វីរុសកូរ៉ូណាធ្វើឲ្យគម្រោងសាងសង់ធំៗនៅស្រីលង្កាត្រូវជាប់គាំង

វីរុសកូរ៉ូណាធ្វើឲ្យគម្រោងសាងសង់ធំៗនៅស្រីលង្កាត្រូវជាប់គាំង

ស្រីលង្កា៖ គម្រោងសាងសង់ធំៗ នៅក្នុងប្រទេសស្រីលង្កាកំពុងត្រូវជាប់គាំង ដោយសារ​កម្មករ​ជំនាញ​ជនជាតិចិន ត្រូវបន្ដស្នាក់​នៅក្នុងប្រទេសចិន ដើម្បីគេចពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ឬត្រូវសំងំនៅក្នុងផ្ទះក្នុងប្រទេសស្រីលង្កា ដោយសារការភ័យខ្លាចចំពោះការរើសអើង។ នេះបើតាមការចុះផ្សាយរបស់ប្រតិបត្តិព័ត៌មានធុរកិច្ចស្រីលង្កា Daily FT។

ទន្ទឹមគ្នានេះដែរកម្មករស្រីលង្កា បានបដិសេធមិនចូលធ្វើការ ដោយលើកហេតុផលថា ខ្លាចឆ្លងមេរោគកូរ៉ូណាពីមិត្តរួមការងារដែលជាជនជាតិចិន នេះបើតាមការពន្យល់របស់លោក Nissanka N. Wijeratne នាយកខុទ្ទកាល័យសំណង់ស្រីលង្កា។ លោកបញ្ជាក់ថា៖« កម្មករស្រីលង្កាពេលនេះ កំពុងស្ទាក់ស្ទើរចិត្តក្នុងការត្រឡប់ចូលធ្វើការងារវិញ ព្រោះខ្លាចឆ្លងជម្ងឺ ចំណែកកម្មករចិនកំពុងព្រួយបារម្ភអំពីការរើសអើង»។

បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងមានសកម្មភាពខ្លាំង លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្នុងប្រទេសស្រីលង្កា។​ គម្រោងលេចធ្លោជាងគេ គឺគម្រោងកសាងទីក្រុងកំពង់ផែ Colombo ដែលវិនិយោគដោយក្រុមហ៊ុនចិន China Harbour Engineering ក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាម៉េរិក។

កាលពីសប្ដាហ៍មុន តំណាងខុទ្ទកាល័យសំណង់ស្រីលង្កា បានជួបពិភាក្សាជាមួយមន្ត្រីស្ថានទូតចិន ដើម្បីឲ្យពួកគេជួយបំបាត់ភាពភ័យខ្លាច និងសម្រួលដល់កម្មករចិន ដែលទៅលេងស្រុកកំណើតកាលពីចូលឆ្នាំចិន ឲ្យត្រឡប់ចូលការដ្ឋានបំពេញការងារវិញ។ លោក Nissanka N. Wijeratne បានបញ្ជាក់ប្រាប់ភាគីចិនថា អវត្តមានរបស់កម្មករចិនពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវឌ្ឍនភាពនៃគម្រោងសាងសង់ធំៗក្នុងប្រទេសខ្លួន ដោយហេតុថាកម្មករជំនាញចិនផ្ដល់ផលិតភាពការងារខ្ពស់ បើប្រៀបធៀបនឹងកម្មករក្នុងស្រុក។

យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលស្រីលង្កា មុនពេលមានការផ្ទុះឡើងនៃមេរោគកូរ៉ូណា មានកម្មករសំណង់ជនជាតិចិនប្រមាណ ១៥.០០០ នាក់ បានបំពេញការងារនៅក្នុងប្រទេសដីកោះមួយនេះ ។ ប៉ុន្តែបើតាមទិន្នន័យក្រៅផ្លូវការ កម្មករចិនមានចំនួនច្រើនជាងនេះ ពោលគឺរហូតដល់ជិត ១០ម៉ឺននាក់ឯណោះ ហើយកម្មករទាំងនោះ ភាគច្រើនធ្វើការងារឲ្យក្រុមហ៊ុនសំណងរបស់ចិន។

សូមបញ្ជាក់ថា ស្រីលង្កាជាប្រទេសទីពីរ បន្ទាប់ពីបង់ក្លាដែស ដែលត្រូវបានសារព័ត៌មានសំណង់អន្តរជាតិរាយការណ៍ថា គម្រោងសាងសង់ធំៗរងផលប៉ះពាល់ខ្លាំង ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។ ទោះបីជាយ៉ាងណា មកទល់ពេលនេះ គេទើបរកឃើញករណីឆ្លងមេរោគកូរ៉ូណានៅក្នុងប្រទេសស្រីលង្កា តែចំនួន១ករណីប៉ុណ្ណោះ៕

អត្ថបទដោយ: Vasna