អគារទីស្តីការក្រសួងរៀបចំដែនដីថ្មីយកលំនាំរចនាបថ និងស្ថាបត្យកម្មបុរាណខ្មែរ

អគារទីស្តីការក្រសួងរៀបចំដែនដីថ្មីយកលំនាំរចនាបថ និងស្ថាបត្យកម្មបុរាណខ្មែរ

ភ្នំពេញ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី បានចាប់ផ្តើមសាងសង់ឡើងហើយដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគារទីស្តីការនេះមានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតាមានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រ​ក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣ភាគរយ។

អគារថ្មីនេះនឹងមានចំណតរថយន្តប្រមាណ ៤៥០ កន្លែង និងសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០ នាក់ និង សាលសន្និបាតចំណុះ ១ ៥៨៤​ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់! ក្រសួងថា ទីស្តីការក្រសួងដនស សព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីរដនសរាជធានីវិញ៕

អត្ថបទដោយ: KHB Writer