អ្នកវិនិយោគវិស័យអចលនទ្រព្យនិយាយអ្វីខ្លះចំពោះការផ្អាកសំណង់អគារ៤២ជាន់

អ្នកវិនិយោគវិស័យអចលនទ្រព្យនិយាយអ្វីខ្លះចំពោះការផ្អាកសំណង់អគារ៤២ជាន់

អគារ Gold Tower កម្ពស់​៤២​ជាន់​បាន​ផ្អាក​ការ​សាងសង់​ជាលើកទី៣ កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៩។

ការផ្អាកការសាងសង់គឺ ដោយសារអគារកម្ពស់៤២ជាន់ ចំកណ្តាលក្រុង​ភ្នំពេញ​​មួយ​នេះ ធ្វើឱ្យមានករណីធ្លាក់ដែកយោងជណ្តើរយន្តមួយចេញពីអគារ បណ្តាល ឲ្យត្រូវចំ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 រងការខូចខាតមួយកំណាត់ក្រោយ។

អគារ Gold Tower កម្ពស់​៤២នេះ​ ត្រូវបានផ្អាកដំណើរការសាងសង ដោយសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជុំវិញការផ្អាកដំណើរការសាងអគារ Gold Tower ៤២​ជាន់ ចំកណ្តាលក្រុងភ្នំពេញ ​នៅពេល​នេះ​ ត្រូវបានអ្នកវិនិយោគ និងអ្នកនៅក្នុងវិស័យអចលនទ្រព្យបានញ្ចេញទស្សនៈខុសគ្នា និងចោទជា​សំនួរថា តើ អគារ Gold Tower កម្ពស់​៤២ ពេលណាទើបអាចសាងសង់រួចរាល់ ហើយថាតើអគារនេះអាច​ក្លាយ​​ជា​និមិត្តរូប​នៃ​អគារ​ខ្ពស់​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​បានដែរឬទេ?

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាន​និយាយ​ថា ការផ្អាក​ដំណើរសាងសង់ គឺជានិតិវិធីល្អ ព្រោះនៅពេលដែលមានបញ្ហាគ្រោះថ្នាក់ណាមួយ ទោះមិនប៉ះពាល់ ដល់អាយុជីវិតក៏ដោយ ក៏ធ្វើឱ្យខាតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនដែរ។

លោកបន្តថា រាល់ដំណើរការសាងនៅគម្រោងអគារធំ គួរតែធ្វើជាគំរូដល់ការអភិវឌ្ឍគម្រោងតូចៗ ហេតុនេះ ក្រុមហ៊ុនវិយោគអគារផ្ទាល់គួរតែគិតពីគុណភាព និងសុវត្ថិភាពសារធាណៈផងដែរ។

លោក អ៊ាវគង់ បាន​បន្ត​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​អ្វី​រឹងមាំ ណាមួយត្រួតពិនិត្យលើការ​សាងសង់ណាមួយ មានប្រសិទ្ធិភាពនៅឡើយទេ ដែលជាហេតុធ្វើឱ្យដំណើរការធានាសុវត្ថិភាពនៅ​ពេលសាងសង់នៅមានចន្លោះប្រហោង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

យ៉ាងណា លោក​បាន​ថ្លែងបន្ត​ថា​៖ «​ខ្ញុំ​ជឿ​ថា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មាន​វិធានការ​របស់​ក្រសួង ប៉ុន្តែ​ការ​ធ្វើ​បាន​ដល់​កម្រិត​ណា​នោះ​វា​អាស្រ័យ​ទៅលើ​ជំនាញ​របស់​គាត់​»

ចំណែកឯ ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត លោក គីម ហ៊ាង  បាន​ប្រាប់​ថា គេ​មិន​គួរ​ទុក​ចោល​អគារ​បែប​នេះ​នៅ​កណ្តាល​ទីក្រុង​ឡើយ។ អាជ្ងាធរពាក់ព័ន្ធ ​ត្រូវ​តែ​ដោះស្រាយ​រវាង​អ្នក​វិនិយោគ និង​គ្រប់​ភាគី​ទាំងអស់​ដើម្បី​ធ្វើឲ្យ​ការ​សាងសង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ក៏​ដូចជា​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។

លោក​បាន​បន្ត​ថា អតិថិជន​អាច​មាន​ការ​ខ្លាចរអា និង​បាត់បង់​ទំនុក​ចិត្ត ប្រសិនបើ​មាន​អគារ​ដែល​កំពុង​សាងសង់​ត្រូវ​ផ្អាក​ទុក​ចោល​បែប​នេះ ជាច្រើនលើកច្រើនសារ ដោយ​វា​មិន​ត្រឹម​តែ​ខាត​ប្រាក់​ដែល​ពួកគេ​វិនិយោគ​នោះ​ទេ ប៉ុន្តែ​ការ​ទុក​ចោល​បែប​នេះ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​គុណភាព​សំណង់​ផង​ដែរ។ ការ​ទុកចោល​បែប​នេះ​នឹង​ធ្វើឲ្យ​សំណង់​ពុកផុយ និង​ធ្វើឲ្យ​ដែកច្រែះ​ខូច​គុណភាព។

លោក​បាន​បន្ត​ថា «អគារ ហ្គោល ថោវើ កន្លងមកធ្លាប់បាន​ក្លាយ​ជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​គ្រប់​គ្នា​បាត់​ទំនុក​ចិត្ត​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រម​ទាំង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​វិនិយោគ​ម្តងជាពីរដងហើយ។  ហេតុនេះ លោកចង់ឃើញ ស្ថាប័នពាក់ព័ន្ធគួរតែចាត់វិធានចំពោះក្រុមហ៊ុន ដែលទទួលខុសត្រូវម៉ៅការសាងសងដែលធ្វើឱ្យមានគ្រោះថ្នាក់កើតឡើងមកដោះស្រាយ តែជុំវិញ​ដំណើរ​ការសាងសង់គួរតែបន្តដដែល ដើម្បីកុំឱ្យខាតបង់ពេលវេលា បាត់ទំនុកចិត្ត​ទាំងអតិថិជន ទាំងអ្នកវិយោគផ្ទាល់ ម្យ៉ាងបាត់សោភណ្ឌភាពទីក្រុងថែមទៀត»

ជុំវិញការផ្អាក់ដំណើរការនេះដែរ បើយោងតាមការបញ្ជាក់​របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់ KHB Media ថា ក្រោយកើតមានឧបទ្ទវហេតុ ធ្លាក់ដែកមកលើរថយន្តប្រជាពលរដ្ឋរួចមក កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ មន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងមន្រ្តី​ជំនាញក្រសួងដែនដី បានចុះទៅកាន់ទីតាំងកើតហេតុផ្ទាល់ ដើម្បីបញ្ជាឱ្យបិទទីតាំងសាងសង​បណ្តោះ​អាសន្នសិន។

ជាមួយគ្នានេះ មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានណែនាំ​ដល់លោក លីសាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វ៉ូ ខេបូឌា ដែលជាម្ចាស់សំណង់អគារពាណិជ្ជកម្ម Gold Tower កម្ពស់​៤២ ត្រូវរុះរើចេគកន្រ្តក់យោងសម្ភារៈ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារ​ណៈ,ភាគី​ក្រុមហ៊ុនក៏​ត្រូវរកក្រុមហ៊ុនជំនាញឯករាជ្យដទៃផ្សេងទៀត ដែលមាន​អាជ្ញា​បណ្ណ​​និងមានជំនាញវិជ្ជា​ជីវៈ​ច្បាស់លាស់ក្នុងការគិតគួរបញ្ហាសុវត្ថិភាពសំណង់ រួចវាយតម្លៃ និងកែតម្រូវ​នៅចំណុចខ្វះ​ខាតណា​មួយ ទើបអាច​ដាក់លិខិតសំណើរសុំការសាងសង់ឡើងវិញពី​ក្រសួង​ដែនដី។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការធ្លាក់ដែកចេញអគារកម្ពស់៤២ជាន់ ដែលកំពុងដំណើរការសាងសង់នេះ ពោលកន្លងទៅ ក៏មានហេតុការណ៍ធ្លាក់ដែកចំរថយន្ដ នៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតផងដែរ។

យ៉ាងណា អ្នកវិនិយោគ និងអ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យ​ រំពឹងថា អគារ Gold Tower កម្ពស់​៤២មួយនេះ នឹងត្រឡប់មកដំណើរការសាងសង់ឡើងវិញក្នុងពេលឆាប់ៗនេះ៕

 

 

អត្ថបទដោយ: Pisey