អង្គការសហប្រជាជាតិថា៖ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅកម្ពុជា រដ្ឋាភិបាលត្រូវសិក្សាឲ្យបានលម្អិតពីតម្រូវការជាក់ស្តែង

អង្គការសហប្រជាជាតិថា៖ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅកម្ពុជា រដ្ឋាភិបាលត្រូវសិក្សាឲ្យបានលម្អិតពីតម្រូវការជាក់ស្តែង

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បានផ្តល់​អនុសាសន៍ថា សម្រាប់បរិ​បទ​ កម្ពុជាពាក់ព័ន្ធនឹងការ​អភិវឌ្ឍទីក្រុង​ឆ្លាតវៃ  កម្ពុជាចាំ​បាច់​គួរតែចុះសិក្សាស្រាវ​ជ្រាវ​ពីតម្រូវការ​ពលរដ្ឋឲ្យបានច្បាស់លាស់ ព្រោះវាជា​ទុន​សំខាន់​​ឈាន​​ទៅ​ធានាដល់​ការអភិវឌ្ឍទីក្រុងឆ្លាតវៃរបស់កម្ពុជាឲ្យបាន​ជោគជ័យ។

តំណាង UN ក៏បានលើកឡើងថា ទីក្រុង​ឆ្លាត​វែ គឺជា​គំនិត​ថ្មី​មួយ​នៃ​ទីក្រុង​ដែល​ផ្តល់​ការវរីកចម្រើន​ប្រកប​ដោយ​និរន្តរភាព និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​សុខភាព​ល្អ ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ហើយ​ជួយ​កែលម្អ​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន​ទៀត​ផង​។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងវេទិកា នគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» កាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមកិច្ចសហការគ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UN)

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) លោកស្រី Pauline Tamesis បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន KHB Media ថា សម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ទីក្រុង​ប្រកប​ដោយចីរភាពទៅថ្ងៃអនាគតបាន គឺយើងត្រូវចាប់ផ្តើមជាមួយប្រជាពលរដ្ឋ​នៅក្នុងប្រទេស​ មានន័យថា ភាគីពាក់ព័ន្ធត្រូវស្តាប់មតិពលរដ្ឋ ថា តើពួកគេត្រូវការអភិវឌ្ឍន៍ទីក្រុងរបៀបម៉េច?​។

លោកស្រីថា បើភាគីពាក់ព័ន្ធយកសម្តីរបស់ពលរដ្ឋទៅពិចារណា ពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្ម នោះការអភិវឌ្ឍន៍ទីក្រុងនឹងអាចធានាបាននិរន្តភាពមិនខាន។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា៖« ភាគីពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលត្រូវចុះសិក្សាស្រាវជ្រាវពីតម្រូវការ និងសេចក្តីត្រូវការរបស់ពលរដ្ឋ នៅតាម​សហគមន៍ តាមសាលារៀន ចំណត់រថយន្ត​ និងនៅកន្លែងណាក៏​បាន ឲ្យតែធ្វើយ៉ាងណា អាចស្វែង​យល់ច្បាស់ពីចំណង់ចំណូលចិត្តពួកគាត់ជុំវិញការអភិវឌ្ឍន៍ទីក្រុង»។

លោកស្រីមានប្រសាសន៍បន្តថា៖«វាមានន័យថា ទាំងភាគីរដ្ឋា​ភិបាល និងប្រជាពលរដ្ឋត្រូវតែធ្វើការរួមគ្នា យើងមិនគួរឲ្យភាគីណា​មួយធ្វើការដាច់តែ​ឯង ហើយ​យើង​ចង់បាន​​ការអភិវឌ្ឍន៍​ទីក្រុងប្រកប​ដោយចីវភាពនិងឆ្លាតវៃបានទេ»

សូមបញ្ជាក់ដែរថា វេទិកានគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» ក៏មានការចូលរួមពីអ្នកជំនាញគោលនយោបាយខាងផ្នែកអភិវឌ្ឍន៍ទីក្រុងថ្នាក់ជាតិ និងអន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍន៍ ស្ថានទូតបរទេស ស្ថាប័នសិក្សា សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន សរុបអ្នកចូលរួមមានប្រមាណ២៥០នាក់។

នៅក្នុងវេទិការនោះ ទីក្រុង​ចំនួន​ ៣ របស់​ប្រទេស​កម្ពុជា​រួមមាន រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ (Smart City) បន្ទាប់ពី​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ទីក្រុង​ឆ្លាតវៃ ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣២ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មេសា​កន្លង​ទៅ​។

ឆ្លើយតបទៅនឹងតំណាង អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជុំវិញការការអភិវឌ្ឍទីក្រុងឆ្លាតវៃ​នោះ​ដែរ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាត់ទុកថា ការលើកឡើងនេះ  មានសារៈសំខាន់សម្រាប់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ដើម្បីទទួល​បានបទពិសោធល្អៗ ពីការអភិវឌ្ឍ ដើម្បីសម្រេចបានទិសដៅប្រែក្លាយប្រទេសខ្លួន ក្លាយជាទីក្រុងឆ្លាតវៃ និងមាននិរន្តភាព។

យ៉ាងណាលោកថា សម្រាប់កម្ពុជា រដ្ឋាភិបាលបានខិតខំរៀបចំនូវបទដ្ឋាន​គតិយុត្ត​សមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែង ដើម្បីធានា​ដល់ការ​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ៕

អត្ថបទដោយ: Pisey