង​។ លើសពី​នេះ នៅ​ជាន់​ផ្ទាល់​ដី​មាន​​ផ្ទះបាយ និង​បន្ទប់​គេង​។ ជណ្ដើរ​ពណ៌​ស​សាមញ្ញ​មួយ ដើម្បី​​ឡើង​ទៅ​ជាន់​ទី២ ដែល​ក្រុម​ការងារ​បាន​​កំណាត់​ជា ជា​បន្ទប់​​សំខាន់។  
អត្ថបទដោយ: Dara