សាកលវិទ្យាល័យ​តូរ៉ុនតូ​គ្រោង​សង់​អគារ​​សិក្សា​​ឈើ​​​ខ្ពស់​បំផុត​

សាកលវិទ្យាល័យ​តូរ៉ុនតូ​គ្រោង​សង់​អគារ​​សិក្សា​​ឈើ​​​ខ្ពស់​បំផុត​
សាកល​វិទ្យាល័យ​តូរ៉ុនតូ​ នៃ​ប្រទេស​កាណាដា មាន​បំណង​សាងសង់​អគារ​សិក្សា​មួយ ដែលមាន​​​កម្ពស់១៤ជាន់​ធ្វើ​ពី​ឈើ ដែល​ត្រូវបានគេនិយាយ​ថា នឹង​ក្លាយជា​អគារ​ឈើដ៏​ប្រណីត​ខ្ពស់​បំផុត និង​ជា​អាគារ​កូនកាត់​បេតុង​នៅ​អាមេរិក​ខាងជើង។ យោង​តាម​គេហទំព័រ GCR គម្រោងនេះកំពុង​ស្ថិត​ក្នុង​ដំណាក់កាល​​គូស​ប្លង់​នៅឡើយ ហើយ​សាកល​វិទ្យាល័យ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ច្បាប់​ពី​ទីក្រុង​តូរ៉ុនរូ។ សាកលវិទ្យាល័យ​និយាយ​ថា ការ​សាងសង់​អាច​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ២០១៩។ បើ​គ្រប់​យ៉ាង​​​​ដំណើរការ​តាមការ​​​គ្រោង​ទុក​មែន​ វា​នឹង​ក្លាយជា​អគារ​​ឈើ​កូនកាត់​ខ្ពស់​បំផុត​នៅ​អាមេរិក​ខាងជើង ដែលនឹងអាចផ្ដួល​កំណត់ត្រា​​បច្ចុប្បន្ន​នៅ​ទីក្រុង Vancouver ជា​លំនៅឋាន​ឈើ​​ខ្ពស់នៅ​សាកល​វិទ្យាល័យ ​British Columbia ដែល​មាន​​ចំនួន១៨ជាន់ និង​កម្ពស់​៥៣​​ម៉ែត្រ។ ប៉ម​ឈើ​នេះ​​នឹង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​កំពូល​នៃ​មជ្ឈមណ្ឌល​ Goldring សម្រាប់​ការ​ប្រកួត​កីឡា និង​ជា​កន្លែង​​​​អង្គភាព​សិក្សា​មួយ​ចំនួន រួម​ទាំង​កម្មវិធី​គ្រប់គ្រង Rotman និង​សាលា​កិច្ចការ​សកល​ Munk។ គម្រោង​សាងសង់​នេះ​​នឹង​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​មួយ​ផ្នែក ​ដោយ​ជំនួយ​របស់​រដ្ឋាភិបាល ដែល​មាន​បំណង​លើក​កម្ពស់​អគារ​ឈើ​ដ៏​ធំ​ក្នុង​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​ឈើ​នៅ​ប្រទេស​កាណាដា។ ដំបូង​គម្រោង​សាងសង់​ដោយ​ប្រើ​ដែក ប៉ុន្តែ​ដោយសារ​មាន​ការ​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល សាកលវិទ្យាល័យ​តូរ៉ុនតូ​ ក៏​បាន​ប្ដូរ​មក​ប្រើ​ឈើ​វិញ។ ឈើ​ដែល​បាន​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​ជា​ឈើ​អ៊ុត គ្រាន់តែ​យក​មក​ផ្គុំ​ដំឡើង​ជា​ការ​ស្រេច។
អត្ថបទដោយ: Dara