ភ្ញាក់ផ្អើលថា មានអ្នកលួចកាត់ដែកស្ពានប៉ាឡេ ក្រោយសម្ភោធមិនទាន់បានមួយថ្ងៃពេញផង

ភ្ញាក់ផ្អើលថា មានអ្នកលួចកាត់ដែកស្ពានប៉ាឡេ ក្រោយសម្ភោធមិនទាន់បានមួយថ្ងៃពេញផង
(ភ្នំពេញ)៖ បន្ទាប់ពីបានសម្ភោធដាក់ឲ្យដំណើរការនៅពេលរសៀលថ្ងៃអង្គារ ទី០៨​ ខែឧសភានេះ ស្រាប់តែយប់ឡើងមានការភ្ញាក់ផ្អើលថាមានអ្នកជិះទូកមកលួចកាត់ដែកស្ពានបាឡេជាច្រើនទូក ដែលជាហេតុធ្វើឲ្យប្រជាជន និងអាជ្ញាធរនៅតំបន់ក្បែរនោះមានការឆោរឡោទាំងកណ្តាលយប់ ជាពិសេសប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញាសង្គមហ្វេសប៊ុក។​ ប៉ុន្តែបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ​ បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រោយពីមន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាជីវកម្មវិនិយោគ​អនិកជនកម្ពុជា​ (OCIC) ដែលជាក្រុមហ៊ុនសាងសង់គម្រោងស្ពានបណ្តោះអាសន្ននេះ បានចុះទៅពិនិត្យមើលស្ពានប៉ាឡេដែលជាកន្លែងកើតហេតុគ្រប់ជ្រុងជ្រោយរួចហើយបាន បញ្ជាក់យ៉ាងច្បាស់ថា ពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងនោះទេ។ មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន បានអះអាងថា ក្រោយចុះពិនិត្យឃើញថា ពិតជាមានករណីប្រជាពលរដ្ឋជិះទូកមកយកដែកពិតមែន ក៏ប៉ុន្តែជាដែកដែលនៅសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋាន ក្នុងអំឡុងពេលសាងសង់កន្លងមកប៉ុណ្ណោះ ព្រោះការដ្ឋានកំពុងរុះរើដើម្បីសំអាតដឹកចេញ។ សូមបញ្ជាក់ថាចំពោះដែកតួស្ពានប៉ាឡេទាំងមូលគឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។ ជាចុងក្រោយមន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន ដែលសាង សង់ស្ពាននេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ហើយអះអាងថា ស្ពាននេះគឺអាចធ្វើចរាចរឆ្លងកាត់ជាធម្មតា។ គួរបញ្ជាក់ផងដែរថា ការ​ដាក់​ដំណើរ​ការ​ស្ពាន​ដែក​បាឡេ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​កាត់​តាម​ទន្លេសាប ពី​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខណ្ឌ​ប្ញស្សី​កែវ និង​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ដែល​កំពុង​ដំណើរ​ការ​ជួស​ជុល។ ស្ពាន​ដែក​បាឡេ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៥០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌ​ឫស្សី​កែវ មក​ខណ្ឌ​ជ្រោយ​ចង្វារ។ ​ការ​សាង​សង់ ស្ពាន​ដែក​នេះ ​ចំណាយ​ថវិកា ចំនួន​៩​លាន​ដុល្លារ និងប្រើពេល​សាង​សង់​៦​ខែ​ ទើបសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ៕  
អត្ថបទដោយ: Medikan